កូន​​ស្រី​​ឌុ​ច​រៀ​ប​រា​ប់​​ពី​​ការ​​ចូល​​សាសនា​​គ្រិស្ត​របស់​​ឪពុក​​ តែ​​សព​​ត្រូវ​​បូជា​​តាម​​បែប​​ពុទ្ធ​សាសនា​​

លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​ស២១ ឬគុក​ទួល​ស្លែង កាលសវនាការនៅសាលាក្ដីខ្មែរក្រហម និង កូនស្រីរបស់លោកគឺអ្នកស្រី ស៊ីវគីម។ (រូបភាព៖ សាលាក្ដីខ្មែរក្រហម និង យន់ ស៊ីនាត)

ស្រុក​សំឡូត​ ខេត្តបាត់ដំបង៖ ចម្ងាយ​ប្រមាណ១០គីឡូម៉ែត្រ​ពី​ស្រុក​សំឡូត​ ខេត្តបាត់ដំបង គី ស៊ីវ​គីម រស់នៅ​ផ្ទះ​ឈើ​តូច​មួយដែល​ហ៊ុមព័ទ្ធ​ដោយ​ឫស្សី​និង​ដំ​ណាំ​ផ្សេង​ៗទៀត។ ការ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ ​ស៊ីវ​គី​ម ត្រូវ​ឆ្លងកាត់​ផ្លូវ​រដិបរដុប ​ពិបាកធ្វើ​ដំណើរ ព្រមទាំង​ត្រូវ​ឆ្លងកាត់​ស្ពានឈើ​ចាស់​ទ្រុ​ឌទ្រោម​មួយ។

ស៊ីវ​គីម គឺជា​កូនស្រី​របស់ ​កាំង​ ហ្កេ​កអ៊ា​វ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​សមមិត្ត ឌុច អតីត​ប្រធាន​មន្ទីរ​ស២១ ឬគុក​ទួល​ស្លែង។ មន្ទីរ​ស២១ ជា​ពន្ធនាគារ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ខ្មែរក្រហម​ ដើម្បី​សួរចម្លើយ​និង​ធ្វើទារុណកម្ម​យ៉ាង​ឃោរឃៅ​លើ​អ្នកទោស​ដែល​ជាប់​នៅ​ទីនោះ ​ពីឆ្នាំ១៩៧៥ ដល់​ដើមខែ​មករា ឆ្នាំ១៩៧៩។

ស៊ីវ​គី​ម ក៏​ដូចជា​ឪពុក​របស់​នាងដែរ ​ដែល​ប្តូរ​ពី​ការ​កាន់​ព្រះពុទ្ធ​សាសនា​មកកាន់​សាសនា​គ្រិស្ត។ 

អ្នកស្រី ស៊ីវគីម និងកូនប្រុសអាយុ១៣ឆ្នាំ ធ្វើដំណើរទៅចូលរួមពិធីបុណ្យសពលោក កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែលជាឪពុកអ្នកស្រី នៅវត្តពុទ្ធសាសនា ចាក់អង្រែ នៅទីក្រុងភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។ (យន់ ស៊ីនាត)

ស៊ីវ​គីម បាន​ប្រាប់​ថា៖ «ខ្ញុំ​ជឿ​ព្រះ​តាម​ប៉ា​របស់ខ្ញុំ។ វា​ប្រៀប​ដូចជា​កូន​ល្អ​ម្នាក់​ដែល​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​របស់​យើង»។ ស៊ីវ​គី​ម និ​យាយ​ស្រប​ពេល​កំពុង​លួង​កូនស្រី​អាយុ៨ខែ​នៅក្នុង​ដៃ​នាង។

ឌុច បាន​ទទួលមរណភាព​កាលពីដើម​ខែកញ្ញា​ឆ្នាំនេះ ​ក្នុង​អាយុ៧៧ឆ្នាំ បន្ទាប់ពី​មាន​បញ្ហា​ជំងឺសួត​ធ្ងន់ធ្ងរ។ មរណភាព​របស់​លោក ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មនុស្សជា​ច្រើន​នៅ​ប្រទេស​កម្ពុជា។

រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​មួយទៀត​នោះ​គឺ​ សាកសព​របស់​គាត់​ត្រូវ​បាន​បូជា​ក្នុង​រយៈពេល១២ ម៉ោង​ បន្ទាប់​ពីធ្វើ​ពិធី​តាមបែបព្រះពុទ្ធ​សាសនា ​ខណៈ​ដែល​គាត់​មាន​ជំនឿ​នៅក្នុង​គ្រិស្ត​សាសនា។

ការ​បូជាសព​យ៉ាង​ឆាប់រហ័ស ​បាន​ចោទ​ជា​សំណួរ​ជាច្រើនថា ហេតុអ្វីបានជា​គេ​ត្រូវ​ធ្វើ​យ៉ាង​ឆាប់រហ័ស​ដូច្នេះ​? ហើយ​ហេតុអ្វីបានជា​ជំនឿ​លើ​គ្រិ​ស្ត​សាសនា​របស់​គាត់ ​មិន​ត្រូវ​បាន​គេ​គោរព​?

សំណួរ​ស្រដៀងគ្នា​នេះ​ត្រូវ​បាន​លើកឡើង​នៅពេល​ដែល នួន ជា មេដឹកនាំ​ខ្មែរក្រហម​ទទួលមរណភាព​កាលពី​ខែសីហា​ឆ្នាំមុន។ នួន ជា ក៏​ដូច​ជា​ ឌុច​ ដែល​សុទ្ធតែ​ជា​អ្នកប្រែ​ខ្លួន​ជា​គ្រិស្ដ​សាសនិក ហើយ​គាត់​ក៏​ត្រូវ​បាន​គេ​បូជា​តាម​បែប​ពុទ្ធសាសនា​ដែរ។

ស៊ីវ​គីម បាន​ប្រាប់ VOD ថា ការសម្រេច​ចិត្ត​សម្រាប់​ការ​បូជាសព​នេះ ​ត្រូវ​បាន​ធ្វើឡើង​ដោយសារតែ​ភាគ​ច្រើ​នកូនៗ​របស់ ឌុច គឺជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។ តាមស៊ីវ​គីមទន្ទឹម​នឹង​នេះ ​ការ​ធ្វើដំណើរ​ទៅ​សំឡូត ​គឺ​មាន​ចម្ងាយ​ឆ្ងាយ​ ពិបាក​សម្រាប់​ក្នុង​ការ​ដឹក​សព​របស់​គាត់ ដូច្នេះ​បាន​ជាស​ម្រេច​ចិត្ត​ធ្វើការ​បូជាសព​នៅ​ភ្នំពេញ​ ហើយ​បន្ទាប់មក​យក​អដ្ឋិធាតុ​ទៅ​ស្រុកកំណើត។

យោងទៅតាម​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឌុច ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​មនុស្ស​ជាង ១២ ០០០ នាក់​ ចាប់ពី​ឆ្នាំ១៩៧៥ដល់១៩៧៩។

នៅ​ឆ្នាំ១៩៩៣ ឌុ​ច បា​នប្រែ​ខ្លួន​ទៅជា​គ្រិស្ដ​សាសនិក។ បន្ទាប់មក ​គាត់​បាន​ព្យាយាម​ពន្យល់​ប្រាប់​ប្រពន្ធ​ និង ស៊ីវ​គីម ​អំពី​គ្រិស្ដសាសនា។ ស្រប​ពេល ឌុច បញ្ចុះបញ្ចូល​កូនស្រី​របស់​គាត់​បាន ប្រពន្ធ​របស់​គាត់​បាន​បដិសេធ។

ក្នុង​ឆ្នាំ១៩៩៥ ពីរ​ឆ្នាំក្រោយ​មក ​ភរិយា​របស់​ ឌុ​ច ត្រូវ​គេ​សម្លាប់ ដោយសារ​មានហេតុ​ការណ៍​ប្លន់​នៅផ្ទះ​​ក្រុម​គ្រួសារ​គាត់ ដោយពេល​នោះ ឌុ​ច បា​នរ​ងរ​បួស​ធ្ងន់​ត្រង់​កនិង​សួត។

នៅពេល​នោះ ឌុច កំពុង​លាក់ខ្លួន​ពី​អាជ្ញាធរ​ ហើយ​រស់នៅ​ក្រោម​ឈ្មោះ ហង្ស ពិន។ បន្ទាប់ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ដែល​មាន​មនុស្ស​ប្រមាណ ១,៧ លាន​នាក់​បាន​ស្លាប់ ក្រោយ​មក​ ឌុច បាន​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​មួយ​ក្នុង​ប្រទេស​ថៃ។

ក្រោយមក ឌុច ក៏បាន​ធ្វើការ​ជា​គ្រូបង្រៀន​ នាយក​សាលា និង​ធ្វើការ​ជាមួយ​អង្គការ​ជំនួយ​គ្រិស្ដ​សាសនិក World Vision ។ នៅ​ឆ្នាំ១៩៩៩ គាត់​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នកថតរូប​ជនជាតិ​អង់គ្លេស​ឈ្មោះ Nic Dunlop។ ក្នុង​ឆ្នាំ​ដដែល​នោះ ឌុច ក៏​ត្រូវ​បាន​ចាប់ខ្លួន។

ឌុច គឺជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដំបូង​គេ​ដែល​ត្រូវ​បាន​ជំនុំជម្រះ​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សាលា​ក្តី​ខ្មែរក្រហម។ គាត់​ត្រូវ​បាន​គេ​រក​ឃើញថា​មាន​ពិរុទ្ធ​ពី​បទឧក្រិដ្ឋ​អមនុស្សធម៌ រួមមាន ​ការ​សម្លាប់​មនុស្ស​, ឃាតកម្ម​, ទាសភាព​, ការ​ឃុំឃាំង​, និង​ការ​ធ្វើទារុណកម្ម។ ដំបូង ឌុច ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ ៣៥ ឆ្នាំ បន្ទាប់មក​ទៀត​សាលាឧទ្ធរណ៍​បាន​ប្រែក្លាយ​ការ​កាត់ទោស​ឱ្យទៅ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត។

នៅ​ឆ្នាំ១៩៩៦ ពេល​កំពុង​រស់នៅ​ក្រោម​ឈ្មោះ ហង្ស ពិន អតីតប្រធាន​ពន្ធនាគារ​រូប​នេះ​ត្រូវ​បាន​ទទួលការ​ធ្វើពិធី​ជ្រមុជទឹក​ដោយ Christopher Lapel ដែល​ជា​គ្រូគង្វាល ​បាន​ផ្លាស់​ប្តូរ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាច្រើន​នាក់ ​រួមមាន នួន ជា និង ​អ៊ឹម ចែម មក​ជឿ​លើ​គ្រិស្ដសាសនា។ ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ទទួលការ​ជ្រមុជទឹក ឌុច​, Lapel បាន​ប្រាប់​សាលា​ក្តី​ខ្មែរក្រហម​ថា ឌុច ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ឆន្ទៈ​ផ្ទាល់​របស់​គាត់។

ឯកសារ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បង្ហាញថា​ ការ​ធ្វើពិធី​ជ្រមុជទឹក​បាន​ផ្លាស់​ប្តូរ ឌុច ពី​មនុស្សម្នាក់​ដែល​រស់នៅ​ដោយ​គ្មាន​ភា​ពស្ងប់​សុខ​ សេចក្តី​អំណរ ឬគោលបំណង​ក្នុង​ជីវិត ​ទៅជា «បុរស​ដែល​មាន​បេះដូង​បម្រើ» ដែល​យកចិត្ត​ទុកដាក់ «ចែករំលែក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»។ ស៊ីវ​គីម នៅតែ​ចងចាំ​ថ្ងៃ​ដែល​ឪពុក​នាង​បាន​ទទួល​ពិធី​ជ្រមុជទឹក។

ស៊ីវ​គីម បាន​បន្ត​ថា៖ «ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ស្វាយ​ស៊ី​សុ​ផុន ខេត្ត​បន្ទាយមានជ័យ។»

កូនស្រី​របស់ ឌុច ហាក់ដូចជា​ពេញចិត្ត​ជាមួយនឹង​ការសម្រេច​ចិត្ត​មិន​ឱ្យ​ឪពុក​របស់​នាង​ធ្វើពិធី​បុណ្យសព​តាម​បែប​គ្រិស្ត​សាសនា។ 

នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់ ស៊ីវ​គីម លោក នូវ ភឿន អាយុ៤៣ឆ្នាំ ជា​គ្រូគង្វាល​នៃ​ព្រះវិហារ​មេ​តូ​ឌី​សក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​និយាយ​ថា ​វា​មិន​សំខាន់​ទេ​ដែល ឌុច ត្រូវ​បាន​បូជា​តាម​បែប​ព្រះពុទ្ធ​សាសនា។ ទោះបី​គាត់​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​រាប់ពាន់​នាក់​ក៏ដោយ​ ក៏ ភឿន ជឿជាក់​ថា ឌុច នៅតែ​អាច​ឡើង​ទៅ​ឋានសួគ៌​បាន។

ព្រះវិហារ​មេ​តូ​ឌី​សក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ (សួស ធីតា)

លោក នូវ ភឿន បាន​លើកឡើង​ថា៖ «ការ​ធ្វើតាម​សាស​នា​ផ្សេង​ៗ វា​មិនមែន​ជា​បញ្ហា​ទេ ខណៈ​ពេល​ដែល​ព្រលឹង​របស់​គាត់​បាន​បាត់បង់​ទៅ​ហើយ។ គាត់​បាន​សារភាព​និង​ទទួលកំហុស​របស់​គាត់​ជា​សាធារណៈ ពីព្រោះ​គាត់​ចង់​ដើរតាម​ព្រះ​ ដើម្បី​ក្លាយជា​មនុស្ស​ថ្មី​ និង​ធ្វើ​អ្វី​ៗដែល​ត្រឹមត្រូវ។ ដូច្នេះ​ គាត់​អាច​ឡើង​ទៅ​ឋានសួគ៌​បាន ហើយ​អំពើបាប​ដែល​គាត់​បាន​សាង​ គឺ​គ្រាន់​ជា​អតីតកាល»។

សុខ សុ​ផុន​ អាយុ៦៧ ឆ្នាំ​ ជា​អតីត​ទាហាន​ខ្មែរក្រហម។ សុ​ផុន ស្គាល់ ឌុច បន្ទាប់ពី​របប​ខ្មែរក្រហម​ដួល​រលំ។ គាត់​ផ្ទាល់​បាន​ប្តូរ​ទៅជា​គ្រិស្តបរិស័ទ​នៅ​ឆ្នាំ១៩៨៩។ សព្វថ្ងៃ​គាត់​ជា​អ្នក​គោរព​និង​ជា​បព្វជិត​នៃ​ព្រះវិហារ​មួយ​នៅ​ភ្នំពេញ។ 

លោក​បាន​ប្រាប់ VOD ថា៖ «ខ្ញុំ​ត្រេកអរ​ដែល ឌុច បាន​រក​ឃើញ​វិធី​ដើម្បី​ជឿ​លើ​សាសនា​គ្រិស្ត ព្រោះ​គាត់​ចង់បាន​សន្តិភាព​សម្រាប់​ខ្លួនឯង។ […] ព្រះជាម្ចាស់​បាន​ជួយ​គាត់​ឱ្យរួចផុត​ពី​កម្ម​និង​កំហុស​របស់​គាត់ ​ចំពោះ​អំពើអាក្រក់​ដែល​គាត់​បាន​ធ្វើ​កាលពីមុន។ ប្រសិនបើ​គាត់​នៅ​បន្ត​ដើរតាម​ព្រះពុទ្ធ​សាសនា​ គាត់​នឹង​ទទួលខុសត្រូវ​ចំពោះ​អំពើ​ដែល​គាត់​បាន​សាង។ ប៉ុន្តែ​ព្រះយេស៊ូ​គ្រិស្តបា​នជួយ​គាត់ឱ្យក្លាយជា​មនុស្ស​ថ្មី​ម្នាក់។ ដូច្នេះ ​គាត់​អាច​ឡើង​ទៅ​ឋានសួគ៌​បន្ទាប់ពី​គាត់​បាន​ស្លាប់​ទៅ ពីព្រោះ​នៅក្នុង​គ្រិ​ស្ត​សាសនា​ នៅពេល​ដែល​អ្នក​សារភាព​កំហុស​របស់​អ្នក​ចំពោះ​ព្រះយេស៊ូ​ ព្រះ​នឹង​លើកលែងទោស​ឱ្យ​អ្នក។»

ប៉ុន្តែ​នេះ​មិនមែន​ជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា​យល់ស្រប​នោះ​ទេ។ ព្រះ​តេជគុណ ឃី សុវណ្ណ​រតនា ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​ភាសាបាលី​និង​ពុទ្ធសាសនា​ នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ស្រីលង្កា ហើយ​បច្ចុប្បន្ន​ ព្រះអង្គ​ជា​សាស្រ្តា​ចារ្យ​នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ មាន​ទស្សនៈ​ខុសគ្នា​ទាំងស្រុង​ទៅលើ​បញ្ហា​ខាងលើ​នេះ។

ព្រះអង្គ​បាន​ប្រាប់ VOD តាម​ទូរសព្ទ​ថា៖ «នៅក្នុង​ព្រះពុទ្ធ​សាសនា​ នៅពេល​ដែល​អ្នក​បាន​ប្រព្រឹត្តបទឧក្រិដ្ឋ​ អ្នក​នឹង​មាន​បាបកម្ម​ ហើយ​អ្នក​នឹង​ទទួលផល​នៃ​បាប​នោះ»។

ព្រះអង្គបាន​បន្ត​ថា៖ «វា​គឺជា​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​អ្នក​ ហើយ​កម្មផល​នឹង​មករ​កអ្នក​នៅក្នុង​ជាតិនេះ​និង​ជាតិក្រោយ​ទៀត។ […] ដូច្នេះ ​វា​មានន័យថា ឌុច ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ រួម​ទាំង​ការ​ធ្វើទារុណកម្ម​និង​ការ​កាប់​សម្លាប់​មនុស្ស​ មិន​អាច​ឡើង​ទៅ​ឋានសួគ៌​បានទេ ​ពីព្រោះ​គាត់​មាន​បាបកម្ម​ជាច្រើន»។ ព្រលឹង​របស់​គាត់​នឹង​ធ្លាក់​ទៅកាន់​ឋាននរក​សម្រាប់​ជាតិនេះ ​ហើយ​នៅក្នុង​ជាតិ​បន្ទាប់​គាត់​នឹង​កើតទៅជា​សត្វ​ធាតុ»។ នេះ​បើ​តាម​សង្ឃដីកា​របស់​ព្រះតេជព្រះគុណ ​សុវណ្ណ​រតនា។

ជនរងគ្រោះ​ជាច្រើន​នៃ​របប​ខ្មែរក្រហម​ពិបាក​ក្នុង​ការ​ទទួលយក​ថា ប្រធាន​ពន្ធនាគារ​ដ៏​ល្បីល្បាញ​ បាន​សារភាព​ថា​ មនុស្ស​គ្រប់គ្នា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​សម័យ​ខ្មែរក្រហម​និង​នាំ​ទៅ​មន្ទីរ​ស២១ ចាំបាច់​ត្រូវ​ស្លាប់ ហើយ​ខ្លួន​បែរ​ជា​បាន​ទៅ​ឋានសួគ៌ បន្ទាប់ពី​គាត់​ខ្លួនឯង​បាន​ស្លាប់​នៅដើម​ខែកញ្ញា​ទៅវិញ។

ស៊ូ សុធា​វី ជា​ស្ត្រី​ប្តូរ​ភេទ​ដែល​បាន​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​មេដឹកនាំ នួន ជា និង ខៀវ សំ​ផន អំពី​ការ​រងទុក្ខ​របស់​លោកស្រី​ក្នុង​របប​ខ្មែរក្រហម។

សុធា​វី បាន​និយាយ​ថា៖ «ទោះបី​គាត់​ជឿ​សាសនាអ្វីក៏ដោយ​ ក៏​គាត់​មិន​អាច​រួចផុត​ពី​ទំនួល​ខុសត្រូវ​របស់​គាត់​ក្នុង​ការ​សម្លាប់​និង​ធ្វើទារុណកម្ម​មនុស្ស​ដែរ។ ក្នុងនាម​ជា​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ​ខ្ញុំ​រស់នៅ​ដូច​ខ្ញុំ​ស្ថិតនៅ​ក្នុង​នរក។ ខ្ញុំ​មានការ​ឈឺចាប់​និង​ទុក្ខវេទនា​ដែល​បាន​បន្សល់​ពី​ការ​ចងចាំ​នៅក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។ ប៉ុន្តែ​មនុស្ស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​យ៉ាង​ខ្លាំង​ បាន​ទៅកាន់​ឋានសួគ៌​នៅពេល​ពួក​គេ​ស្លាប់​យ៉ាងដូច​ម្តេច​? តើ​យុត្តិធម៌​នៅឯណា​? វា​មិន​យុត្តិធម៌​ទាល់តែសោះ»។

បន្ទាប់ពី​ពិធី​បូជា​តាម​បែប​ព្រះពុទ្ធ​សាសនា អដ្ឋិធាតុ​របស់​ ឌុច ត្រូវ​បាន​យក​ទៅ​ធ្វើបុណ្យ​និង​ទុកដាក់​នៅផ្ទះ​កូនប្រុស​ពៅ​របស់​គាត់​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង ស៊ីវ​គី​ម នោះ​ទេ។ ការ​ទុកដាក់​អដ្ឋ​ធាតុ​របស់ ​ឌុច នៅផ្ទះ​កូនប្រុស​របស់​គាត់​ ព្រោះ​ ឌុច​ គឺជា​គ្រួសារ​ខ្មែរ​សែស្រឡាយ​ចិន។ ជីវិត​កូនស្រី​ច្បង​របស់​ប្រធាន​ពន្ធនាគារ​មិន​មាន​ភាព​ស្រណុក​ប៉ុន្មាន​ទេ បន្ទាប់ពី​ម្តាយ​របស់​នាង​បាន​ស្លាប់។

ស៊ីវ​គីម បាន​រស់នៅ​ជាមួយ​ជីដូន​និង​ម្តាយមីង​របស់​នាងដែល​ត្រូវជា​ប្អូនស្រី​របស់ ​ឌុច។ ប្រភព​ខ្លះ​បាន​និយាយ​ថា ​ប្តី​របស់​ម្តាយមីង​នាង​ក៏បាន​ស្លាប់​នៅមន្ទីរស២១ អំឡុង​ពេល ​ឌុច ​គ្រប់គ្រង​ដែរ។

ស៊ីវគីម ថា​មីង​របស់​ខ្លួនតឹង​រ៉ឹង​ ហើយ​មិនសូវ​ចិត្តបាន​ជាមួយ​នាង​ទេ។ ប៉ុន្តែ​នេះ​មិនបាន​បញ្ឈប់​នាង​ពី​ការ​ទៅ​ព្រះវិហារ​ញឹកញាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។

«អរគុណ​ព្រះជាម្ចាស់ ព្រោះ​ព្រះជាម្ចាស់​គង់នៅ​ជាមួយ​ខ្ញុំ។ ខ្ញុំ​តែងតែ​អធិដ្ឋាន​ទៅដល់​ព្រះ​នៅពេល​ដែល​ខ្ញុំ​រងទុក្ខ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ខ្ញុំ។ គាត់​ជួយ​ខ្ញុំ​អភ័យទោស​នៅពេល​មនុស្ស​ធ្វើបាប​ខ្ញុំ។ បើ​គ្មាន​ព្រះ​ទេ​ ខ្ញុំ​មិន​អាច​ដោះស្រាយ​វា​ដោយខ្លួនឯង​បានទេ»៕

ដោយ៖ យន់ ស៊ីនាត, ស្រ៊ី សីហា, សួស ធីតា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ