អ្នកជំនាញណែនាំកសិករកុំឱ្យដុតកាកសំណល់កសិកម្ម​

កសិករដុតកាកសំណល់នៅលើដីដាំដំណាំនៅក្នុងឃុំព្រែកស្តី ស្រុក កោះធំ ខេត្តកណ្តាលនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០។ រូប ដោយ ពៅ មេត្តា

អ្នកជំនាញផ្នែកគុណភាពដីកសិកម្មណែនាំដល់កសិករកុំឱ្យដុតកាកសំណល់ ដោយប្រើប្រាស់កាកសំណល់ទាំងនោះធ្វើជាគម្របដី និង ជីធម្មជាតិវិញ។​

អនុប្រធានការិយាល័យកែលម្អដីកសិកម្ម នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មលោក ឡេង វីរ៉ា មានប្រសាសន៍ថា ការដុតកាកសំណល់ដូចជា គល់ច្រាំង ស្មៅ ឬ ស្លឹកឈើ លើដីធ្វើកសិកម្ម មានផលប៉ះពាល់ទៅជា ដីហូច្រោះ និង កំហាប់ដីណែន។ ផ្ទុយទៅវិញលោកថា បើរក្សាកាកសំណល់ទាំងនោះឱ្យរលួយវាធ្វើឱ្យដីមានជីជាតិល្អ។​

លោក ឡេង វីរ៉ា ៖ «ដីមានគម្របអាចថាមានច្រើនវិធីសាស្រ្ត ដូចថាកសិករគាត់យកស្លឹកឈើ ឬក៏កំទេចកំទីកាកសំណល់ ស្មៅឬចំប៊ើង កាកអង្កាមអី ឱ្យតែកំទេចកំទីដែលពពួកសារធាតុជីវម៉ាស់ សុទ្ធតែគ្របដីហ្នឹង ហៅថាគម្របដី»

លោក ជំរុញលើកទឹកចិត្តឱ្យកសិករធ្វើកសិកម្មតាមបច្ចេកទេសមិនប្រើគីមី ឬ រក្សាជីធម្មជាតិ តាមរយៈការកែច្នៃកាកសំណល់នេះ អាចរក្សាបានទាំងសុវត្ថិភាពស្បៀងចំណីអាហារ និង ចូលរួមថែរក្សាបរិស្ថាន។​

ចំណែក កសិករដែលដាំស្រូវសរីរាង្គនៅ ភូមិ បុស្ស ឃុំរីករាយ ខេត្តព្រះវិហារ លោក កាន់ សុខវី បានមានប្រសាសន៍ថា ដីខ្វះជីជាតិមានការលំបាកក្នុងការដាំដុះកសិករភាគច្រើនជ្រើសរើសយកការប្រើជីគីមីក្នុងការដាំដុះដើម្បីបានផលល្អ។ លោកថា រូបលោកវិញ ប្រើប្រាស់ជីពីកាកសំណល់ ឬ ដាំរុក្ខជាតិមួយចំនួន​ហើយភ្ជួរឱ្យរលួយក្លាយជាជីគម្របដី។

លោក សុខវី និយាយ ៖ « ខ្ញុំសព្វថ្ងៃនេះ នៅពេលដីខ្វះជីជាតិខ្ញុំប្រើប្រាស់ទៅលើជីគម្របដី ពេលយើងប្រមូលផលរួច យើងបាចឬ ដាំវា រួចរាស់វា វាដុះ ទុកចោលក្នុងដី ដល់ពេលយើងចុះម្តងទៀតយើងយកឧបករណ៍ទៅកិនវា កិនបំបែកវាបាន ជាប់ក្នុងស្រែ ខ្ញុំព្យួរទៅទុកបានពីបីថ្ងៃសិនក៏បាន ព្យួរលុះវាទៅ អាចកើនគុណភាពដី ពីជីគម្របដីហ្នឹង យើងបានប្រើប្រាស់ដំណាំជីគម្របដីហ្នឹងហើយ»

លោក ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់កសិករ ពីវិធីសាស្ត្រធ្វើកសិកម្ម និងការគ្រប់គ្រងគុណភាពដីដោយមិនប្រើប្រាស់សារធាតុគីមី។​

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបមានចំនួន ៥៧ ២០៨ ហិកតា និងមានបរិមាណផលសរុប ចំនួន ៦៨១ ០៩៩តោន។ លោកបន្តថា ការប៉ាន់ស្មាន តម្រូវការបន្លែប្រចាំឆ្នាំ ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥ តោន លទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកប្រចាំឆ្នាំ ២០២០ មានប្រមាណ ៧១៦ ១១៣ តោន ។

លោកវេង សាខុន ឱ្យដឹងដែរថា ការផលិតបន្លែសុវត្ថិភាពនៅកម្ពុជាដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងនិងក្រៅស្រុក មកទល់នាពេលបច្ចុប្បន្ននេះមានទំហំប្រមាណជា ៥% តែប៉ុណ្ណោះ អាស្រ័យទីផ្សារនៅតូចចង្អៀត និងមានតម្លៃថ្លៃ។លោកបន្តថា ការវិនិយោគទៅការដាំដុះរបស់កសិករ ត្រូវការថវិកាច្រើន ដែលបច្ចុប្បន្នពុំមានលទ្ធភាព ចំណែកបន្លែសរីរាង្គ គឺមានចំនួនមិនដល់ ១% ភាគរយនោះទេ៕​

អត្ថបទដោយ នង ម៉ៃចរីយា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ