លោក​ ហ៊ុន​ សែន​ ព្រមាន​​ចាប់​ខ្លួន​​មេ​​បក្ស​​មួយ​​ដែល​​ត្រូវ​​បាន​​ដក​ចេញ​​ពី​​ឧត្ដម​​ក្រុម​​ពិគ្រោះ​និង​​ផ្ដល់​​យោបល់​

មេដឹកនាំ​គណបក្ស​នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ គណបក្សនគរប្រជាធិបតេយ្យ)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​លោក ចាន់ យ៉េ​ត មេដឹកនាំ​បក្សនយោ​បាយ​​​តូច​​មួយ​ដែល​ទើបតែ​ត្រូវ​បាន​ដកចេញ​ពី​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​រដ្ឋាភិបាល​នោះ ដោយ​ថា មេ​បក្ស​រូប​នេះ​បាន​ធ្វើសកម្មភាព ​«បំផ្លិច​បំផ្លាញ» និង​ «ទុច្ចរិត»។

លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​បែបនេះ​នៅ​អំឡុង​ថ្លែង​សារ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ក្រុង​តាខ្មៅ ហើយដែល​ត្រូវ​បាន​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​នៅ​ព្រឹក​ថ្ងៃនេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំ​ផ្ដាំ​ទៅ​ពីនេះ សូម​ឱ្យ​លោក ចាន់ យ៉េ​ត ដកខ្លួន​ឱ្យ​ឆាប់។ […] ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ចាប់ខ្លួន ចាន់ យ៉េ​ត ហើយ ប៉ុន្តែម្សិលមិញ ខ្ញុំ​មិន​ឱ្យ​ចាប់​ទេ។ […] អ៊ីចឹង សូម​ផ្ដាំ​ទៅ​លោក ចាន់ យ៉េ​ត បើ​មិន​ចង់​ជាប់គុក ដកខ្លួន​ឱ្យ​ឆ្ងាយ»។

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះបាន​ព្រមាន​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឯកសារ​គ្រប់គ្រាន់ ដែល​បង្ហាញថា មេ​បក្ស​រូប​នេះ​បាន​ដើរ​បោកប្រាស់​អ្នកដទៃ។

លោក ចាន់ យ៉េ​ត ដែល​ជា​ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដកចេញ​ពី​តំណែង​នៅ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ​កាលពី​ថ្ងៃទី៩ ខែធ្នូ​នេះ។ មេ​បក្ស​រូប​នេះ​បាន​បាត់បង់​តំណែង​ជាទេ​សរ​ដ្ឋ​មន្ត្រី​នៅក្នុង​ឧត្ដម​ក្រុមប្រឹក្សា​នោះ តែ៣ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រកាស​ដកខ្លួន​ចេញពី​ជម្លោះដីធ្លី​មួយ​នៅ​ភូមិ​ជង្រុក ស្ថិតនៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

លោក ចាន់ យ៉េ​ត ប្រាប់​វី​អូ​ឌី​នា​ពេល​កន្លងមក​នេះ​ថា លោក​សម្រេច​ដកខ្លួន​ចេញ ក្រោយពីមន្ត្រី​ជាន់ខ្ពស់​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រីបាន​ណែនាំ​លោក​ឱ្យ​ឈប់​លូកដៃ​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​នេះ។

លោក ចាន់ យ៉េ​ត គឺជា​សមាសភាព​ទី៤ នៅក្នុង​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដកចេញ​ពី​តំណែង​ជាបន្តបន្ទាប់​នៅក្នុង​រយៈពេល​ជាង២ឆ្នាំក្រោយ​ពី​រដ្ឋាភិបាល​បង្កើត​ឧត្ដម​ក្រុមប្រឹក្សា​នេះ​ឡើង។

ឧត្ដមក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដោយ​ប្រមូលផ្ដុំ​ទៅ​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នយោបាយ​នានា​ដែល​ចូលរួម​បោះឆ្នោត​នា​ឆ្នាំ​នោះ ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំជាង​គេ ត្រូវ​បាន​ហាមឃាត់​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ