ក្រសួង​ព័ត៌មាន​​បន្ត​​ជំរុញ​​ជា​ថ្មី​​ឱ្យ​​សារ​ព័ត៌មាន​​នានា​​ចុះ​បញ្ជី​​ស្រប​តាម​ច្បាប់​​នៅ​​ស្ថាប័ន​​ពាក់ព័ន្ធ​

ក្រុមជួសជុលបណ្ដាញលូផ្លូវ កំពុងជួសជុលកែលម្អលូនៅពីមុខក្រសួងព័ត៌មាន កាលពីដើមខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

ក្រសួងព័ត៌មាន​បាន​ជំរុញ​ជាថ្មី​ឱ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​អនុវត្ត​តាម​បទប្បញ្ញត្តិ​នានា​របស់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ថា ដើម្បី​ទទួល​បានការ​ទទួលស្គាល់​នូវ​ភាព​ស្របច្បាប់និង​ការពារ​ស្លាក​សញ្ញា​របស់​ខ្លួន។

ក្រសួងព័ត៌មាន​បាន​ជំរុញ​បែបនេះ​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​ដែល​ចេញ​ដោយ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ កាលពី​ថ្ងៃម្សិលមិញ​នេះ។

ក្នុង​សេចក្ដីជូនដំណឹង​នោះ ក្រសួងព័ត៌មាន​បាន​ជំរុញ​ឱ្យ​អនុវត្ត​តាមច្បាប់​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្មនិង​បញ្ជីពាណិជ្ជកម្ម និង​បទប្បញ្ញត្តិ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រងស្លាក​សញ្ញា​អាជីវកម្ម​នៅក្នុង​វិស័យ​ព័ត៌មាន។

ក្រសួង​បាន​ជំរុញ​ទៅ​អង្គការឬសមាគម​ដែល​ធ្វើការ​ផ្នែក​ព័ត៌មានឱ្យទៅ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់។

ក្រសួង​បញ្ជាក់​ជាថ្មី​ថា ស្ថាប័ន​សារព័ត៌មាន​ដែល​ប្រកប​អាជីវកម្ម ឬសេវាកម្ម​វិស័យ​សារព័ត៌មាននិង​សោតទស្សន៍ ត្រូវ​ចុះបញ្ជី​អាជីវកម្ម​របស់​ខ្លួន​ទៅតាម​ប្រកាស​អន្តរក្រសួង ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​ត្រូវ​ចុះបញ្ជី​អាជីវកម្មនិង​សេវា​របស់​ខ្លួន​នៅ​ក្រសួង​ពាណិជ្ជកម្ម។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​នេះ អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័​ណ្ឌ បាន​ថ្លែង​ថា ក្រសួង​ជំរុញ​បែបនេះ ដើម្បី​ការពារ​ផលប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​របស់​ស្ថាប័ន​សារព័ត៌មាន​ស្របច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ