ប្រជាពលរដ្ឋបោះសំរាមចូលក្នុងព្រែកតាគង់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ កណ្តាល ដោយពួកគាត់អះអាងថា មិនមានកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ ហើយពួកគាត់ក៏ស្នើអាជ្ញាធរជួយដោះស្រាយបញ្ហានេះ។
ប្រជាពលរដ្ឋដែលចោលសំរាមនៅក្នុងព្រែកនេះថ្លែងថា ពួកគាត់ដឹងពីផលប៉ះពាល់ដូចជា មានក្លិនស្អុយ កើតជំងឺរមាស់ ទឹកប្រើលែងកើត លែងមានត្រី ថង់ប្លាស្ទិចគ្រប់លើដីដាំដំណាំជាដើម។ ប៉ុន្តែពួកគាត់ថា មិនមានជម្រើសផ្សេងទេព្រោះគ្មានកន្លែងចោលសំរាម។
អ្នកលក់កាហ្វេនៅក្បែរស្ពានព្រែកតាគង់លោក ស៊ិន ថា ថ្លែងថា ប្រជាពលរដ្ឋនៅក្បែរស្ពានធំក្លិនស្អុយ ហើយពិបាកសម្រាប់អ្នកធ្វើដំណើរតាមទូក។
លោក ស៊ិន ថា «វាធំក្លិន ហើយប្រជាពលរដ្ឋគាត់ធ្វើស្រែចំការណឹង អាស្បោងអីណឹងឱ្យតែហូរចូលដីគាត់ណឹងចប់ហើយ។ វាស្ទះផ្លូវចេញចូលទូកប្រជាជន បើប្រជាជនត្រូវចេញរកស៊ីត្រូវកាយសំរាមណឹង ពីរទៅបីថ្ងៃបានចេញ។ ផ្លូវទឹកណឹងនៅប្រើទូកចេញចូលរហូត»។
លោក ស៊ិន ថា ថ្លែងថា សម្រាប់រូបគាត់ និងអ្នកភូមិនៅទីនោះចង់ឱ្យអាជ្ញាធររៀបចំឱ្យមានរថយន្តដឹកសំរាមហើយពួកគាត់ស្ម័គ្រចិត្តបង់លុយសេវានោះ។
លោក ស៊ិន ថា៖«ចង់ឱ្យមានឡានដឹកមក ២ថ្ងៃមកម្តងក៏បានដែរ។ យើងចងថង់ខ្មៅឱ្យស្អាត ហើយបោះឡើងឡានទៅ។ យើងអាចនិយាយថ្លៃគ្នាទៅថា យកប៉ុន្មានអីប៉ុន្មាន»។
ពលរដ្ឋម្នាក់ទៀត លោក ពេជ្រ សារិន ថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយសំរាមចេះតែកើនឡើង។ លោកថា បញ្ហាសំរាមនេះប៉ះពាល់ច្រើនដល់អ្នករស់នៅក្បែរនោះ។
លោក ពេជ្រ សារិន៖«នាំឱ្យស្អុយ នាំឱ្យខូចបរិស្ថាននៅជុំវិញហ្នឹង ប៉ះពាល់ដល់ក្មេងៗកើតជំងឺរមាស់ សំបូរមូសទៀត ទឹកស្អុយចឹង»។

មេឃុំសំពៅពូនលោក អ៊ុក ស្រ៊ន ថ្លែងថា អាជ្ញាធរបានដឹងពីបញ្ហានេះហើយកំពុងតែរៀបចំឱ្យមានដំណោះស្រាយឱ្យបានឆាប់ដោយរៀបឱ្យមានរថយន្តដឹកសំរាម និង មានកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ។លោកបន្តថា អាជ្ញាធរក៏អប់រំឱ្យពលរដ្ឋចេះរៀបចំសំរាមឱ្យត្រឹមត្រូវនៅពេលមានរថយន្តដឹកជញ្ជូន។
លោក អ៊ុក ស្រ៊ន៖«គិតថាឱ្យតែគាត់ច្រកឱ្យសិន ដាក់នៅទីតាំងណាកន្លែងណាសិនទៅ។ ចំណែកថ្លៃថ្នូរអីចាំយើងអន្តរាគមន៍ជាមួយអ្នកប្រមូលសំរាមហ្នឹង»។
បើតាមលោក អ៊ុក ស្រ៊ន ឱ្យដឹងថា អាជ្ញាធរក៏ធ្លាប់រៀបចំឱ្យមានរថយន្តដឹក និងកន្លែងដុតសំរាមដែរ ប៉ុន្តែបញ្ហាកន្លែងនោះត្រូវទឹកលិចនៅខែវស្សាក៏ផ្អាកវិញទៅ។
តាមប្រជាពលរដ្ឋនៅទីនោះអះអាងថា រយៈពេលប្រមាណ៥ឆ្នាំហើយ ដែលពលរដ្ឋមិនមានកន្លែងចោលសំរាមហើយ នាំគ្នាយកទៅចោលក្នុងព្រែកតាគង់នេះ។ នៅក្បែរនោះមានផ្សារមួយឈ្មោះផ្សារកោះទាវ អ្នកលក់ដូរនៅក្នុងផ្សារនោះក៏យកសំរាមបោះចូលក្នុងព្រែកនេះដែរ៕
អត្ថបទដោយ ប៉ា តុងចិន