ប្រជា​​សហ​គមន៍​​មួយ​​នៅ​​ក្រចេះ​​ថា​ស​កម្ម​​ភាព​​កាប់​​ឈើ​​ក្នុង​​តំបន់​​នៅ​តែ​​បន្ត​​កើត​មាន​​

លោក សាន ដែន អាយុ៤០ឆ្នាំ ជា​អ្នកល្បាត​ព្រៃ​សហគមន៍​«ប្រាសាទ​ទឹកខ្មៅ»ក្នុង​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ កំពុង​ដើររក​បន្លែ​ក្នុង​ព្រៃ​សហគមន៍ នា​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្តល់​ឱ្យ​)

ស្រុក​សំបូរ ខេត្តក្រចេះ​៖ លោក សាន ដែន តែងតែ​ដើរចូល​ក្នុង​ព្រៃ​សហគមន៍ ដើម្បី​រក​ចុង​ផ្តៅ​មក​ធ្វើជា​បន្លែ​សឹងតែ​រៀងរាល់​សប្តាហ៍។ លោក​ប្រាប់​ថា ​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លងទៅ​នៅពេល​ដែល​លោក​ដើរ​ជិតដល់​ច្រកចូល​ព្រៃ​សហគមន៍ លោក​ឮ​សំឡេង​ម៉ាស៊ីន​អារ​ឈើ​ល្វើយ​ៗចេញពី​ព្រៃ​នោះ។ 

លោក សាន ដែន អាយុ៤០ឆ្នាំ ជា​អ្នកល្បាត​ព្រៃ​សហគមន៍​«ប្រាសាទ​ទឹកខ្មៅ»​ ក្នុង​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ និង​អាស្រ័យ​អនុផល​ព្រៃឈើ​ ដូចជា ​ឃ្មុំ និង​ចុង​ផ្តៅ ជាង២០ឆ្នាំ​មក​ហើយ។

លោក​លើកឡើង​ថា ស​កម្ម​ភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ បើ​ទោះបីជា​ប្រជា​សហគមន៍​ខិតខំ​ទប់ស្កាត់​យ៉ាងណាក៏ដោយ។ លោក​បង្ហាញ​ក្តី​បារម្ភ​ថា បើ​សកម្មភាព​នេះ​នៅតែ​បន្ត​ នោះ​ព្រៃឈើ​ក្នុង​សហគមន៍​នឹង​កាន់​បាត់​បង់​ទៅៗ។

លោក​និយាយ​ថា៖ «ទប់ស្កាត់​ វា​ពិបាក! ខ្ញុំ​ប្រធាន​ក្រុមល្បាត​ម្នាក់​ដែរ ប៉ុន្តែ​ពេល​យើង​ឡើង​ចូល​មក វា​ស្ងាត់​ម៉ាស៊ីន​អស់​ទៅ ពេល​យើង​ចេញទៅ​វិញ​ អារ​ធម្មតា​ទៅ។ មើលទៅ​ឃើញ​តែ​ល្អ​ខាងក្រៅ​ទេ ចូលក្នុង​បាន​អ្នកគ្រូ​ឯង​បានដឹង។»

របាយការណ៍​ចុងក្រោយ​បង្អស់​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចេញផ្សាយ​កាលពីដើម​ឆ្នាំ២០២០ បង្ហាញថា ​បទល្មើស​កាប់​ឈើ​បាន​កើនឡើង​ ជាពិសេស​នៅ​ជុំវិញ​រោងចក្រអារឈើ​របស់​ក្រុមហ៊ុន Think Biotech ដែល​មាន​ទីតាំងនៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្តក្រចេះ។ 

យោង​តាម​របាយការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ សកម្មភាព​បទល្មើស​ដែល​បាន​រាយការណ៍​ក្នុង​ឆ្នាំ២០១៨ មាន៣៩៥ករណី ​និង ៤៨៧ករណី​ក្នុង​ឆ្នាំ២០១៩។

ការសិក្សា​មួយ​ធ្វើឡើង​ដោយ កម្មវិធី​អេកូឡូស៊ី​នៃ​អង្គការ Jesuit Service Cambodia (JSC​) សហការ​ជាមួយ​បណ្តាញ​យុវជន​កម្ពុជា (CYN​) ផ្សាយ​នៅ​ថ្ងៃទី១០ ខែសីហា​នេះ បាន​បង្ហាញថា​ព្រៃឈើ​ជាង១០ម៉ឺន​ហិ​កតា​បាន​បាត់បង់​ក្នុងរយៈពេល​ជិត២០ឆ្នាំ​ គិត​ចាប់តាំងពី​ឆ្នាំ២០០០​ដល់២០១៩ ដែល២៤ភាគរយ​ស្ថិត​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ត្រូវ​បា​នបម្លែងជា​ដីចម្ការ។ 

លោក សាន ដែន បន្ថែម​ថា៖ «អញ្ចឹង​ហើយ ក្នុង​សហគមន៍​កាន់តែ​យូរ​ទៅ កាន់​តែ​ណាយ​ទៅ​ហើយ ណាយ​ដោយ​ឃ្លាត ពីព្រោះ​អី ជនល្មើស​វា​ច្រើន អ្នកការពារ​វា​តិច។ បើ​ទៅ​រក​គេ ខ្ញុំ​ដើរទៅ​រក​គេ​[ឱ្យ]ចូលរួម​ថែរក្សា​ចេះ គេ​ថា ទៅ​ធ្វើ​អី​ បាន​ប្រយោជន៍​អី មានប្រយោជន៍​អី​ដល់​គេ។ ទៅ​អារ​ឈើ​ បាន​មានប្រយោជន៍។»

លោក វ៉ន ត្រៃ អាយុ៤៣ឆ្នាំ សមាជិក​ក្រុមល្បាត​ព្រៃ​សហគមន៍«​ប្រាសាទ​ទឹកខ្មៅ»​ម្នាក់ទៀត​និយាយ​ថា​ ក្រុមល្បាត​ព្រៃ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្តិចបន្តួច​ ដូចជា ​ថ្លៃ​បាយ ថ្លៃ​សាំង​ ពេល​ដែល​ត្រូវ​ចុះ​ល្បាត​ប៉ុណ្ណោះ។ តែ​លោក​នៅតែ​បន្ត​កិច្ចការពារ​ព្រៃឈើ​នេះ ទោះជា​ការងារ​នេះ​មិន​ងាយស្រួល​និង​មិន​ទទួល​បាន​កម្រៃ​ក៏ដោយ។

លោក​ប្រាប់​ថា៖ «រឿង​ប៉ះពាល់ ចេះតែ​ប៉ះ​ហើយ។ ប៉ុន្តែ​ចិត្ត​យើង​អ្នកតស៊ូ​ការពារ​ព្រៃ ទោះ​គេ​ប្រមាថមើលងាយ​យ៉ាងម៉េច ក៏​យើង​នៅតែ​ធ្វើ​ដែរ។ យើង​ចេះតែ​លួងលោម​សមាជិក​យើង​ទាំងអស់​ថា យើង​កុំឱ្យ​បាក់ទឹកចិត្ត​អី​ ធ្វើ​ម្តេច​យើង​ជា​អ្នកការពារ ត្រូវតែ​មាន​ហើយ​អា​ពាក្យ​សម្តី​ពី​អ្នក​បទល្មើស​មក វា​តែងតែ​ប្រមាថ​យើង​ហើយ។»

លោក​បន្ថែម​ថា៖ «មានអី​! មានតែ​យើង​ចុះ​ជួយ​ល្បាត​សហគមន៍​យើង​ហ្នឹងឯង ដើម្បី​ដូច​ថា​ការពារ​ព្រៃ​ធនធាន​ធម្មជាតិ​ ដើម្បី​ឱ្យ​វា​រស់​ឱ្យ​បាន​គង់​រង្ស​ ទោះបី​វា​អស់ ឱ្យ​វា​អស់​យឺត កុំឱ្យ​វា​ទៅ​គំហុក​តែ​ម្តង​អញ្ចឹង​ណា៎!»

លោ​ក វ៉ន ត្រៃ បន្ត​ថា សព្វថ្ងៃ​សមាជិក​ល្បាត​ព្រៃ​សហគមន៍​មាន​ប្រមាណ៥០ទៅ៦០នាក់ ហើយ​ពួក​គេ​ធ្វើការ​ល្បាត​ព្រៃ​សហគមន៍​ប្រាសាទ​ទឹកខ្មៅ មួយ​ខែ​បីដង ដោយ​ឆ្លាស់​វេន​គ្នា​យ៉ាងតិច​ម្តង១០នាក់។

ប្រជាពលរដ្ឋ​ឃុំ​កំពង់ចាមម្នាក់ទៀត គឺ​លោក ឆន សុវណ្ណ អាយុ៤២ឆ្នាំ និង​ភរិយា រស់នៅ​ជា​មួ​យកូនៗ​បី​នាក់​នៅក្នុង​ផ្ទះ​ឈើ​តាម​ដងទន្លេ​មេគង្គ ក្នុង​ស្រុក​សំបូរ។ លោក​ធ្លាប់​ជា​អ្នកល្បាត​ព្រៃ​សហគមន៍​ប្រាសាទ​ទឹកខ្មៅ​ម្នាក់​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ​ ខេត្តក្រចេះ។ ប៉ុន្តែ​លោក​បាន​ឈប់​ពី​ការល្បាត​ព្រៃ ហើយ​មក​ធ្វើ​តែ​ស្រែចម្ការ​និង​អាស្រ័យផល​ព្រៃឈើ​វិញ។

លោក​និយាយ​ថា៖ «ពិបាក​ពេក ខ្ជិល ​ឈប់​ទៅ! មិនដឹង​ណាណី​ផង អើយ​ពិបាក​ណាស់។ បើ​យើង​ការពារ​ទាល់តែ​យើង​ការពារ​ទាំងអស់គ្នា បើ​យើង​អត់​ជួយការ​ពារ​ទាំងអស់គ្នា​ធ្វើ​ម៉េច។ អ្នកណា​រក​បាន​ៗ អ្នកណា​រក​មិនបាន អត់​ហ្នឹង​ណា»។

ទោះ​យ៉ាងណា​ លោក​នៅតែ​បារម្ភ​អំពី​សកម្មភាព​បទល្មើស​ដែល​នៅតែ​បន្ត​នេះ។

លោក​ សុវណ្ណ​ បន្ថែម​ថា៖ «បារម្ភ​តែ​អស់ពី​ព្រៃឈើ​ហ្នឹង​ទៅ អនុផល​ទាំងអស់​ហ្នឹង​ក៏​វា​អស់​ដែរ​មានអី​នៅ? ធនធាន​ធម្មជាតិ​វា​អស់ទាំង​អស់ហ្នឹង។ បើ​នៅ​ព្រៃឈើ​ហ្នឹង​ទៅ​ វា​អាច នៅ​វា​នៅ​មួយចប់ អាច​នៅ​ជម្រក​សត្វ​ជម្រក​អី​បាន។ បើ​ថា​អស់​ឈើ​អស់ហើយ ហើយ​ឈើ​ឥលូវៗកាន់តែ​លឿន​ទៅ​លឿន​ទៅ​ហើយ។»

ព្រៃ​សហគមន៍​ប្រាសាទ​ទឹកខ្មៅ មាន​ទំហំ​ប្រមាណ ៥ ៦៦៥ ហិ​កតា ដែល​ជាផ្នែក​មួយ​នៃ​ព្រៃ​ឡង់​ដែល​មាន​ទំហំ​ជិត ៥០០ ០០០ ហិ​កតា​ លាតសន្ធឹង​លើ​ខេត្ត​ចំនួន​បួន ដែល​រួមមាន ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​ភាគ​ខាងលិច​ទន្លេមេគង្គ​ក្នុង​ប្រទេស​កម្ពុជា។ ជនជាតិភាគតិច​គួយ​ជាង ២៥០ ០០០នាក់ ​កំពុង​រស់នៅ​ជុំវិញ​ព្រៃ​ឡង់​ក្នុង ៣៤០ភូមិ ​ក្នុង​ខេត្ត​ទាំងបួន។ នេះ​យោង​តាម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់។ 

ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​សហគមន៍​នេះ ​ពឹង​លើ​អនុផល​ព្រៃឈើ​ដែល​មាន​ដូចជា​ ដើមឈើ​និង​រុក្ខជាតិ៥៣០ប្រភេទ និង​ពូជសត្វ​ព្រៃ៣៩៣ប្រភេទ ដើម្បី​ទទួល​ចំណូល​បន្ថែម​ពីលើ​ការ​ធ្វើស្រែ​ដែល​ជា​ប្រភព​ចំណូល​ចម្បង។

អ្នកគ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​បណ្តាញ​យុវជន​កម្ពុជា លោក ស ម៉ូ​រី និយាយ​ថា ​ការអនុវត្ត​ច្បាប់ព្រៃ​ឈើ​នៅ​កម្ពុជា​នៅ​មាន​កម្សោយ​ ដែល​ជាហេតុ​បណ្តាល​ឱ្យ​បទល្មើស​កាប់​ឈើ​ខុសច្បាប់​មិន​មានការ​ថយ​ចុះ​ឡើយ។

លោក​និយាយ​ថា៖ «ដោយសារតែ​អ្នក​ដែល​រកស៊ី អ្នក​ដែល​ប្រមូល​ទិញ អ្នក​ដែល​បើក​ដេប៉ូ​ឈើ​ហ្នឹង សុទ្ធតែ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ។ អ៊ីចឹង​យើង​ឃើញថា​ ការអនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ទេ​ ហើយ​ស្ថានភាព​បទល្មើស​មិន​មានការ​ថយ​ចុះ​ទេ»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និយាយ​ថា ​រហូតមកដល់​ខែ​នេះ ​លោក​មិនទាន់​មាន​របាយការណ៍​ចុងក្រោយ​ស្តី​ពី​បទល្មើស​កាប់ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ឡើយ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​អត់​ទាន់​មាន​របាយការណ៍​ជា​រួម​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ហ្នឹង​ទេ​ក្នុងរយៈពេល​ចុងក្រោយ។ អញ្ចឹង​ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ថា​ តើ​វា​កើនឡើង​ឬថយ​ចុះ​នៅឡើយ​ទេ។»

ក្រសួងបរិស្ថាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​មន្ត្រី​ឧទ្យានុ​រក្ស៨៤នាក់​បាន​ឈរជើង​ការពារ និង​មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧទ្យានុ​រក្ស​៕

ដោយ៖ ទុំ ម្លិះ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ