ពលករ​​កម្ពុជា​៣១​នាក់​​ត្រូវ​​បាន​​ដាក់​​ឱ្យ​​ធ្វើ​​ចត្តា​ឡីស័​ក​ពិ​សេស​​ក្រោយ​​មាន​​អាកា​រ​​ដែល​​សង្ស័យ​​ថា​​អាច​​ឆ្លង​​កូ​វីដ​១៩​​

ពលករចំណាកស្រុកកម្ពុជាវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់)

អាជ្ញាធរ​ខេត្តឧត្ដរមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពលករ​កម្ពុជា៣១នាក់​ក្នុងចំណោម​ពលករ​កម្ពុជា​ជិត២០០នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័​កចំនួន២នៅក្នុង​ខេត្ត​នេះ​នៅ​ថ្ងៃនេះ បន្ទាប់ពី​ពួក​គេ​បង្ហាញ​អាកា​រ​មួយចំនួនដែល​ត្រូវ​បាន​សង្ស័យ​ថា ​អាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា ក្រោយពី​ពួក​គេ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មកដល់​កម្ពុជា។

អភិបាលរងខេត្ត​ឧត្ដរមានជ័យ លោក លឹម សុខ​តូ បាន​ប្រាប់​វី​អូ​ឌី​ថា ពលករនិង​ពលរដ្ឋ​កម្ពុជា១៧៦នាក់បាន​វិលត្រឡប់​មក​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​នៅ​ថ្ងៃនេះ ដែល​ចំនួន​នេះ​ច្រើនជាង​ចំនួន​ពលករ​កម្ពុជា១៤៨នាក់ដែល​បាន​វិលត្រឡប់​មកវិញ​តាម​ច្រក​អូរ​ស្មាច់ និង​ច្រកព្រំដែន​អន្តរជាតិ​ជាំ​ កាលពី​ថ្ងៃម្សិលមិញ​នេះ។

លោក សុខ​តូ បានឱ្យ​ដឹង​ថា ពលករ​ចំណាកស្រុក​កម្ពុជា៣១នាក់​ក្នុងចំណោម​នោះ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​មន្ត្រី​សុខាភិបាល ហើយ​បញ្ជូន​ទៅ​ដាក់​ដាច់ដោយឡែកឬធ្វើ​ចត្តាឡីស័​កនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តនិង​ផ្ទះសំណាក់​មួយ​កន្លែងនៅ​ខេត្ត​នេះ បន្ទាប់ពី​ពួក​គេ​មាន​អាកា​រ​មួយចំនួន ដែល​ស្ថិត​ក្នុង​ការសង្ស័យ​ថា អាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា។

អភិបាលរងខេត្ត លោក លឹម សុខ​តូ បាន​ប្រាប់​ថា ពលករ​ដទៃទៀតត្រូវ​បាន​បញ្ជូន​ទៅ​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​នៅ​តាម​មណ្ឌល​ចត្តាឡីស័​កស្ថិតនៅ​ក្នុង​បរិវេណ​វិទ្យាល័យ ​តេជោ​សំរោង។

បើតាមលោក សុខ​តូ ព័ត៌មាន​លម្អិត​នៃ​ពលករ​កម្ពុជា​ទាំងនោះ និង​មូលហេតុ​នៃ​ការ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​របស់​ពួក​គេ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ប្រចាំ​ច្រក​អូរ​ស្មាច់ សួរនាំនិង​កត់ត្រា​ទុក ក្នុង​នោះ​មាន​ទាំង​ព័ត៌មាន​ពី​ខេត្ត​ក្នុង​ប្រទេស​ថៃ​ដែល​ពលករ​ទាំងនោះ​វិលត្រឡប់​មក។

ពលករ​កម្ពុជា​ក្នុង​ចំនួន​ច្រើនបាន​វិលត្រឡប់​មក​កម្ពុជា​តាម​ច្រក​អូរ​ស្មាច់​នេះ តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​ថៃបាន​រាយការណ៍​ពី​ការ​រក​ឃើញ​មនុស្ស​ដល់ទៅ៥០០នាក់បាន​ឆ្លង​ជំងឺ​កូ​វីដ១៩កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លងមក​នេះ ដែល​ជា​ការ​រក​ឃើញ​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ​នៅ​ប្រទេសជិតខាង​កម្ពុជា​មួយ​នេះ។

ប៉ុន្តែអាជ្ញាធរ​ខេត្តឧត្ដរមានជ័យ ប្រាប់​ថា ការសាកសួរ​ពលករ​កម្ពុជា​ទាំងនោះ រក​ឃើញថា ពួក​គេ​បាន​វិលត្រឡប់​មក​ប្រទេសកំណើត​វិញ មិនមែន​ដោយសារ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ១៩ទេ។

លោក លឹម សុខ​តូ ប្រាប់​ថា៖ «ភាគច្រើន​គាត់​ឆ្លើយ​ថា អត់​ការងារ​ធ្វើ ហើយ​គេ​បិទ​ការងារ ​ក៏ដូចជា​បិទ​រោងចក្រ​អញ្ចឹង​ទៅ ក៏​ធ្វើ​ឱ្យ​ពួក​គាត់​ធ្វើដំណើរ​វិលត្រឡប់​មក​ប្រទេស​វិញ។ អញ្ចឹង បាន​ករណីនេះ យើង​ឃើញ​គាត់​ធ្វើដំណើរ​តាំងពី​ខែមេសា​មក​ជាបន្តបន្ទាប់ មិនមែន​ថា ទាល់តែ​ផ្ទុះ​កូ​វីដ១៩នេះ បាន​គាត់​មក​ទេ»។

លោក សុខ​តូ បន្ត​ថា៖ «ហើយ​តាម​ការ​សួរ​ពលករ​មួយចំនួន​ទៀត គឺ​គាត់​មក​ហ្នឹង​ដើម្បី​មក​ដក​ដំឡូង​នៅ​ស្រុក មក​ច្រូតស្រូវ ហើយ​អ្នកខ្លះ​ក៏​មាន​បញ្ហា​គ្រួសារ ដើម្បី​មក​ជួប​គ្រួសារ»។

បើ​តាម​លោក សុខ​តូ អាជ្ញាធរ​ខេត្តឧត្ដរមានជ័យ ត្រៀមខ្លួន​សម្រាប់​ទទួល​ពលករ​ទាំងនោះ ដោយ​បាន​រៀបចំ​ទីតាំង​សាលារៀន​ចំនួន៣នៅក្នុង​ខេត្ត​នេះ ធ្វើជា​មណ្ឌល​ចត្តាឡីស័​ក បញ្ជូន​មន្ត្រី​សុខាភិបាល​ទៅ​ត្រួតពិនិត្យ​អាកា​រពលករ​ចំណាកស្រុក​នៅ​ច្រកព្រំដែន និង​ដាក់​ពង្រាយ​កម្លាំង​កងទ័ព​ជាមួយ​រថយន្ត១៥គ្រឿងសម្រាប់​ដឹកជញ្ជូន​ពលករ​ទៅកាន់​ខេត្ត​កំណើត​របស់​ពួក​គេ។

ចំណែក​ប្រធាន​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក អ៊ី ចម្រើន បានឱ្យ​ដឹង​ថា មិន​មាន​ពលករ​កម្ពុជា​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​ដោយឆ្លងកាត់​តាម​ច្រក​របស់​លោក​នោះ​ឡើយ​នៅ​ថ្ងៃនេះ ប៉ុន្តែមានតែ​ពលរដ្ឋ​កម្ពុជា៤នាក់ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់មកវិញ​តាម​ច្រក​មួយ​នេះ ដោយសារ​ការ​ឆ្លងដែន​ខុសច្បាប់។

អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ លោក កែ វណ្ណ​ថន បានឱ្យ​ដឹង​ថា ពលករ​កម្ពុជា​វិលត្រឡប់​មក​កម្ពុជា​វិញ​រយៈពេល២ថ្ងៃ​ចុងក្រោយ​នេះ មាន​ចំនួន​ធម្មតា​ដូច​រាល់ដង ប៉ុន្តែលោក​ប្រាប់​ឱ្យ​រង់ចាំ​លទ្ធផល​នៃ​ការ​បូកសរុប​សិន។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​រូប​នេះអះអាង​ថា អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន៣ចំណុច ក្នុង​នោះរួម​មាន កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ត្រួតពិនិត្យ​អ្នកដំណើរ​ចូល​មក​កម្ពុជា រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ការ​ត្រួតពិនិត្យ​នៅ​តាម​ច្រករបៀង​នានា ដើម្បី​ទប់ស្កាត់​ពលករ​កម្ពុជា​ឆ្លង​ចូល​មក​ដោយ​មិនបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​អនាម័យ​ក្នុងចំណោម​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ផ្ទាល់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ