ពលរដ្ឋស្នើអាជ្ញាធរចាត់វិធានការលើអ្នកបោះសំរាមនៅក្បែរស្ពានព្រះមុនីវង្ស

ទឹកស្អុយ និងសំរាមនៅច្រាំងទន្លែងក្បែរគល់ស្ពានព្រះមុនីវង្ស នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០។ រូប ដោយ ប៉ា តុងចិន

ពលរដ្ឋសង្កាត់ច្បារអំពៅទី១អំពាវនាវឲ្យអាជ្ញាធរមានចំណាត់ការលើអ្នកដែលបោះសំរាម និងបង្ហូរកាកសំណល់ទឹកទន្លេ និង ទីតាំងនៅក្បែរៗគល់ស្ពានព្រះមុនីវង្ស។​​

ប្រជាពលរដ្ឋមួយចំនូនក្នុងភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បាអំពៅសំណូមពរឲ្យអាជ្ញាធរចាត់វិធានការលើអ្នកដែលបោះសំរាមគ្មានសណ្តាប់ធ្នាប់នៅគល់ស្ពានព្រះមុនីវង្សប៉ែកខាងកើតដែលបង្កឲ្យមានក្លិនស្អុយ និងប៉ះពាល់ដល់សុខភាព។

ប្រជាពលរដ្ឋរស់នៅភូមិខាងលើ លោក រាជ្យ ឆក បានលើកឡើងថា សំរាមទាំងនេះភាគច្រើនពលរដ្ឋនៅក្បែរៗនោះជាអ្នកចោល។​ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់រៀបចំកន្លែងដាក់សំរាមឲ្យបានត្រឹមត្រូវ និងចាត់វិធានការតាមច្បាប់ដល់អ្នកដែលបោះសម្រាមដោយមិនមានរបៀបរៀបរយ។

លោកថា៖« សំណូមពរឲ្យគាត់(អាជ្ញាធរ)ដាក់ធុងសំរាមដើម្បីកុំឲ្យគេបោះចោលតាពៀសពេញនឹងចឹងទៀត ហើយពិន័យជាទឹកប្រាក់ហ្មងដើម្បីឲ្យពួកគាត់រៀងព្រោះពួកគាត់បោះចោលរហូត  »។

លោកបន្តថា សំរាមដែលគេបោះចោលនោះគឺមានស្ទើរគ្រប់សព្វដែលធ្វើឲ្យមានបង្ករជាដង្កូវ ព្រមទាំងមានក្លិនស្អុយភាយមកតាមខ្យល់ ជាពិសេសពេលមានភ្លៀងធ្លាក់។ លោកបន្តទៀតថា ដោយសារតែមានក្លិនមិនល្អ និងមានសម្រាមច្រើនដូច្នេះបានធ្វើឲ្យក្មេងៗនៅក្នុងភូមិឈឺជាញឹកញាប់។

លោកបន្ថែមថា៖«  យើងនៅក្រោមហើយសំរាមវានៅលើ ដល់ពេលខែភ្លៀងវាហូរមកហ្មងសុទ្ធតែដង្កូវសុទ្ធតែអីសំរាមហ្នឹង។​ ដល់ពេលចឹងក្មេងៗវាចេះតែឈឺ វាស្អុយវាបាកដកដង្ហើម »

ចំណែកឯពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី អុល លីនី អាជីវករលក់ភេសជ្ជៈនៅក្បែរនោះបានឲ្យដឹងផងដែរថា ភាគច្រើនអ្នកដែលចោលសំរាមគឺចោលនៅពេលយប់ ហើយពេលខ្លះអ្នកស្រី និងអ្នកភូមិផ្សេងទៀតក៏ធ្លាប់ប្រាប់ និងណែនាំទៅអ្នកបោះផងដែរ តែពេលខ្លះបែរជាត្រូវគេជេរស្តីទៅវិញ ដូច្នេះអ្នកស្រីថាមានតែបណ្តោយតាមទៅតាមដំណើរ។

អ្នកស្រីថា៖«​ យើងហាមគេដែរ​តែ យើងប្រាប់គេថាមានផ្លូវច្រកទៅលើចឹងឲ្យយកទៅបោះចោលក្នុងធុងសម្ទៅ តអ្នកខ្លះគេអត់ស្តាប់យើងគេនៅតែយកមកបោះនៅក្រោយ(គល់ស្ពាន)ដដែលហ្នឹង អញ្ចឹងយើងហាមគេអត់ឈ្នះមានតែតាមដំណើរ »។

អ្នកស្រីបន្ថែមថា មានសំរាមជាច្រើនដែលសើមជាពិសេសកាកសំណល់ត្រី បានបង្ករជាក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់បរិស្ថានក្បែរនោះ។

ជាមួយបញ្ហានេះដែរចៅសង្កាត់ច្បារអំពៅទី២ លោក យ៉ិន វុធ បានឲ្យដឹងថាប្រជាពលរដ្ឋមួយចំនួននៅតែបន្តបោះសំរាមចោលនៅម្តុំគល់ស្ពានច្បារអំពៅដដែល ទោះបីជាលោកធ្លាប់ណែនាំប្រាប់ពីផលប៉ះពាល់យ៉ាងណាក្តី។

លោកបញ្ជាកថា៖« បើគេយកទៅចាក់ ហើយហាមគេអត់ស្តាប់ឲ្យខ្ញុំធ្វើយ៉ាងមិចឥឡូវនឹង។ ដាក់ផ្លាកមិចក៏គេនៅតែមកបោះដែរ អាជ្ញាធរចាំតែធ្វើ(សម្អាត)ឲ្យប្រជាពលរដ្ឋ ប្រជាពលរដ្ឋគាត់មិនគិតគូរអីដល់យើងទេ។ អ្នកដែលគេមិនគិតគូររឿងបរិស្ថាននៅតែមិនគិត ប្រជាពលរដ្ឋដែលគាត់គោរពគាត់ស្រលាញ់បរិស្ថានគាត់នៅតែជួយសម្អាតយើង »។​

លោកបន្តថា សម្រាប់វិធានការការពារការបោះកាកសំណល់ចោលនៅតែអនុវត្តន៍ ប៉ុន្តែពេលអាជ្ញាធរចុះចាំឃ្លាំមើល មិនមានអ្នកបោះសំរាមហើយដល់ពេលដែលពួកគាត់ត្រឡប់ទៅវិញសំរាមនៅតែមានបន្តជាបន្តបន្ទាប់ជាពិសេសពេលយប់។

លោកថា ៖« វិធានការនៅតែមានចឹង ក៏ប៉ុន្តែពេលយើងនៅគេមិនបោះដល់ពេលយើងចេញផុតគេបោះពេលយើងទៅដាក់កម្លាំង(អាជ្ញាធរ)ចាំទៅគេអត់មក ដល់ពេលដកកម្លាំងគេមក ជួនកាលនៅមួយថ្ងៃទល់ល្ងាចគេអត់មក។​

លោក យ៉ិន វុធ បញ្ជាក់ថាលោកធ្លាប់បានណែនាំប្រជាពលរដ្ឋឲ្យចេះថែរក្សាបរិស្ថានតាមរយៈកិច្ចប្រជុំជាវេទិកាសាធារណៈដើម្បីប្រកាសឲ្យពួកគេសម្អាតបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវទាំងអស់គ្នា ប៉ុន្តែពលរដ្ឋមួយចំនួននៅតែមិនកែទម្លាប់នៃការបោះនោះសោះ។

យោង​តាម​ការ​ផ្សព្វផ្សាយ​តាមរយៈ​វេបសាយ​របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២៧​ ខែកញ្ញាកន្លងទៅបញ្ជាក់ថា​ បរិមាណសម្រាម សំណល់ ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសម្រាមដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥% ជាសម្រាមសើម ២០% ជាថង់ប្លាស្ទិចក និងជាង១០% ជាសំណល់រឹង៕​

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ