លោក​ ស​ ខេង​ ក្រើន​​រំឭក​​ឱ្យ​​ចាត់​វិធានការ​​ម៉ឺងម៉ាត់​​លើ​​មន្ត្រី​​មូលដ្ឋាន​​គប់គិត​​គ្នា​​ក្នុង​​ដំណើរ​ការ​​កំណត់​​អត្ត​សញ្ញាណ​​ពលរដ្ឋ​​ក្រីក្រ​​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ sarkheng.com

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ក្រើន​រំឭក​អភិបាលខេត្ត​-រាជធានី ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​មូលដ្ឋានដែល​គប់គិត​គ្នា​នៅក្នុង​ដំណើរការ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

រដ្ឋមន្ត្រី​មហាផ្ទៃ​រូប​នេះបាន​ក្រើន​រំឭក​បែបនេះ​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​ដែល​ផ្ញើ​ទៅ​អភិបាល​រាជធានីនិង​ខេត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃនេះ។

ក្នុង​សេចក្ដីជូនដំណឹង​នោះ លោក ស ខេង ណែនាំ​ទៅ​អាជ្ញាធរ​ខេត្តនិង​រាជធានី ឱ្យ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ឱ្យ​បាន​ត្រឹមត្រូវនិង​ច្បាស់លាស់ ដោយ​ចៀសវាង​ការ​គប់គិត​គ្នា​ដើម្បី​ដាក់បញ្ចូល​សមាជិក​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្តិ ឬអ្នក​ស្គាល់គ្នា ដែល​មិនមែន​ជា​ពលរដ្ឋ​ក្រីក្រនិង​រងគ្រោះ​ពិតប្រាកដ។

ជាង​នេះ​ទៀត រដ្ឋមន្ត្រី​មហាផ្ទៃ​រូប​នេះបាន​ណែនាំ​ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ទៅលើ​មន្ត្រីឃុំ​-សង្កាត់ ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​នៅក្នុង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។

លោក ស ខេង បាន​ក្រើន​រំឭក​បែបនេះ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​បន្ត​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ជុំ​ទី៤ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​បន្ថែម​ទៀត ​នៅចន្លោះ​ពី​ខែមករា ដល់​ខែមីនា​ឆ្នាំក្រោយ​នេះ។

បើ​តាម​សេចក្ដីជូនដំណឹង​ដដែល​នោះ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​ខ្ទង់៧០ម៉ឺន​គ្រួសារ ឬប្រហែល២,៨លាន​នាក់​ នៅចន្លោះ​ថ្ងៃទី២៥ ខែមិថុនា ដល់​ខែធ្នូ​ឆ្នាំនេះ។

លោក ស ខេង ចាត់ទុក​ដំណោះស្រាយ​បែបនេះ​របស់​រដ្ឋាភិបាល​បាន​ទទួលជោគជ័យ ដោយ​ថា កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ទទួល​បានការ​គាំទ្រនិង​ការ​កោតសរសើរ​ពី​ប្រជាពលរដ្ឋនិង​ដៃគូ​អភិវឌ្ឍន៍​នានា​។

លោ​ក ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ថា អាជ្ញាធរ​ខេត្តតែងតែ​យកចិត្ត​ទុកដាក់​ទៅលើ​ករណីនេះ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ពិតជា​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​មែន។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្តនឹង​ណែនាំ​ទៅកាន់​អភិបាលស្រុកនិង​មេឃុំ ឱ្យធ្វើ​ការងារ​នេះ​ដោយ​យកចិត្ត​ទុកដាក់​បំផុត និង​មិន​ត្រូវ​ធ្វើ​អី្វ​ឱ្យ​ខុសឆ្គង​ពី​ការណែនាំ​ឡើយ។

លោក​ថា៖ «ការងារ​នេះ ជា​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាលចំពោះ​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​ក្នុង​ពេលនេះមានកា​រលំ​បា​កខ្លះ ​ដោយសារ​សភាព​កា​រណ៍​ជំងឺ​កូ​វីដ១៩អញ្ចឹង​ទៅ»។

បើ​តាម​អភិបាលខេត្ត​រូប​នេះ ចាប់តាំងពី​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​នេះ​មក ខេត្ត​នេះមិនដែល​មាន​ភាព​ខុសប្រក្រតី​ណាមួយ​ដែល​បាន​កើតឡើង​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក តូច ចាន់​នី មានប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចំណាយ​លុយ​ប្រហែល​ជាង៣០លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ដើម្បី​បើក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​កូ​វីដ១៩។ លោក​បន្ត​ថា ក្នុង​ដំណាក់កាល​ទី៤ ដែល​មាន​រយៈពេល៣ខែ ចាប់ពី​ខែមករា ដល់​ខែមីនា ​ឆ្នាំ២០២១ខាងមុខ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ៣២លាន​ដុល្លារ​ក្នុង​មួយ​ខែ។

លោក តូច ចាន់​នី បាន​បន្ថែម​ថា នា​ពេល​កន្លងមក ក្រ​សួង​ធ្លាប់​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយចំនួន​តូចលើ​ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​នេះ ប៉ុន្តែមិន​មាន​ច្រើន​នោះ​ទេ គឺ​ត្រឹមតែ​មួយ​ទៅ​ពីរ​ឃុំ​ប៉ុណ្ណោះ​ក្នុង​មួយ​ខេត្ត។ តែ​យ៉ាងណា លោក​ថា ករណីនេះត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ។

លោក ​តូច ចាន់​នី ថ្លែង​ថា៖ «ដោយសារតែ​ឃុំ​ខ្លះ គាត់​អត់​ទាន់​យល់ ឃុំ​ខ្លះ​គាត់​អត់​ទាន់​ច្បាស់​អញ្ចឹង គាត់​គ្រប់គ្រង​អត់​ទាន់បាន ហើយ​ម្យ៉ាង គាត់​អត់​ទាន់​យល់​ច្បាស់​ពី​កម្មវិធី​ហ្នឹង»។ 

កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ឱ្យ​បន្ត​ការអនុវត្ត «កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​» ជុំ​ទី៤ ចំនួន៣ខែ​បន្ថែម​ទៀត ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ២០២១ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយនិង​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ។

ជាមួយគ្នា​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​បទបញ្ជា​ជាថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​មូលដ្ឋាននិង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​បំពេញការងារ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ មាន​តម្លាភាព គណនេយ្យ​ភាព និង​ប្រកាន់​ខ្ជាប់​នូវ​យុត្តិធម៌​បំផុត ដោយ​ត្រូវ​ចៀសវាង​នូវ​ការយោគយល់និង​គប់គិត​គ្នា ដើម្បី​ដាក់បញ្ចូល​ក្រុម​គ្រួសារ សាច់ញាតិ មិត្ត​ភក្តិ ឬ អ្នក​ស្គាល់គ្នា ដែល​មិនមែន​ជាគ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ។

លោក​ក៏បាន​ព្រមាន​ចាត់​វិធានការណ៍​ក្តៅ និង​មិន​លើកលែង ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ប្រសិនបើ​រក​ឃើញថា មាន​បញ្ហា​មិន​ប្រក្រតី​កើតមានឡើង​នៅក្នុងភូមិឬឃុំ​-សង្កាត់ណាមួយ​​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ