អភិបាលស្រុកបន្ទាយស្រីតម្រូវឱ្យគ្រប់មេភូមិនាំពលរដ្ឋរើសសំរាម

មន្ត្រីអាជ្ញាធរស្រុក និង មន្ត្រីក្រសួងបរិស្ថាន ពិនិត្យកន្លែងទុកដាក់សំរាមរបស់ពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រូបពីហ្វេសប៊ុក លោក ឃឹម ហ្វីណង់

អភិបាលស្រុកបន្ទាយស្រី នៅក្នុងខេត្តសៀមរាប បានចេញគោលការណ៍តម្រូវឱ្យគ្រប់មេភូមិទាំងអស់នៅក្នុងស្រុកនេះ ត្រូវចំណាយពេល១ថ្ងៃក្នុង១ខែដឹកនាំពលរដ្ឋរើសសំរាម និងធ្វើសកម្មភាពបរិស្ថានផ្សេងៗទៀត។​

លោកឃឹម ហ្វីណង់ បានប្រាប់ វីអូឌីថា លោកដាក់ផែនការនេះ ដោយជំរុញឱ្យមានការតាមដានត្រួតពិនិត្រ លើកទឹកចិត្ត និង ការវាយតម្លៃផងគឺធ្វើយ៉ាងណាដើម្បីអោយការងារនេះមានជាប្រចាំ រឹងមាំ និងប្រកបដោយនិរន្តភាព។

លោក ឃឹម ហ្វីណង់៖« ជាការងារប្រចាំខែតែម្តង ហើយគ្រប់ភូមិទាំងអស់ត្រូវតែធ្វើរបាយការណ៍ការបស់ខ្លួន។ហើយរៀងរាល់បីខែម្តងយើង និង ធ្វើការបូកសរុប វាយតម្លៃថា តើភូមិណា លេចធ្លោរ?»

លោក ឡឹក វន់ គឺជាមេភូមិគំរូនៃភូមិព្រះដាក់ ស្រុកបន្ទាយស្រីថ្លែងថា លោកតែងតែដឹកនាំពលរដ្ឋរើសសំរាមជាប្រចាំ នាំឱ្យភូមិរបស់លោកស្អាតក្លាយជាភូមិគំរូ។​ លោកថា ក្នុង១ខែប្រមូលសំរាមបានជាថង់ប្លាស្ទិចប្រមាណ៥ការ៉ុង។​

លោកទុន ពិសាក់ គឺជាប្រជាជនដែលរស់នៅ ភូមិព្រះដាក់ ថ្លែងថា រូបលោក និងប្រជាពលរដ្ឋផ្សេងទៀត មានការយល់ដឹងច្រើនពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង យល់ដឹងពីផលប្រយោជន៍នៃបរិស្ថានស្អាតល្អ។​ លោកថា លោកសប្បាយចិត្តក្នុងការចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើសកម្មភាពសម្អាតភូមិឃុំ។

​នៅក្នុងស្រុកបន្ទាយស្រីមានភូមិចំនួន​៣៦ ក្នុងនោះភូមិមួយចំនួនត្រូវបានកំណត់ថា ជាភូមិគំរូ ដែលថែរក្សាបរិស្ថានស្អាតល្អ។ ផែនការ១ថ្ងៃដើម្បីបរិស្ថានដែលអភិបាលស្រុកដាក់ចេញនេះ ក្រៅរើស និងបោសសម្អាតសំរាម ក៏មានការដាំដើមឈើឬ សកម្មភាពផ្សេងៗទៀតដើម្បីបរិស្ថានដែរ៕​​

អត្ថបទដោយ ម៉ិច ជូឡាយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ