គម្រោងប្លាស្ទិកដូរយកអង្ករនៅសៀមរាបជួយបរិស្ថានបានប្រសើរឡើង

សកម្មភាពបងប្អូនរស់នៅសហគមន៍ជាប់បឹងទន្លេសាបក្នុងខេត្តសៀមរាមប្រមូលសំរាមប្លាស្ទិច ប្រភពរូបពី(អង្គការមូលនិធិ ទំពាំងស្នងឫស្សី)

អង្គការមូលនិធិទំពាំងស្នងឬស្សីបានសហការជាមួយអាជ្ញាធរក្នុងខេត្តសៀមរាបអនុវត្តគម្រោងប្លាស្ទិកដូរយកអង្ករជាមួយប្រជាសហគមន៍រស់នៅតាមដងបឹងទន្លេសាប ដើម្បីជំរុញឱ្យមានការការពារបរិស្ថាន និងថែរក្សាជីវៈចម្រុះ។

ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី លោក ស៊ា សុផល បានឱ្យដឹងថា គម្រោងប្លាស្ទិកដូអង្ករបានជំរុញឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយថាគម្រោងនេះគឺត្រួវបានជាបង្កើតជង្រុកទុកប្លាស្ទិក​ឱ្យបានត្រឹមត្រូវនៅតាមសហគមន៍។

លោក ស៊ា សុផល៖«យើងធ្វើអញ្ចឹងគឺដើម្បីបង្កើនប្រសិទ្ធភាព ព្រោះជួនកាលយើងសំអាតមានអ្នកខ្លះធ្វើអ្នកខ្លះអត់ធ្វើ។ បើយើងមានកម្មវិធីដូរយកអង្ករទៅគឺត្រូវតែធ្វើ ដោយចាប់ដៃជាមួយមន្ទីរ​ជំនាញច្បាស់លាស់ដើម្បីធ្វើអញ្ចឹងតែម្តងជាកម្មវិធីផ្លូវការ មានជង្រុកត្រឹមត្រូវ ។ គោលដៅយើងគឺចង់អភិរក្ស និងការពារជីវៈជម្រុះក្នុងទន្លេសាប គិតគូពីសុខភាពទន្លេសាប»។

លោកបន្តថា បន្ទាប់ពីការអនុវត្តន៍គម្រោងនេះ បានធ្វើឱ្យបឹងទន្លេសាបមិនសូវមានសំរាមប្លាស្ទិកច្រើននោះទេ ដោយសារមានការគាំទ្រពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីប្រជាសហគមន៍។

លោក ស៊ា សុផល៖«ការចូលរួមរបស់ប្រជាពលរដ្ឋមានភាពគគ្រិកគគ្រេងមែនទែន ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរជំនាញខេត្ត រហូតដល់ក្រសួងបរិស្ថាន គេស្រលាញ់គំនិតហ្នឹងគម្រោងនេះនឹងចូលរួមថែរក្សាប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាបបានយ៉ាងច្រើន ទន្លេសាបអត់សូវមានសំរាម ជាពិសេសភូមិដែលយើងអនុវត្តន៍ លែងឃើញមានសំរាមអណ្តែតលើទឹក គឹតិចតួចបំផុត[..]បើយើងអត់ធ្វើ អត់មានកម្មវិធីហ្នឹងទេ ប្លាស្ទិចរាប់រយ រាប់ពាន់គឺអណ្តែតប្រសេចប្រសាចពេញផ្ទៃទឹកហ្នឹងតែម្តង អញ្ចឹងគឹវាប្លែកច្រើន»។

របាយការណ៍ក្រសួងបរិស្ថានបង្ហាញថា ក្នុង​ឆ្នាំ២០១៩ មានសំរាម​ប្លាស្ទិក​ប្រមាណ​ជិត២០០តោន ត្រូវ​បាន​ប្រមូល​ចេញពី​បឹងទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ហើយថា​នៅ​ឆ្នាំ២០២០នេះសំណល់​ប្លាស្ទិក​ប្រមាណ​២៥០តោន​ដែលប្រមូលបាន ត្រូវ​បាន​យក​ទៅ​កែច្នៃ​ធ្វើជា​ឥដ្ឋ​បរិស្ថាន។ ក្រសួងដដែលបានបញ្ជាក់ថា កាកសំណល់​ប្លាស្ទិក​កំពុង​បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​អភិវឌ្ឍ​មនុស្ស​នៅ​ទូទាំង​ពិភពលោក ដោយ​ថាកាកសំណល់​ប្រភេទ​នេះត្រូវ​ប្រើ​ពេលវេលា​យូរ ទើប​រលាយ​អស់ពី​ផែនដីដោយប្រើពេល​ចាប់ពី៥០០ ទៅ១០០០​ឆ្នាំ។

អ្នកស្រី ស៊ាត វ៉ាន់និត ប្រជាសហគមន៍រស់នៅ  ភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំង  បានបង្ហាញការគាំទ្រចំពោះគម្រោងមួយនេះ ដោយថាបានជំរុញឱ្យពលរដ្ឋចេះទុកដាក់សំរាមត្រឹមត្រួវ និងកាត់បន្ថយសំរាមប្លាស្ទិកក្នុងបឹងទន្លេសាប។

អ្នកស្រី ស៊ាត វ៉ាន់និត ៖«គម្រោងនេះបានជួយឱ្យប្រជាពលរដ្ឋគាត់ចេះទុកដាក់សំរាមបានត្រឹមត្រូវ។ ហើយណាមួយទៀតអាចជួយឱ្យបឹងទន្លេសាបរបស់យើងគឺគ្មានប្លាស្ទិច[…] សំរាមវាអាចនៅលើដីក៏បានក្នុងដីក៏បាន និងមាននៅក្នុងទឹកទៀត ជាពិសេសគឺនៅកំពង់ឃ្លាំង នៅពេលដែលរដូវទឹកឡើងមានទឹកវាតែងតែហូរនាំសំរាមហ្នឹងទៅជាមួយ ពេលខ្លះវាអាចចូលដល់ទន្លេទៀត អាចពាក់ព័ន្ធនឹងត្រីទៀត»។

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោកស៊ុន គង់ មានប្រសាសន៍ថា សំណល់ប្លាស្ទិកដែលរាយប៉ាយនៅតាមបឹងទន្លេសាប  ដោយសារប្រជាពលរដ្ឋមិនទាន់បានយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនមានសេវាប្រមូលសំរាម។ លោកថាអាជ្ញាធរ និងអង្គការមូលនិធិទំពាំងស្នងឬស្សី តែងតែសហការគ្នារៀបចំ អប់រំពលរដ្ឋពីផលប៉ះពាល់នៃប្លាស្ទិក ដែលនាំឱ្យពួកគាត់មានការយល់ដឹងពីការទុកដាក់សំរាមបានច្រើនជាងមុន។

លោកស៊ុន គង់ ៖«សំខាន់ពួកគាត់យល់ដឹងខ្ពស់ជាងមុនមិនចោទខាងបរិស្ថានទេក្នុងពេលឥឡូវនេះ។ សំរាមគឺបង្កើតឡើងដោយបុគ្គលម្នាក់ៗ ត្រូវបន្ទោសខ្លួនឯង។ អ្វីដែលយើងឃើញអាជ្ញាធរភូមិឃុំគាត់ដាក់ធុងសំរាមដើម្បីកាត់បន្ថយការយកទៅចោល។ ប្រជាពលរដ្ឋខ្លះគាត់ថាមិនមានកន្លែងទុកដាក់សំរាម មិនទាន់មានសេវាចូលទៅដល់»។

ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបរូបនេះឱ្យដឹងទៀតថា ប្លាស្ទិកដែលប្រមូលបានមតាមរយៈគម្រោងប្លាស្ទិកដូរយកអង្ករនេះនឹងត្រូវយកទៅផលិតជា​ឥដ្ឋបរិស្ថាន។

បើតាមប្រធានអង្គកាមូលនិធិទំពាំងស្នងឫស្សីលោក ស៊ា សុផល បានបញ្ជាក់ថា គម្រោងប្លាស្ទិកដូរយកអង្ករបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២០ ក្នុងសហគមន៍ចំនួន២ប៉ុណ្ណោះគឺក្នុងសហគមន៍កំពង់ឃ្លាំង និងសហគមន៍មេជ្រៃ ប៉ុន្តែបច្ចុប្បន្នគម្រោងមួយនេះត្រួវបានអនុវត្តន៍គ្រប់សហគមន៍ទាំងអស់ដែលនៅជាប់បឹងទន្លេសាបក្នុងខេត្តសៀមរាមទាំងមូល ដោយប្រជាពលរដ្ឋប្រមូលប្លាស្ទិកបាន៥គីឡូក្រាមពួកគេ អាចដូយកអង្ករចំនួន១០គីឡូក្រាម៕​

អត្ថបទដោយ ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ