វិភាគ​៖​ ហេតុ​អ្វី​​សេដ្ឋ​កិច្ច​​វៀតណាម​​នៅ​តែ​​រីក​ចម្រើន​​ក្នុង​​ស្ថាន​ភាព​​កូ​វីដ​១៩​?

ពលរដ្ឋវៀតណាមធ្វើដំណើរតាមផ្លូវ ដោយមានពាក់ម៉ាស់ការពារពីមេរោគឆ្លងផង នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ (AFP)

របាយការណ៍​រដ្ឋាភិបាល​វៀតណាម​បង្ហាញថា នៅក្នុង​ឆ្នាំ២០២០ ការ​នាំ​ទំនិញ​ចេញទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ច្រើនជាង​ការនាំចូល ​គិតជា​ទឹកប្រាក់​ចំនួន១៩,១ប៊ី​លាន​ដុល្លារ ដែលនេះជា​ចំនួន​ធំ​បំផុត​បើ​គិត​ចាប់តាំងពី​ឆ្នាំ២០១៦មក។

ស្ថាប័ន​មូ​លនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF​) បង្ហាញ​លទ្ធផល​នៃ​ការសិក្សា​បឋម​ថា នៅក្នុង​ឆ្នាំ២០២០ អត្រាកំណើន​សេដ្ឋកិច្ច​របស់​វៀតណាម កើន​ចន្លោះ​ពី ០,៨ ទៅ ២,៤ ភាគរយ។ ចំនួន​នេះ​គឺជា​អត្រាកំណើន​ខ្ពស់​បំផុត​ក្នុងចំណោម​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេង​ៗទៀត​នៅ​លើ​ពិភពលោក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​មេរោគ​កូ​វីដ១៩។

វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​នៅ​តំបន់​អាស៊ាន​នៅ​ឆ្នាំ២០២០ ហើយ​ក្លាយជា​ប្រទេស​មាន​អត្រាកំណើន​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​នៅ​ឆ្នាំ២០២១។

ធនាគារ​សាជីវកម្ម​ហុងកុង​-សៀងហៃ (HSBC​) បាន​ចេញ​របាយការណ៍បង្ហាញថា បើ​ទោះជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​ប្រឈម​ដោយសារ​មេរោគ​កូ​វីដ១៩ តែ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ សេដ្ឋកិច្ច​វៀតណាម​នៅតែ​រក្សា​អត្រាកំណើន​បាន​ចំនួន១,៨ភាគរយ។ 

របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ២០២១ វៀតណាម​នឹង​ទទួល​បាន​អត្រាកំណើន​សេដ្ឋកិច្ច ចំនួន៨,១ភាគរយ ដែល​ចំនួន​នេះ​ខ្ពស់​ជាងគេ​បើ​ប្រៀបធៀប​ជាមួយ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេង​ៗទៀត​នៅ​តំបន់​អាស៊ី។

តើក​ត្តា​អ្វីខ្លះ​បាន​ជា​សេដ្ឋកិច្ច​​វៀតណាម​នៅតែ​មាន​ភាពល្អ​ប្រសើរ ខណៈ​ប្រទេស​ផ្សេង​ៗរង​ផល​ប៉ះពាល់​ខ្លាំង​នោះ​? 

បើ​យើង​ពិនិត្យមើល​លើ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក ​ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​កាលពី​ថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២០ បង្ហាញថា សេដ្ឋកិច្ច​របស់​វៀតណាម មាន​សញ្ញា​ល្អ​ជាង៣០ឆ្នាំ​មក​ហើយ​ ​ចាប់តាំងពី​ការ​ធ្វើ​កំណែទម្រង់​មួយ​ដែល​មានឈ្មោះ​ថា Doi Moi មានន័យថា «ស្តារ​ឡើងវិញ»។ 

របាយការណ៍​ធនាគារពិភពលោក​បង្ហាញថា បើ​ទោះជា​វៀតណាម​រង​ផល​ប៉ះពាល់​ដូច​ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភពលោក​ដោយសារ​កូ​វីដ១៩ក៏ដោយ ប៉ុន្តែ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅតែ​បន្ត​លូតលាស់​ទៅមុខ។

ធនាគារពិភពលោក​បញ្ជាក់​ថា រយៈពេល៦ខែ​នៃ​ឆ្នាំ២០២០ វៀតណាម​មាន​អត្រាកំណើន​សេដ្ឋកិច្ច១,៨ភាគរយ ហើយ​រយៈពេល១ឆ្នាំ​ពេញ​នៃ​ឆ្នាំ២០២០ អត្រាកំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​កើន​ដល់២,៨ភាគរយ។

នយោបាយ​ការបរទេស

​វៀតណាម​ជា​ប្រទេស​កុម្មុ​យនី​ស្ត​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​ទាំង​ប្រទេស​កុម្មុយនីស្ត​ដូចគ្នា និង​ប្រទេស​កាន់​របប​សេរី។ សូម្បីតែ​ចិន​កុម្មុយនីស្ត​ជាស​ត្រូវ​ធំ​ក្នុង​ករណី​ជម្លោះ​ព្រំដែន និង​អាមេរិក​ជាស​ត្រូវ​បង្ហូរឈាម​ក្នុង​ទសវត្សរ៍ ៥០​, ៦០ និង ៧០ ក៏​បច្ចុប្បន្ន​ជា​ដៃគូ​ពាណិជ្ជកម្ម​ល្អ​របស់​វៀតណាម​ដែរ។ នៅក្នុង​ឆ្នាំ២០២០ ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី១របស់​វៀតណាម​គឺ​អាមេរិក និង​ធំ​ទី២គឺចិន។

ជាបន្តបន្ទាប់​ មេដឹកនាំ​វៀតណាម​តែងតែ​ប្រកាស​ពី​ការបង្កើត​ច្បាប់និង​លក្ខន្តិកៈ​នានា ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្រៅនិង​ក្នុង​ប្រទេស។ វៀតណាម​ប្រឹងប្រែង​ឱ្យ​អ្នក​វិនិយោគ​បរទេស​មើលឃើញ​ថា ប្រទេស​វៀតណាម​អនុវត្តច្បាប់​បាន​ត្រឹមត្រូវ ធានា​ដល់​មុខរបរ​អាជីវកម្ម​នៅ​លើទឹក​ដី​នេះ​មិន​មាន​ហានិ​ភ័យ​ទេ។

គិត​ត្រឹម​ចុងឆ្នាំ២០២០ វៀតណាម​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាង១០ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​អ្នក​វិនិយោគ​នៅ​វៀតណាម​អាច​នាំ​ទំនិញ​របស់​ពួក​គេ​ទៅ​ដៃគូ​ទាំងនោះ​ដោយ​មិនបាច់​បង់ពន្ធ​ឬបង់ពន្ធ​ក្នុង​កម្រិត​តិចតួច​បំផុត។ ប្រទេស​និង​តំបន់​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​ទាំងនោះ ​រួមមាន សហភាព​អឺរ៉ុប​មាន២៨ប្រទេស ចក្រភព​អង់គ្លេស ជប៉ុន កាណាដា និង​កូរ៉េ​ខាងត្បូង ​ជាដើម។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​បាន​លើកមុខ​មាត់​វៀតណាម​មួយ​កម្រិត​ទៀត​ដែល​បង្ហាញ​ពី​បរិយាកាសវិនិយោគ​ល្អ រួមមាន​ទាំង​ប្រព័ន្ធ​ច្បាប់ ស្ថិរភាព​នយោបាយ កម្លាំង​ពលកម្ម។ក្រោយពេល​ដែល​វៀតណាម​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​កាលពី​ឆ្នាំ២០១៩ ហើយ​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​កាលពី​ខែ​សី​ហារ ​ឆ្នាំ២០២០ ចិន​ក៏​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​នៅ​វៀតណាម​ផង​ដែរ។

ចិន​បាន​ចរចា​​ជាមួយ​វៀតណាមដោយ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​លើទឹក​ដី​វៀតណាម​ភាគ​ខាងជើង​ជាប់​ព្រំដែន​ជាមួយ​ចិន ហើយ​ចិន​ក៏បាន​បង្ហាញ​ពី​គម្រោង​បង្កើត​ផ្លូវ​រថភ្លើង​ភ្ជាប់​វៀតណាម​ទៅ​សហភាព​អឺរ៉ុប ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ផង​ដែរ។

ចំពោះ​នយោបាយ ​វៀតណាម​ប្រឆាំង​ចិន​ដោយ​បើកចំហក្នុង​ជម្លោះ​ដែនទឹក​នោះ ក៏​ជា​កត្តា​ភូមិសាស្ត្រ​នយោបាយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​លោកសេរី​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ជ្រោមជ្រែង​វៀតណាម​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ដែរ។

ប្រព័ន្ធ​ថែទាំ​សុខភាព​

ក្រៅពី​គោលនយោបាយ​ការបរទេស និង​ការបង្កើត​ច្បាប់លក្ខ​ន្តិ​កៈ​ផ្សេង​ៗដើម្បី​ទាក់ទាញ​ការ​វិនិយោគ​នោះ​ ហើយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​វៀតណាម​នៅតែ​មាន​ភាពល្អ​ប្រសើរក្នុង​ស្ថានភាព​កូ​វីដ១៩​នេះ ប្រព័ន្ធ​ថែទាំ​សុខភាព​ក៏​ជាផ្នែក​មួយ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន។

នៅក្នុង​អំឡុង​ពេល១ឆ្នាំ​ពេញ​នៃ​ឆ្នាំ២០២០ បើ​វៀតណាម​មិន​មានលទ្ធភាព​ក្នុង​គ្រប់គ្រង​មេរោគ​កូ​វីដ១៩ទេ ប្រាកដជា​ធ្វើ​ឱ្យ​វិស័យ​នានា​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​មានស្រាប់ ​រងផល​ប៉ះពាល់ ហើយ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ថ្មី​មិន​ហ៊ាន​ទៅ​បោះទុន​ជាមួយ​នោះ​ទេ។ 

ចំណុច​មួយចំនួន​ដែល​វៀតណាម​បង្ហាញ​ពី​គុណភាព​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​ដែល​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​តាំងពី​ទសវត្សរ៍៨០មកនេះ គឺ​ការបង្កើត​ឧបករណ៍​តេ​ស្តរ​កមេរោគ​កូ​វីដ១៩ដោយខ្លួនឯង។ នៅក្នុង​អំឡុង​ពេល​កូ​វីដ១៩នេះ វៀតណាម​ក៏បាន​ប្រកាស​ពី​ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​ចាក់​ការពារ​មេរោគ​កូ​វីដ១៩ដែល​ផលិត​ដោយ​វៀតណាម​ដែរ។

កត្តា​ដែល​បញ្ជាក់​ពី​គុណភាព​ប្រព័ន្ធ​សុខាភិបាល​របស់​វៀតណាម​ដែរ​នោះ ​គឺ​ថ្នាក់ដឹកនាំ​វៀតណាម​ស្ទើរតែ​អ្នក​ទាំងអស់​ពេល​មាន​ជំងឺ​តែងទទួលការ​ព្យាបាល​នៅក្នុង​ប្រទេស​របស់​ខ្លួន។ដូច្នេះ​ ផ្អែកលើ​គោលនយោបាយ​ក្រៅប្រទេស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ការ​បង្ក​បរិយាកាស​ល្អ​នៅក្នុង​ប្រទេស និងប្រព័ន្ធ​សុខាភិបាល​រឹងមាំ ​អាច​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​វៀតណាម​នៅតែ​រឹងមាំ​ក្នុង​ស្ថានភាព​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ