ត្រឹមតែ​​​កន្លះ​​​ឆ្នាំ​ កូន​​ប្រុស​​ច្បង​​លោក​ ហ៊ុន​ សែន​ ត្រូវ​​បាន​​ដំឡើង​​ឋានៈ​​ឱ្យ​​ដឹក​នាំ​​ចលនា​​មហា​ជន​​របស់​​បក្ស​​កាន់​​អំណាច​

លោក ហ៊ុន ម៉ាណែត (រូបភាព៖ ហ្វេសប៊ុក Hun Manet)

កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ដំឡើង​តំណែង​ជា​អនុ​ប្រធាន​គណៈ​ចលនា​មហាជន​របស់​គណបក្ស​កាន់​អំណាច​ នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ដំឡើង​ឱ្យ​កាន់​តំណែង​ប្រធាន​ចលនា​យុវជន​របស់​បក្ស។

ក្នុង​សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ អនុ​ប្រធាន​គណបក្ស លោក សាយ ឈុំ បាន​សម្រេច​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ាណែត ពី​សមាជិក​របស់​គណៈកម្មាធិការ​កណ្ដាល​បក្ស ទៅ​ជា​អនុ​ប្រធាន​គណៈ​ចលនា​មហាជន។

នៅ​ក្នុង​គណបក្ស​កាន់អំណាច លោក ហ៊ុន ម៉ាណែត អាយុ៤៣ឆ្នាំ​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណ​បក្ស​ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​មក​នេះ។

ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក៣៤​រូប​នៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​ មុន​នឹង​ត្រូវ​បាន​ដំឡើង​ឋានៈ​ថ្មី​នេះ។

​ជា​អ្នក​បញ្ចប់​ការ​សិក្សា​​ពី​បណ្ឌិត​សភា​យោធា​អាមេរិក West Point លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ឋានន្តរ​សក្តិ​ទៅ​ជា​​ឧត្ដមសេនីយ៍​ទោ​នៅ​​ឆ្នាំ​២០១១ ​ក្នុង​អាយុ​៣៤​ឆ្នាំ ហើយ​ត្រូវ​បាន​ដំឡើង​ទៅ​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ៣ ​នៅ​ក្នុង​រយៈ​ពេល២​ឆ្នាំ​ក្រោយ​មក។

ក្នុង​រយៈ​ពេល​មិន​ដល់​១​ខែ​ផង ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៨ លោក ម៉ាណែត ត្រូវ​បាន​ដំឡើង​ទៅ​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។

បើតាម​សេចក្ដី​រាយការណ៍​របស់​កាសែត ​ភ្នំពេញ ប៉ុស្តិ៍ លោក ម៉ាណែត ក៏​​កាន់​តំណែង​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ក្រៅ​ពី​​លោក ម៉ាណែត កូន​ប្រុស​មួយ​រូប​ទៀត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ក៏​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​មាន​ឋានន្តរ​សក្តិ​ជា​ឧត្ដមសេនី​យ៍ឯក​ និង​​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ចំណែក​ឯ​លោក ហ៊ុន ម៉ានី ជាកូន​ប្រុស​ពៅ​​របស់​លោក ហ៊ុន សែន ក៏​កំពុង​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​បណ្ដាញ​មួយ​ទៀត​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ក្រុម​យុវជន​កម្ពុជា​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ជា​ពេល​ដែល​ចលនា​តស៊ូ​មួយ​ត្រូវ​បាន​ប្រកាស​​ឡើង​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

របាយការណ៍​​ក្នុង​ពិធី​ប្រកាស​ដាក់​បញ្ចូល​សមាជិក​ថ្មី​នៅ​​ក្រសួង​រ៉ែ និង​ថាមពល ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​សមាជិក​សរុប​ជាង១៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន និង​គ្រប់​វិស័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ