កម្មកររោងចក្រ២ ព្រមានដើរហែក្បួនតាមដងផ្លូវ ខណៈដំណោះស្រាយវិវាទការងារពួកគេបន្តពន្យាពេល

កម្មកររោងចក្រ ឌីកនើធី និងអ៊ីខូបេសជួបប្រជុំជាមួយតំណាងនៅមុខរោងចក្រនៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅសង្កាតសិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល។ (ឃុត សុគន្ធ)

កម្មករកម្មការិនីបម្រើការងារនៅរោង​ចក្រ ​ឌី​កនើធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស (Eco Base​) ស្ថិត​ក្នុង​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ព្រមានដើរហែរក្បួនតាមផ្លូវសាធារណៈ បើសិន វិវាទការងារក្នុងរោងចក្រទាំងពីរនេះនៅបន្តអូសបន្លាយ ប៉ុន្តែអាជ្ញាធរថាកំពុងខិតខំដោះស្រាយបញ្ចប់ហើយ។

កាលពីថ្ងៃទី១៥ ខែធ្នូ ​ឆ្នាំ២០២០ សាលាដំបូង​ខេត្តកណ្តាល បាន​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ដាក់ដេញថ្លៃ​លក់ឡៃឡុង​​ចលនវត្ថុ​រោងចក្រ​ទាំងពីរ​​ នៅ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ម្សិល​មិញ​ ដើម្បីយក​លុយដោះស្រាយ​សំណងជូនកម្មករ ប៉ុន្តែដំណើរការដេញថ្លៃនោះ ត្រូវបានពន្យាពេលវិញ ដោយសារអ្នកដេញថ្លៃមិនគោរពទៅតាមលក្ខខណ្ឌ។

ការប្រកាសដេញថ្លៃលក់ឡៃឡុង​ចលនវត្ថុរបស់រោងចក្រនេះ ធ្វើឡើង​ក្រោយពីក្រុមកម្មករ​បានតវ៉ា និងដេកយាមមុខរោងចក្ររយៈ​ពេល១ឆ្នាំ។

កម្មការិនី​ផ្នែក​កាត់​ព្រុយ អ្នកស្រី សួរ សុ​ជាតិ អាយុ៤០ឆ្នាំ បម្រើការ​ងារ​នៅ​រោង​ចក្រ ​ឌី​កនើ​ធីរយៈពេល​១៦ឆ្នាំ មក​ហើយ​នោះ បាន​ប្រាប់វីអូឌីនៅល្ងាច​ថ្ងៃពុធថា អ្នកស្រី ក៏ដូចជាកម្មករផ្សេងទៀត មានការខកចិត្តជាខ្លាំង ក្រោយពីលឺថា ដំណើរដេញថ្លៃលក់ឡៃឡុងចលនវត្ថុរោងចក្រ ត្រូវ​ពន្យាពេល។

កម្មការិនីរូបនេះ និយាយថា ការ​តវ៉ា និងដេកយាមមុខរោងចក្រ១ឆ្នាំមកនេះ បានធ្វើ​ឱ្យ​កម្មករជួបការលំបាកច្រើនដូចជា ខ្វះខាត​ក្នុងជីវភាពគ្រួសារ មិនអាចទៅរកការងារកន្លែងផ្សេងបាន និងត្រូវសម្រាក​តាមចិញ្ចើមថ្នល់ហាលថ្ងៃហាលភ្លៀង​ជាដើម ព្រោះតែ​រងចាំដំណោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «អីចឹងពួកយើងពិបាកសព្វពិបាកគ្រប់ យើងរកចំណូលមិនបានហើយ ការហូបចុកយើងកាន់តែខើចទៀត។ យើងចង់ទៅស៊ីស្នួលគេកន្លែងផ្សេង ក៏ពិបាក ដោយសាររវល់ៗជាមួយការដែលគេដោះស្រាយមិនចប់ហ្នឹង»

ស្រែកតាមឧឃោសនសព្ទ​នៅអំឡុងពេលប្រមូល​ផ្តុំ​នៅមុខរោងចក្រ នាព្រឹកថ្ងៃពុធនេះ ក្រុមកម្មករបានព្រមានពីការដើរហែរ​ក្បួន និងតវ៉ាបិទផ្លូវ ប្រសិនបើខាងរោងចក្រ នៅតែ​ពន្យា​ពេលដោះស្រាយតទៅទៀតនោះ។

លោក ភិន សុភា អះអាង​ថាជា​តំណាង​កម្មករ និង​ជា​តំណាង​សហជីព​ស៊ី​ខៅ​ឌូ​ប្រចាំ​រោងចក្រ​ទាំងពីរ​នេះ បាននិយាយ​ថា តាមព័ត៌មានដែលលោកទទួលបាន ការដាក់ដេញថ្លៃលក់ឡៃឡុងចលនវត្ថុរោងចក្រនោះ គឺ​ក្រុមហ៊ុនចំនួន៤ បានចុះឈ្មោះចូលរួមដេញថ្លៃ។ ប៉ុន្តែលោកថា នៅថ្ងៃនោះ មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលបានដាក់ដេញថ្លៃ ដែលធ្វើដំណើរការដេញនោះ មិនអាចធ្វើទៅបាន។

លោកបន្ថែមថា៖ «អ្នកដាក់ពាក្យដេញថ្លៃមាន៤ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំង៤ហ្នឹង គឺគាត់មិនបានអនុវត្តទៅតាមលក្ខខណ្ឌនៃការដេញថ្លៃដែលតម្រូវឱ្យតម្កល់​លុយ១០ភាគរយ នៃលុយដែលបានកំណត់ដេញទេ។ ហើយកាលពីម្សិលមិញហ្នឹង ក្នុងចំណោម៤ក្រុមហ៊ុន មានតែមួយក្រុមហ៊ុនទេ ដែលបានចូលរួមដាក់ដេញថ្លៃ។ ហើយមួយក្រុមហ៊ុនហ្នឹង ក៏មិនបានដាក់លុយតម្កល់​ទៅតាមលក្ខខណ្ឌដែរ។ អីចឹងវាធ្វើការដេញថ្លៃហ្នឹងវាមិនអាចទៅរួច»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលលោក សូ សារិន បាននៅថ្ងៃពុធនេះ។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មាន​ប្រសាសន៍ថា ទាំងមន្ត្រីអាជ្ញាធរ និងមន្ត្រីតុលាការបានខិតខំប្រឹងប្រែងក្នុងការ​ដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រទាំងពីរ។ លោកបន្តថា ដំណើរការនៃការដាក់ដេញថ្លៃលក់ឡៃឡុងចលនវត្ថុរបស់រោងចក្រនោះ គឺធ្វើឡើងតាមនីតិវិធីច្បាប់ មានតម្លាភាព និងសុចរិតភាពដោយមានការចូលរួមឃ្លាំ​មើលពីភាគីពាក់ព័ន្ធទាំងអស់។

អភិបាលខេត្តរូបនេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធនឹងដាក់ដេញលក់ឡៃឡុងសម្ភាររោងចក្រម្តងទៀត ក្នុងពេលឆាប់ៗ​ខាងមុខនេះ។

លោកបន្ថែមថា៖ «ការពន្យាពេលដេញថ្លៃនេះ មិនមែនពន្យាលពេលក្នុងចេតនាអ្វីទេ យើងធ្វើតាមនីតិវិធីដែលមិនអាចដំណើរ បើយើងនៅតែវិនាសនឹងធ្វើ វាអាចខុសនីតិវិធី ហើយមានការវាយប្រហារ ហើយមានការមិនពេញចិត្តពីកម្មករជាដើម អីចឹងយើងសុំពន្យាបន្តិចសិន។ យើងមិនចង់ទុកនៅយូរទេ យើងចង់ដោះស្រាយឱ្យកម្មករឱ្យបានឆាប់។ យើងបានចង់បានស្នាដៃក្នុងការដោះស្រាយរឿងដែរ»

ក្នុងដំណើរការដេញថ្លៃនេះ សាលាដំបូងខេត្តកណ្តាល ​បាន​កំណត់​តម្លៃ​ដេញថ្លៃ​ទាប​បំផុត ​គឺ​ចាប់ពី ១ ៧៧៧ ០០០ដុល្លារ​ ឡើង​ទៅ ហើយតម្រូវអ្នកដែលចូលរួមដេញថ្លៃត្រូវតម្កល់​ប្រាក់ចំនួន ១០ភាគរយ ​ជាមុន នៃប្រាក់កំណត់ដាក់ឱ្យដេញថ្លៃនេះ។

មន្រ្តី​ផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត ឱ្យដឹងថា រោងចក្រឌីកនើធី និងអ៊ីខូបេស មានកម្មករ​សរុប១ ២២៦នាក់​ នឹង​ត្រូវ​ទទួល​បានការ​ទូរទាត់ប្រាក់​សំណង៥ចំណុច ដែលមាន​ចំនួន​សរុប​ប្រហែល​១លាន​៩១ម៉ឺន​ដុល្លារ។

សហជីពរូបនេះ រំពឹង​ថា ការ​ដាក់ដេញថ្លៃ​នេះ​នឹង​មាន​តម្លាភាព ហើយ​កម្មករ​នឹង​ទទួល​បាន​សំណង​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ ខណៈ​លោក​ថា ការ​ដេញថ្លៃ​នេះ​ ​មានការ​ចូលរួម​ឃ្លាំមើល​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន​វាយតម្លៃអចនទ្រព្យ​​អន្តរជាតិផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ