កសិករ​​ត្រូវ​ការ​​ជំនាញ​​និង​​ការ​​គាំទ្រ​​បន្ថែម​​ដើម្បី​​បន្សាំ​នឹង​​បម្រែ​បម្រួល​​អាកាស​ធាតុ​​

លោក ផាត សុខា កំពុង​ចង​ស្ពៃ​ក្នុង​ចម្ការ​របស់​លោក នៅ​ស្រុក​ស្អាង ខេត្ត​កណា្តល កាលពី​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២០។ (គង់ មេត្តា​)

លោក ផាត សុខា កំពុង​អង្គុយ​ចង​បន្លែ ដៃ​ម្ខាង​កំពុង​កាន់​បាច់​បន្លែ ដៃ​ម្ខាងទៀត​ឈោង​ចាប់​យក​បន្លែ​ស្ពៃ​មក​ចងផ្អោប​ចូលគ្នា ហើយ​ចង​ជា​បាច់​យ៉ាង​ណែន​រួច​ទុក​មួយគំនរ។ លោក​និង​ប្រពន្ធ​កំពុង​អង្គុយ​ចង​បន្លែ​នៅ​ជិត​គ្នា ខណៈ​កូនស្រី​ជួយ​ដើរ​ប្រមូល​ស្ពៃ​នៅ​លើ​ថ្នាល​ដែល​បាន​កាត់​រួច​យក​មក​ឱ្យ​ពួក​គេ។ បន្លែ​ទាំងនេះ​ត្រូវ​រៀប​ដើម្បី​ត្រៀម​ទុក​សម្រាប់​ដឹក​ឱ្យ​អតិថិជន​ដែល​បាន​បញ្ជាទិញ​ប្រមាណ២០គីឡូ​ ឱ្យ​បាន​មុន​ម៉ោង១២ថ្ងៃត្រង់។ 

លោក ផាត សុខា ជា​កសិករ​នៅក្នុងឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្តកណ្តាល​ ប្រាប់​ថា ​របរ​នេះ​កាន់តែ​មានការ​លំបាក​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ​ដោយសារ​បញ្ហា​អាកាសធាតុ​ ពេលខ្លះ​មាន​ភ្លៀង​ច្រើន ពេលខ្លះ​ភ្លៀង​តិច និង​ពេលខ្លះ​ត្រូវ​សត្វល្អិត​បំផ្លាញ​ ជាដើម។ 

ភ្លៀង​កាលពី​ពាក់កណ្ដាល​ខែតុលា​បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​លិច​តំបន់​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ដោយឡែក លោក សុខា ក៏បាន​រងគ្រោះដោយសារ​ទឹកជំនន់​និង​ភ្លៀង​ច្រើន​នេះ​ដែរ ដោយ​បន្លែ​របស់​លោក​ដែល​ដាំ​លើ​ដី​ប្រមាណ២០អា បាន​ខូចខាត ​ដែល​គិតជា​ទឹកប្រាក់​ប្រហែល​៥ទៅ៦លាន​រៀល។ 

លោក​បញ្ជាក់​ថា៖ «រយៈពេល​ពីរ​ឬបី​ឆ្នាំ​ចុងក្រោយ​នេះ ប្រឈម​ភ្លៀង​ច្រើន​ ហើយ​ខ្យល់​ខ្លាំង​ៗ ក្តៅ​ខ្លាំង។ កាលពី​ឆ្នាំ២០០៦ យើង​ក៏​ជួប​អញ្ចឹង​ដែរ។ ខ្ញុំ​បាន​ខ្ចី​លុយ​ពី​បងប្អូនប្រហែល៣លាន​ ដើម្បី​ស្តារនិង​បន្ត​ធ្វើ»។

មិន​ខុសពី​លោក សុខា ប៉ុន្មាន​ឡើយ លោកស្រី ឡាយ ហ្គិច​សៀក​ មាន​អាយុ៤០ឆ្នាំ រស់នៅឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្តកណ្តាល កំពុង​ដាំ​បន្លែ ដំាំ​ស្ពៃ បន្លែ​ស្លឹក​គ្រប់​ប្រភេទ ក៏​ទទួលរង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​នៅ​ឆ្នាំនេះ​ដែរ។ 

លោកស្រី​និយាយ​ថា៖ «យើង​ដាក់​បាច​គ្រាប់ ហើយ​លិចទឹក ដាក់​ហើយ​បាន២០ថ្ងៃ លិច​ទឹក​ទាល់​ងាប់​អស់ ហើយ​ចំណាយ​លុយ​អស់២លាន។ បើ​ល្អ​ វា​គិតទៅ​ប្រហែល​បាន៨តោន»។

លោកស្រី​លើកឡើង​ថា ​កាលពីមុន​ មុខរបរ​ដាំ​បន្លែ​របស់​អ្នកស្រី​មិនសូវ​ជួប​ការ​លំបាក​ប៉ុន្មាន​នោះ​ទេ​ ដោយសារតែ​លោកស្រី​និង​អ្នកភូមិ​ដឹង​ច្បាស់​ថា​ ប្រសិនបើ​ខែប្រាំង​នឹង​គ្មាន​ភ្លៀវ​ឬមាន​ភ្លៀងកក់ខែ​តិចតួច ហើយ​ខែវស្សា​មាន​ភ្លៀង​ធ្លាក់ច្រើន។ ដូច្នេះ​ លោកស្រី​អាច​ជ្រើសរើស​ពូជ​ដំណាំ​ដែល​សមស្រប​សម្រាប់​រដូវ​កាល​នី​មួយ​ៗ។ ប៉ុន្តែ​លោកស្រី​ថា ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ អាកាសធាតុ​មិន​ដូច​ពីមុខ​ទេ។

លោកស្រី​លើកឡើង​ថា៖ «ខ្ញុំ​គិតថា​អាក្រក់ ក្តៅ​ហើយ​ភ្លៀង។ កាលពីមុន ខែប្រាំង​គឺ​ខែប្រាំង ខែវស្សា​គឺ​ខែវស្សា។ យើង​ពិបាក មេឃ​ក្តៅ ហើយ​ភ្លៀង​ច្រើន ធ្វើ​ឱ្យ​ខូច​បន្លែ‌»។

លោក យ៉ង់ សាំង​កុមារ ដែល​ជា​អ្នកជំនាញ​កសិកម្ម ប្រាប់​វី​អូ​ឌីតា​មសារ Messenger ជាសំឡេង​ថា ប្រជាពលរដ្ឋ​កម្ពុជាដែល​ជា​កសិករ​កំពុង​បន្ត​មានបញ្ហា​ប្រឈម​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ។ លោក​មើលឃើញ​ថា​ សមត្ថភាព​របស់​កសិករ​ក្នុង​ការគ្រប់គ្រង​ទឹកនិង​ថែទាំ​ដី​នៅ​មានកម្រិត​នៅឡើយ។

លោក​មានប្រសាសន៍​ថា៖ «អ្នក​ដែល​ចង់​ដាំដុះ ​ត្រូវ​ជម្នះការ​លំបាក​ពីរ​ហ្នឹង ធ្វើ​ម៉េច​កុំឱ្យ​ខ្វះ​ទឹកនិង​ទឹកជន់។​ ពួក​គាត់​គួរ​បែងចែក​តំបន់​ដាំដុះ​ខែ​ទឹក​លិច ហើយ​ខែ​ក្តៅ​ហើយ​ស្ងួត​ខ្លាំង។កសិករ​អាច​បម្លែង​ដីស្រែ​ជា​កសិដ្ឋាន​ធ្វើជា​ដីទួល​ដាំ​បន្លែ មួយ​ផ្នែក​ជីក​ជា​ស្រះ ហើយ​មួយ​ផ្នែក​អាច​ធ្វើជា​ស្រែ យក​ទឹក​ពី​ស្រះ​ អាច​ប្រើប្រាស់​បាន​គ្រប់​រដូវ»។ 

លោក សុខា ចាប់ផ្តើម​ដាំ​បន្លែ​តាំងពី​ឆ្នាំ២០០៦ ហើយ​នៅ​ឆ្នាំ២០១៣ កសិករ​រូប​នេះ​បាន​ចូលរួម​ជាមួយ​បណ្តាញ​សហគមន៍​កសិករ​មួយ​ឈ្មោះថា​«បណ្តុះ»។ លោក​ទទួលស្គាល់​ថា ​ការចូលរួម​ក្នុង​សហគមន៍​ លោក​ទទួល​បានការ​បណ្តុះបណ្តាល​ពី​មន្ទីរនិង​អ្នកជំនាញ​ផ្នែក​កសិកម្ម ដើម្បី​សម្រប​ការ​ដាំដុះ​នឹង​បម្រែបម្រួលអា​កា​ស​ធាតុ។ 

លោក​និយាយប្រាប់​ពី​វិធី​សាស្រ្ត​នោះ​ថា៖ «ពេលណា​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​យើង​ប្រមូល​ផល​អត់​បាន​មួយឆ្នាំ​ មួយ​ឆ្នាំ​ៗទៅ។ យើង​ធ្វើ​កម្មវិធី​ថ្មី​ ដូចជា ​បើ​មេឃ​ក្តៅ យើង​បាញ់​ទឹក»។

លោកបន្ថែម​ថា៖ «រយៈពេល​ពីរ​ឬបី​ឆ្នាំ​ចុងក្រោយ​នេះ ប្រឈម​ភ្លៀង​ច្រើន ​ហើយ​ខ្យល់​ខ្លាំង​ៗ ក្តៅ​ខ្លាំង។ យើង​អត់​ដឹង​ឆ្នាំក្រោយ វា​យ៉ាងម៉េច​ទេ​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ​ការ​ដាំ​តាម​ផ្ទះ​សំណាញ់ ទិន្នផល​មិនសូវ​ប៉ះពាល់​ខ្លាំង» ។

បច្ចុប្បន្ន លោក​ដាំ​បន្លែ ដាំ​ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ខាត់ណា ដោយមាន​ឈ្មួញ​ទទួល​ទិញ​តាម​កិច្ចសន្យា​ ដែល​មាន​មន្ទីរ​កសិកម្ម​ជា​អ្នកជួយ​សម្របសម្រួល​និងស្វែងរក​ទីផ្សារ​ជូន​កសិករ។ 

លោក​បញ្ជាក់៖ «យើង​មាន​សមាជិក ហើយ​យើង​ទូរសព្ទ​ដើម្បី​សួរ​តម្លៃ​គ្នា យើង​ប្រជុំ​គ្នា ជួបជុំគ្នា។

យ៉ាងណាមិញ លោក​ សុខា ប្រាប់​ថា ​កសិករ​គួរតែ​មានការ​កត់សម្គាល់កត់ត្រា​ដោយខ្លួនឯង ចំពោះ​បញ្ហា​ដែល​បន្លែ​ប្រឈម ហើយ​ស្វែងរក​ដំណោះស្រាយ និង​សួរនាំ​អ្នក​ពាក់ព័ន្ធ​ដែល​មានបទពិសោធន៍។

លោក​បញ្ជាក់៖ «យើង​គួរ​សង្កេតមើលស្វែងរក​បច្ចេកទេស​រៀងខ្លួន​ ប៉ុន្តែ​ខេត្ត​ខ្លះ​នៅ​តំបន់​ដាច់ស្រយាល ​ប្រហែល​មិនសូវ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ទៅដល់​ទេ»។

ទោះជាយ៉ាងណា​ក្តី​ ទាំង​លោក​ សុខា និង​លោ​កស្រី ​ហ្គិច​ ដែល​ជាស​មា​ជិ​កកសិករ​បណ្តុះ​ដែរ​នោះ យល់ស្រប​គ្នា​ថា​ ការ​ដាំដុះ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់ និង​បច្ចេកទេស​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​ ត្រូវ​ចំណាយ​ដើម​ច្រើន។

កុមារ​ម្នាក់​កំពុង​អង្គុយ​លើ​រង​ស្ពៃ​ក្នុង​ចម្ការបន្លែ នៅ​ស្រុក​ស្អាង ខេត្ត​កណា្តល កាលពី​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២០។ (គង់ មេត្តា​)

ម្យ៉ាងវិញទៀត ​ពួក​គេ​ថា ​តម្រូវការ​ទីផ្សារ​លើ​បន្លែ​សរីរាង្គ​ដែល​ពួក​គាត់​ដុះ​បាន​ក៏​នៅ​មានកម្រិត​នៅឡើយ ដោយពេល​ខ្លះ​ ពួក​គេ​ត្រូវលក់​បន្លែ​សរីរាង្គ​ដែល​ពួក​គេ​ដាំ​បាន​ក្នុង​តម្លៃ​ដូចគ្នានឹង​បន្លែ​ទូទៅ​ដែរ។ ក្រោយពី​ទឹកជំនន់​បាន​ស្រក​ទៅវិញ​អស់ រដ្ឋាភិបាល​បាន​បញ្ចេញ​ពូជស្រូវនិង​ដំណាំ​ឱ្យ​ប្រជាកសិករ​សម្រាប់​បង្កបង្កើនផល។ 

លោក ហ៊ សុផល អនុ​ប្រធាន​មន្ទី​រកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​ប្រាប់ VOD តាម​ទូរសព្ទ​ថា​ កសិករ​ប្រមាណ១ ០០០គ្រួសារ​បាន​ចូល​ជា​កសិករ​បណ្តុះ។ លោក​ថា​ កសិករ​ទទួល​បានការ​បង្រៀន​បច្ចេកទេសក្នុង​ការ​ដាំដុះ​ បន្សាំនឹង​កា​រប​ម្រែ​បម្រួល​អាកាសធាតុ។ ប៉ុន្តែ​លោក​ថា ​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០២២។

លោក​បញ្ជាក់​ថា៖ «យើង​បន្ត​ផ្សព្វផ្សាយ​ឱ្យ​គាត់​ដាំ​ក្នុង​ផ្ទះ​សំណាញ់។ អញ្ចឹង​គាត់​អត់មាន​បញ្ហា​សត្វល្អិត កម្ដៅថ្ងៃ មានការ​ធន់ទ្រាំ​នឹង​អាកាសធាតុ​ខ្ពស់។ […] ពេល​គម្រោង​ចប់ នៅតែ​តាមដាន​ពួក​គាត់ យើង​នឹង​ប្រើ​ប្រាស​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ ទោះជា​មាន​តិច​ក្តី។ យើង​បង្កើត​ជា Whatsapp Group ដើម្បី​ឱ្យ​កសិករ​អាច​សួរ​គ្នា​បាន»។ 

បណ្ឌិត យ៉ង់ សាំង​កុមារ លើកឡើង​បន្ត​ថា ​ការប្រើ​ប្រាស់​កញ្ចប់​ថវិកា​ដើម្បី​បន្ត​ជួយ​កសិករ​ គឺ​មាន​ភាព​ស្តួចស្តើង​ក្រោយពី​គម្រោង​បាន​បញ្ចប់។ 

លោក​បញ្ជាក់៖ «យើង​អាច​និយាយ​បាន​និរន្ត​រភាព ជា​ពិសេស​ផ្នែក​ខាង​ហិរញ្ញវត្ថុ​ក្នុង​ការ​គាំទ្រ​កសិករ​មានការ​ខ្វះខាត​ ដោយសារ​ភាគច្រើន​លុយ​ម្ចាស់​គម្រោង។ […] អញ្ចឹង​ការប្រើ​ប្រាស់​ថវិកាដើម្បី​គាំទ្រ​កសិករ​ជា​និរន្ត​ មាន​តិច​តួច​ណាស់។ អញ្ចឹង​និរន្តរភាព​ផ្នែក​ហិរញ្ញវត្ថុ​ ដើម្បី​ប្រើប្រាស់​ថវិកាជាតិ​ដើម្បី​គាំទ្រ​កសិករ ពង្រីក​ឱ្យ​បាន​ទូទាំង​ប្រទេស ​នៅ​ខ្វះខាត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ