វិភាគ​៖​ តំណែង​​ជា​​អម្រែក​និង​​តំណែង​​ជា​​លាភ​សក្ការៈ​

ពលរដ្ឋនៅស្រុកស្រែអំបិលខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឡើងមកតវ៉ានៅក្រសួងដែនដីនៅទីក្រុងភ្នំពេញ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

​នៅក្នុង​តួនាទី​មុខតំណែង​ មិនថានៅក្នុង​ស្ថាប័នរដ្ឋឬក្រុមហ៊ុន​ឯកជន​នោះ​ទេ គឺ​តែងតែមាន​ការ​ចែង​ពី​សិទ្ធិនិង​តួនាទី​ទទួលខុសត្រូវ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​និង​ធ្វើ​យ៉ាងណា​ឱ្យ​កិច្ចការ​ងារ​នោះ​មាន​ភាព​រីកចម្រើន។ 

ជាទូទៅ​នៅពេល​ដែល​មាន​អ្នកណា​ម្នាក់​ទទួល​បាន​តំណែង​ឬតួនាទី​ថ្មី ពិសេស​តំណែង​ដែល​ធំជាង​មុនឬមានការ​ទទួលខុសត្រូវ​ច្រើនជាង​មុន តែងតែមាន​ការរៀបចំ​ពិធីជប់លៀង ឬធ្វើជា​សារ​ជូនពរ និង​មានការ​ជូន​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ។ 

នៅក្នុង​សម័យ​ទំនើប​នេះ ការ​ជូនពរ​ចំពោះ​អ្នកមាន​មុខតំណែង​ថ្មី​ ក៏​គេ​ធ្វើឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ទាំង​ទូ​រទស្ស​ន៍ វិទ្យុ ទំព័រ​កាសែត ឬជូនពរ​តាម​ហ្វេសប៊ុក​ទៀតផង។ អ្នកទទួល​បាន​តំណែង​ខ្ពស់​គួរសម​នោះ ​ទទួល​បានការ​ជូនពរ​ជា​សាធារណៈរាប់​សប្តាហ៍​ឬរាប់​ខែ​ក៏​មាន​ គឺ​ការ​ជូន​ពរធ្វើឡើង​ជាបន្តបន្ទាប់។ 

ចំពោះ​មន្ត្រី​រដ្ឋ​ សិទ្ធិនិង​កាតព្វកិច្ចមាន​ចែង​នៅក្នុង​ច្បាប់ សេចក្តី​ប្រកាស ឬសេចក្តី​សម្រេច​ផ្សេង​ៗ ចំណែក​ឯនៅក្នុង​ក្រុមហ៊ុន​ឯកជនឬស្ថាប័ន​សង្គម​ស៊ីវិល សិទ្ធិនិង​កាតព្វកិច្ច​មាន​ចែង​នៅក្នុង​កិច្ចសន្យា​ការងារឬគោល​កា​រណ៍​ផ្សេង​ៗរបស់​ស្ថាប័ន​ទាំងនោះ។

តំណែង​ បើ​យើង​គិត​ពី​ចំណុច​ផលប្រយោជន៍ ​រួម​ទាំង​ប្រាក់ខែឬអត្ថ​ប្រយោជន៍​ផ្សេង​ៗទាំង​ស្របច្បាប់​ឬមិន​ស្របច្បាប់​ គឺ​វា​ប្រៀប​បាន​ដូចជា​លាភសក្ការៈឬជា​កាដូ ដែល​បុគ្គល​នោះឬក្រុម​គ្រួសារ​នោះ​ទទួល​បាន។

ប៉ុន្តែ​បើ​យើង​ពិនិត្យ​លើ​កាតព្វកិច្ចឬការទទួលខុសត្រូវ ​ថាធ្វើ​យ៉ាងណាឬត្រូវ​បំពេញការងារ​ណាខ្លះ​ដើម្បី​សម្រេច​គោលដៅ​ឱ្យ​ត្រូវជា​មួយ​តួនាទី​ដែល​ខ្លួន​បាន​កាន់​នោះ ​គឺ​វា​ប្រៀបធៀប​ដូចជាអម្រែកដែល​ត្រូវ​រែក​ពុន ដែល​បុគ្គល​នោះ​ស្ម័គ្រចិត្ត​ជួយសង្គ្រោះ​ឬជួយ​ដោះស្រាយ។

ចំពោះ​អ្នក​ដែល​គិតថាតំណែង​ជា​លាភសក្ការៈ​ គឺ​ក្រៅពី​ទទួល​បាន​ប្រា​ក់ឧប​ត្ថ​ម្ភ​ប្រចាំខែ អាច​មានឱកាស​យក​តំណែង​នោះ​ទៅ​ពង្រីក​មុខរបរ​ផ្សេងទៀត ដែល​ពេលខ្លះ​គ្រាន់តែ​មាន​ទំនាស់​ផលប្រយោជន៍ ហើយ​ពេលខ្លះ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ​តែម្តង។ តំណែង​ជា​លាភ​ ហើយក៏​ជា​ឱកាស​ដែល​ជ្រើសរើស​មន្ត្រី​ឬបុគ្គលិក​បន្ថែម​តាមរយៈ​ខ្សែ​បណ្តាញ សមាជិក​គ្រួសារ​ខ្លួន ដើម្បី​ចូលរួម​ទទួល​បានលាភ​សក្ការៈ​ដូចគ្នា​ដែរ។

នៅក្នុង​ពិធី​ចូលកាន់​តំណែង​របស់​អភិបាល​ថ្មី​នៃ​ខេត្ត​ប៉ៃលិន ​នៅ​ថ្ងៃទី២១ ខែធ្នូ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រំឭក​ដល់​អភិបាលខេត្ត​ថ្មី ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ឱ្យ​ខិតខំ​បំពេញការងារ​ទៅតាម​តួ​នាទី ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ជាតិ ក៏ដូចជាដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​​ម្ចាស់​ឆ្នោត។

នៅ​សហរដ្ឋអាមេរិក​ នៅពេល​ដែល​លទ្ធផល​នៃ​ការបោះឆ្នោត​បង្ហាញថា លោក ចូ បៃ​ដិន ទទួល​បាន​ជ័យជម្នះ​ ហើយនឹង​ក្លាយជា​ប្រធានាធិបតី​ទី៤៦នោះ លោក បារ៉ា​ក់​ អូ​បា​ម៉ា​ ជា​ប្រធានាធិបតី​ទី៤៤ ថ្លែង​ជូនពរ ហើយ​ទន្ទឹម​នឹង​នោះ ​លោក​ក៏​បា​នរំឭក​ពី​បញ្ហា​មួយចំនួន​ដែល​លោក ចូ បៃ​ដិន ត្រូវ​ប្រឈមមុខ។

លោក បា​រ៉ា​ក់ អូ​បា​ម៉ា៖ «នៅពេល​ដែល​គាត់​ធ្វើដំណើរ​ចូល​សេតវិមាន​នៅក្នុង​ខែមករា គាត់​នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​ជាច្រើន​ដែល​ប្រធានាធិបតី​មុន​មិនធ្លាប់​ជួបប្រទះ ​គឺបញ្ហា​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ ការ​មិន​មាន​តុល្យភាព​នៃ​សេដ្ឋកិច្ច បញ្ហា​ប្រព័ន្ធ​យុត្តិធម៌ បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និងការប្រែប្រួល​អាកាសធាតុ​ដែល​គួរ​ឱ្យ​ភ័យខ្លាច»។

ចំពោះ​អ្នក​ដែល​មើលឃើញ​ថា តំណែង​ជា​លាភសក្ការៈ​ គឺ​ខិតខំ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​តំណែង​ខ្ពស់ ទោះជា​មធ្យោបាយ​នោះ​ខុសច្បាប់​ក៏ដោយ ​រួម​ទាំង​ការ​សូកប៉ាន់ ឬទាក់ទង​តាម​ខ្សែ​បណ្តាញ។ អ្នកមើល​ឃើញថាតំណែង​ជា​លាភសក្ការៈ ​គឺ​ផ្តោត​ទៅលើ​លាភ​ហើយ មិនសូវ​ផ្តោត​លើ​កាតព្វកិច្ច និងបញ្ហា​ដែល​កំពុងតែ​កើតមាន​ឬកើតឡើង​កាន់តែ​ធំ​នៅក្នុង​ទីតាំង​ដែល​ខ្លួន​បាន​គ្រប់គ្រង​នោះ​ទេ។

នៅដើម​ឆ្នាំ២០២០នេះ ថ្លែង​ពាក់ព័ន្ធ​ការសម្រេច​ចិត្ត​តែងតាំង​លោក គង់ សោភ័ណ្ឌ ជា​អភិបាលខេត្ត​កណ្តាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ពី​បញ្ហា​ស្មុគស្មាញ​ដែល​មន្ត្រី​មិន​មាន​សមត្ថភាព តែ​ប្រឹងប្រែង​រត់ការ​រក​តំណែង​និង​តួនាទី។ លោក​ហៅ​មន្ត្រី​ដែល​រត់រក​តួនាទី​ហើយ​មិន​ខំធ្វើការ​ងារ​ ថាជាម​ន្ត្រី «ឡេមឡឺម»

លោក ហ៊ុន សែន៖ «មន្ត្រី​ឡេមឡឺម តែងតែ​រត់​ទៅ​កៀក​កន្លែងណា​ដែល​មាន​សិទ្ធិ​តែងតាំង។ អាហ្នឹង មន្ត្រី​ឡេមឡឺម បើ​អ៊ីចឹង​កុំឱ្យ​មាន​មន្ត្រី​ឡេមឡឺម រត់​ទៅ​កៀក​អ្នកនេះ រត់​ទៅ​កៀក​អ្នកនោះ វិធី​តែមួយគត់គឺ​ប្រធាន​ក្រុមប្រឹក្សា​និង​អភិបាល​ត្រូវ​នៅជា​មួយ​គ្នា​ក្នុង​ការតែងតាំង»។

កាលពី​ខែមេសា ឆ្នាំ២០១៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​មន្ត្រី​ដែល​មិន​បំពេញការងារ​តាមច្បាប់​ហើយ​ទុក​បញ្ហា​នានា​ឱ្យ​លោក​ដោះស្រាយ។

ចំពោះ​ការពិនិត្យ​មើល​ការ​បំពេញ​កាតព្វកិច្ច​របស់​មន្ត្រី​ ក្រៅពី​ថ្នាក់ដឹកនាំ ក៏​មាន​ប្រជាពលរដ្ឋ ពិសេស​អ្នករងគ្រោះ ឬស្ថាប័ន​ដែល​ឃ្លាំមើល។

ដូចជាករណី​របាយការណ៍​បង្ហាញ​ពី​ចំណុចខ្សោយ​ឬកំហុស​របស់​មន្ត្រី​ពាក់ព័ន្ធ​នាំ​ឱ្យ​បាត់បង់​ព្រៃឈើ ឬមានការ​ចោទប្រកាន់​ថា មន្ត្រី​ផ្នែក​កសិកម្ម​មិន​មាន​សមត្ថភាព​ នាំ​ឱ្យ​កម្ពុជា​បន្ត​ទិញ​បន្លែ​ពី​ប្រទេស​ដទៃ ​ហើយ​កសិករ​នៅតែ​ជួប​ការ​លំបាក ឬមន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿងញៀន​មិន​មាន​សមត្ថភាព​ទើប​ឱ្យ​មាន​បញ្ហា​គ្រឿងញៀន​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស ​ជាដើម។

ជុំ​វិ​ញបញ្ហាការ​ជជែក​លើ​ការ​បំពេញភារកិច្ច​នេះ មាន​បុរស​ម្នាក់​លើកឡើង​ពី​ការ​ចិញ្ចឹម​ឪម៉ាល់ ទុក​ឱ្យ​ទិចមន្ត្រី​ក្រសួង​កសិកម្ម​ ព្រោះ​ទទួល​ប្រាក់ខែ​ តែ​មិន​ធ្វើ​កិច្ចការ​ដោះស្រាយ​បញ្ហា​ឱ្យ​កសិករ។ ប៉ុន្តែ​ករណីនេះ ត្រូវ​បាន​ក្រសួង​ប្រតិកម្ម​តប​ដោយ​ស្នើ​ឱ្យ​មាន​ចំណាត់ការ​លើ​ការ​លើកឡើង​នោះ ហើយ​ថា មន្ត្រី​ក្រសួង​កសិកម្ម​ប្រឹងប្រែង​ធ្វើការងារ​ដោយ​មិន​ខ្លាច​នឿយហត់ មិនមែន​ទទួល​ប្រាក់ខែ​ហើយ​នៅ​ស្ងៀម​ដូច​ការចោទប្រកាន់​នោះ​ទេ។

ចំពោះ​ការ​ចោទ​ថា មន្ត្រី​ពាក់​សក្តិ​ឬពាក់​ផ្តាយ​ជា​អ្នកធំ​ មាន​ច្រើន​រាប់មិនអស់ ហើយ​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នោះ លោក ស ខេង ទទួលស្គាល់​ថា គ្រឿងញៀន​កំពុងតែ​រាលដាល​ខ្លាំង​បង្ក​គ្រោះ​ថ្នាក់ដល់​សន្តិសុខ​សង្គម ប៉ុន្តែ​លោក​ថា មន្ត្រី​ក៏​ប្រឹងប្រែង​ដោះស្រាយ​ណាស់​ដែរ។

នៅក្នុង​ពិធី​ចូលកាន់​តំណែង​អភិបាលខេត្ត​ប៉ៃលិន ​នៅ​ថ្ងៃទី២១ ខែធ្នូ​ លោក ស ខេង ​ថ្លែង​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ធំ​ដែល​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ ព្រោះ​អ្នក​ជួញដូរ​សុទ្ធតែ​មាន​ខ្នងបង្អែក។ ទោះ​យ៉ាងណា​ លោក​ថា មន្ត្រី​បាន​ប្រឹងប្រែង​ដោះស្រាយ​បាន​ច្រើន​ហើយ។

លោក ស ខេង៖ «តើ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​ការ​បង្ក្រាប​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​? ឥលូវមាន​ហើយ មិនមែន​អត់ទេ បើ​យើង​មិន​បង្ក្រាប​ មិនដឹងប៉ុណ្ណា! ព្រោះថា មកដល់ពេលនេះ ប៉ុន្មាន​តោន​ទៅ​ហើយ​ហ្នឹង​ដែល​យើង​ចាប់បាន​នោះ។ អានេះ​គ្រាន់តែ​យើង​ចាប់បាន​នៅ​កម្ពុជា ចុះ​អា​លួច​ចេញពី​កម្ពុជា​ដែល​យើង​ចាប់​មិនបាន​នោះ ព្រោះ​ដឹក​ម្តង​ៗសុទ្ធតែ​រាប់​រយ​គីឡូ។ ពីមុន​យើង​គ្រាន់តែ​ឮថា កន្លះ​គីឡូ​ច្រើនណាស់​ហើយ ឥលូវ១០០គីឡូ ១០០ដុំ។ អានេះ​ជា​បញ្ហា​ប្រឈម​ហើយ ព្រោះ​អ្ន​ករកស៊ីអញ្ចឹង ​វា​មាន​ខ្នងបង្អែក»។

ចំពោះ​បុគ្គល​ដែល​មើលឃើញ​ថា មុខតំណែង​ជា​អម្រែកនិងមុខតំណែង​ជា​លាភសក្ការៈ ប្រហែលជា​មិន​ពិបាក​មើល​នោះ​ទេ បើសិនជា​យើង​ពិនិត្យមើល​លើ​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គល​នោះនិងមធ្យោបាយ​នៃ​ការ​ទទួល​បាន​តំណែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ