ស្ថានទូត​​កម្ពុជា​​ជំរុញ​​ទៅ​​ពលករ​​កម្ពុជា​​នៅ​​ថៃ​​ឱ្យ​​អនុវត្ត​​តាម​​សេចក្ដី​ណែនាំ​​ពី​​អាជ្ញាធរ​​ថៃ​

ពលរដ្ឋរស់នៅខេត្តសាមុតសាន មកធ្វើតេស្តរកកូវីដ១៩ ក្រោយមានករណីផ្ទុះជាថ្មីនាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០។ (Twitter: PR Thai Government)

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​អំពាវនាវ​ទៅដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ឱ្យ​អនុវត្ត​តាម​វិធានការ​អនាម័យនិង​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ឆ្លង​ច្រើន​បំផុត​កាលពី​សប្ដាហ៍​មុន។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ស្ថានទូត​កម្ពុជា​បាន​ណែនាំ​ទៅ​ពលករនិង​ពលរដ្ឋ​ខ្លួន​នៅក្នុង​ប្រទេស​ថៃ ឱ្យ​ចូល​សហការនិង​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ថៃ និង​វិធានការ​អនាម័យ​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​ថៃ​ផង​ដែរ។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល រដ្ឋាភិបាល​ថៃ​បាន​ហាមឃាត់​ថៅកែ​រោងចក្រ សហគ្រាស និង​ម្ចាស់​ក្រុម​ហ៊ុន​នានា មិន​ឱ្យ​ចល័ត​ពលករ​បរទេស​ចេញឬចូល​ទីតាំង​ដែល​ជំងឺ​កូ​វីដ១៩កំពុង​ផ្ទុះ​រីក​រាលដាល។

ស្ថានទូត​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​ក៏បាន​ដាក់ចេញ​វិធានការ​វេជ្ជសាស្ត្រ​មួយចំនួន​សម្រាប់​ត្រួតពិនិត្យ​ទៅលើ​ពលករ​បរទេស​ផង​ដែរ ដូចជា ​វាស់​កម្ដៅ​រាងកាយ ត្រួតពិនិត្យ​អាការ​ផ្លូវដង្ហើម ការ​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ការ​រក្សា​គម្លាត​អំឡុង​ពេល​បំពេញការងារ ​ជាដើម។

ស្ថានទូត​កម្ពុជា​បាន​ជំរុញ​ទៅ​ពលករនិង​ពលរដ្ឋ​កម្ពុជាឱ្យ​ចូលរួម​សហការ​បែបនេះ បន្ទាប់ពីថៃ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់ទៅ​ជិត៦០០នាក់​ឆ្លង​ជំ​ងឺកូ​វីដ១៩នៅក្នុង​ខេត្ត​សា​មុត​សា​ខន​កាលពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ដែល​នេះ​គឺជា​ការ​រក​ឃើញ​ករណី​ឆ្លង​ច្រើន​បំផុត​នៅក្នុង​រយៈពេល​មួយថ្ងៃ​នៅក្នុង​ប្រទេស​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ