មន្ត្រី​​ថា​​ហិង្សា​​ដោយ​​អាវុធ​​ដែល​​បាន​​កើត​​ឡើង​​ផ្ទួន​​ៗ​នា​​ប៉ុន្មាន​​ថ្ងៃ​​មក​នេះ​​មក​​ពី​ក​ត្តា​​មនុស្ស​​

មន្ត្រី​យោធា​ផ្កាយ​មួយម្នាក់ លោក ហេង គា​ហុង អាយុ៤១ឆ្នាំ និង​វត្ថុ​តាង​កាំភ្លើង​ដែល​ប្រើប្រាស់​ក្នុងករណី​វាយ​សន្តិសុខ​យាម​គ្លីនិក​មួយ​កន្លែងនៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល – Police Commissariat Of Kandal Province​)

មន្ត្រី​ជាន់ខ្ពស់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​របស់​រដ្ឋាភិបាល បាន​បកស្រាយ​ថា ករណី​ហិង្សា​ដោយ​អាវុធ​ដែល​បាន​កើត​ឡើង​ផ្ទួន​ៗនៅ​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ វា​កើត​ចេញពី​កត្តា​មនុស្ស ខណៈ​សង្គម​ស៊ីវិល​មើលឃើញ​ថា បញ្ហា​នេះ​វា​កើតឡើង​ពី​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់ ពិសេស​ការអនុវត្ត​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ។

កាលពី​សប្តាហ៍​មុន នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក រ៉េ​ត ស៊ី​ណែ​ត អាយុ៣៩ឆ្នាំ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់ត្រូវ​ចំនួន២គ្រាប់​ចំ​ដងខ្លួន និង១គ្រាប់​ចំក្បាល ​នៅក្នុងចំណោម​ការ​បាញ់ប្រហារ៩គ្រាប់ បណ្ដាល​ឱ្យ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣០ ខែធ្នូ​កន្លងមក​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នៅ​មុ​ខព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​មាន​ទំនាស់​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។

នៅ​ថ្ងៃទី២ ខែមករា​ដើមឆ្នាំ​នេះ បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ដឹកទំនិញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ត្រូវ​បាន​សមត្ថកិច្ច​រាយការណ៍​ថា បាន​លួចចូល​ក្នុង​បន្ទប់​ប៉ូលិ​សយក​កាំភ្លើង​អាការ (AK​) ស្វ័យប្រវត្តិ​បាញ់រះ​ចំនួន៧គ្រាប់ នៅពេល​បុរស​នោះ​ត្រូវ​សមត្ថកិច្ច​ស្រុក​កោះធំ ខេត្តកណ្តាល នាំ​ខ្លួន​ទៅ​សួរនាំ​ករណី​បើករថយន្ត​បុក​បង្គោល​ភ្លើង​សាធារណៈ។

ពីរ​ថ្ងៃបន្ទាប់​មក​ទៀត មន្ត្រី​យោធា​ផ្កាយ​មួយម្នាក់ លោក ហេង គា​ហុង អាយុ៤១ឆ្នាំ បាន​យក​កាំភ្លើងខ្លី​របស់​ខ្លួន​វាយ​លើសន្តិសុខ​បម្រើការ​ងារ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល រហូត​បែកក្បាល​ហូរឈាម ដោយសារតែ​មន្ត្រី​នោះ​បាត់​ស្បែកជើង។

បច្ចុប្បន្ន មន្ត្រី​យោធា​ពាក់​ផ្កាយ​មួយ​នេះ ត្រូវ​តុលាការ​សម្រេច​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ ​«ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត»

អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​ប៉ុន្មាន​ករ​ណី​ថ្មី​ៗនេះ បង្កើត​ឱ្យ​មានការ​បកស្រាយ​ផ្សេងគ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ លោក ធាម ប៊ុ​នសេង មានប្រសាសន៍​ថា អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​ខុសច្បាប់​នា​ពេល​ថ្មី​ៗនេះ គឺ​បណ្ដាលមកពី​កត្តា​មនុស្ស ហើយ​លោក​ថា វា​មិន​ជាប់ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​ទេ ដោយ​លោក​ថា ថ្នាក់ដឹកនាំនិង​អគ្គស្នងការ​នគរបាល​​ជាតិ បាន​យកចិត្ត​ទុកដាក់​អំពី​ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ។ លោកថា រាល់បទល្មើសដែលបានកើតឡើង ជនប្រព្រឹត្តនឹងមិនរួចពីសំណាញ់ច្បាប់ទេ។

ទោះជាយ៉ាងណា មន្ត្រី​នគរបាល​រូប​នេះ​បញ្ជាក់​ថា មាន​មន្ត្រី​តិចតួច​ប៉ុណ្ណោះដែល​ប្រើប្រាស់​អាវុធ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ ទើប​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាច​ទប់ស្កាត់​បញ្ហា​សង្គម​បាន​រហូត​បច្ចុប្បន្ន។

លោក ធាម ប៊ុ​នសេង មានប្រសាសន៍​ថា៖ «ច្បាប់​និង​បទដ្ឋាន​ពាក់ព័ន្ធ យើង​រឹត​បន្តឹង​ហើយ។ អានេះ​មក​ពីក​ត្តា​មនុស្ស​ហ្នឹង​តែម្ដង។ ឧទាហរណ៍​ថា គ្រាន់តែ​បាត់​ស្បែកជើង​ បង្ក​ជា​អំពើ​ហិង្សា គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ បង្កើត​ជា​អំពើ​ហិង្សា អានេះ​ដោយសារ​មនុស្ស»។

នៅពេល​សួរ​ថា តើ​រយៈពេល​មួយឆ្នាំ​មកនេះ នាយកដ្ឋាន​ជំនាញ​មួយ​នេះបាន​រក​ឃើញ​មន្ត្រី​ប៉ុន្មាន​នាក់​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ហើយ​អាវុធ​ទាំងនោះ ពួក​គេ​បាន​ពី​ប្រភព​ណា​ពិតប្រាកដ លោក​ជំរុញ​ឱ្យទៅ​សួរ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​វិញ។

លោក ប៊ុ​នសេង ប្រាប់​ថា៖ «នាយក​ដ្ឋា​នរ​បស់​ខ្ញុំ​គ្រប់គ្រង​អាវុធ​អំពី​ការ​ជួញដូរ ការប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។ រី​ឯបទល្មើស​ហើយ នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ»។

ប្រធាន​រដ្ឋបាល​បូកសរុប​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ លោក មុំ ចេក មានប្រសាសន៍​ថា ទិ​ន្នន័យជាក់លាក់​មិនទាន់​អាច​ប្រាប់​បានទេ ដោយសារ​របាយការណ៍​កំពុង​ឆ្លង​សេនាធិការ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​សិន។

មាត្រា១០ នៃ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះនិង​គ្រាប់រំសេវ ចែងថា ក្រសួងការពារជាតិ​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់ ការ​ត្រួតពិនិត្យ ការ​គ្រប់​គ្រងអាវុធ​គ្រឿងផ្ទុះនិង​គ្រាប់​រំ​សេវគ្រប់​ប្រភេទ​របស់​កងយោធពល​ខេមរភូមិន្ទ។

ក្រសួងមហាផ្ទៃ​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់ ការ​ត្រួតពិនិត្យ ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះនិង​គ្រាប់​រំ​សេវ​គ្រប់​ប្រភេទ​របស់​កងកម្លាំង​នគរបាល​ជាតិ ស្ថាប័ន​សាធារណៈ មន្ត្រី និងជនស៊ីវិល។

មាត្រា១១ ចែង​ដែរ​ថា ក្រសួងការពារជាតិ​មានសមត្ថកិច្ច​ចេញ​បណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់​អាវុធ គ្រឿងផ្ទុះនិង​គ្រាប់រំសេវគ្រប់​ប្រភេទ​ ដល់​កងកម្លាំង​នគរបាល​ជាតិ ស្ថាប័ន​សាធារណៈ និង​ជនស៊ីវិល។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ មានប្រសាសន៍​ថា ករណី​យោធា​ផ្កាយ​មួយ​ប្រើ​អាវុធ​វាយ​សន្តិសុខ​ឱ្យ​បែកក្បាល​ហូរឈាម​នោះ គឺជា​រឿង​បុគ្គល។

លោក ឈុំ សុ​ជាតិ ប្រាប់​ថា៖ «អាហ្នឹង​ជា​រឿង​បុគ្គល អត់មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ [ការពារ​ជាតិ​] ទេ។ អនុវត្ត​តាមច្បាប់​ទៅ យើង​មាន​អាជ្ញាធរ​ដែនដី យើង​មានសមត្ថកិច្ច​ ធ្វើការ​តាម​ហ្នឹង​ទៅ។ ក្រសួង​អត់មាន​ពាក់ព័ន្ធ​ទេ»។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ លោក អេង ហ៊ី មានប្រសាសន៍​ថា កងកម្លាំង​ប្រដាប់​អាវុធ​ចាប់ពី​ថ្នាក់​វីរ​សេនីយ៍​ឯកឬសក្តិ​៥ឡើង​ទៅ​ មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ខ្លី​មួយ​ដើម​ផ្ទាល់ខ្លួន​កាន់​បាន​រហូត។

មន្ត្រី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​រូប​នេះ បន្ត​ថា ចំពោះ​អ្នក​ដែល​មាន​ឋានៈ​ក្រោម​នេះ ត្រូវ​មាន​លិខិត​បេសកកម្ម និង​លិខិត​ប្រើប្រាស់​អាវុធ​របស់​អង្គភាព។ ប៉ុន្តែលោក​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា អាវុធ​ខ្លី​កាន់កាប់​ដោយ​យោធា​ផ្កាយ១ លោក ហេង គា​ហុង ជា​ប្រភេទ​អាវុធ​ខុសច្បាប់ឬមាន​លិខិតបញ្ជាក់​ពី​អង្គភាព​ណា​ពិតប្រាកដ​ទេ ដោយ​ថា ដំណើររឿង​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​នៅឡើយ និង​ថា បញ្ហា​ដែល​បាន​កើតឡើងមក​ពី​ពួក​គេ​មិនបាន​ស្វែងយល់​ពី​ច្បាប់។

លោក អេង ហ៊ី មានប្រសាសន៍​ថា៖ «អ៊ីចឹង អ្នក​ដែល​ប្រើប្រាស់​អាវុធ សូម​ប្រើប្រាស់​យ៉ាងម៉េច​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់ កុំឱ្យ​យក​អាវុធ​ធ្វើជា​ល្បែងលេងសើច ហើយ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍ ទុក​ឱ្យ​ច្បាប់​ដោះស្រាយ​ទៅ»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់​ថា អំពើ​ហិង្សា​ដោយ​អា​វុធ​ផ្ទួន​ៗនា​ប៉ុន្មាន​ថ្ងៃ​មកនេះ វា​ឆ្លុះបញ្ចាំង​ពី​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​បន្ត​ថា កម្សោយ​នៃ​ការអនុវត្ត​ច្បាប់ វា​មិន​ត្រឹម​ជំរុញ​ឱ្យ​មានការ​បាញ់បោះ​សេរី​ប៉ុណ្ណោះទេ វា​ថែមទាំង​មិន​អាច​ទប់ស្កាត់​បាន​នូវ​ការនាំចូល​អាវុធ​ខុសច្បាប់​ទៀតផង បើ​ខ្វះ​ឆន្ទៈ​ទប់ស្កាត់​នោះ។

លោក ប៉ិច ពិសី មានប្រសាសន៍​ថា៖ «នៅក្នុង​ស្ថានភាព​ហ្នឹង អសន្តិសុខ​សង្គម​ច្រើន ​ដោយសារ​អ្នក​កាន់​កំា​ភ្លើង​ច្រើន។ អ៊ីចឹង​ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច ក្នុង​ខណៈ​ដែល​ទិដ្ឋភាព​នយោបាយ​យើង​ពី​ឥលូវ​ទៅមុខ រឹតតែ​តឹង​ទៅទៀត អាច​ធ្វើ​ឱ្យ​សាធារណមតិ​មានការ​ភ័យខ្លាច»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា ការ​បាញ់បោះ​សេរី​ក្នុងរយៈពេល​ពីរ​សប្តាហ៍​មកនេះ វា​ឆ្លុះបញ្ចាំង​ពី​ភាព​ធូរ​រលុង​នៃ​វិធានការ​គ្រប់គ្រង​អាវុធ​របស់​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​ថា បញ្ហា​នេះវា​នឹង​ជំរុញ​ឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន សន្តិសុខ​សង្គម បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បាន ខណៈ​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្នត្រូវ​បាន​គេ​មើលឃើញ​ថា វា​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ​ទៅ​ហើយ​នោះ។

លោក អំ សំអាត មានប្រសាសន៍​ថា៖ «ការ​បាញ់បោះ​បង្ក​ឱ្យ​មនុស្ស​ស្លាប់និង​រង​របួស ឬការ​បង្ក​របួស​ស្នាម​ដោយ​អាវុធ វា​ធ្វើ​ឱ្យ​មនុស្ស​ហ្នឹង​ប៉ះពាល់​ដល់​រាងកាយឬក៏​អាយុជីវិត វា​ជា​ការរំលោភ​សិទ្ធិ​របស់​ពលរដ្ឋ។ ទី២ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព និងក៏​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន​របស់​ពលរដ្ឋ​ដែរ»។

ទោះជាយ៉ាងណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ លោក ធាម ប៊ុ​នសេង អះអាង​ថា ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​នេះ កម្ពុជា​នៅតែ​​ឈរ​ក្នុង​លំដាប់ថ្នាក់​ល្អបើ​ធៀប​នឹង​ប្រទេស​មួយចំនួន។

លោក ប៊ុ​នសេង មានប្រសាសន៍​បន្ត​ថា៖ «បើ​នៅ​ប្រទេស​គេ​វិញ ​ដល់​ក៏​ហើយ បាញ់​នៅ​សាលារៀន បាញ់​នៅ​អី​ច្រើនណាស់។ យើង​មិនមែន​កោតសរសើរ​ប៉ុន្មាន​ទេ តែ​គ្រាន់​ថា យើង​មាន​ដែរ តែ​យើង​ខិត​ខំ​បង្ការ រាំ​ងស្កាត់ ហើយ​យើង​ដូចជា​ល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​មួយចំនួន​ដែរ»។

ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​(CMAC​) លោក ហេង រតនា មានប្រសាសន៍​ថា អំឡុង​ឆ្នាំ២០២០នេះ អាវុធ​ជិត១ម៉ឺន​ដើម​បន្សល់ទុក​ពី​សង្គ្រាម ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមូល​បាន ហើយ​គ្រោង​នឹង​ប្រគល់​ឱ្យ​ស្ថាប័ន​លោក​រក្សាទុក។

សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យា​សា​ស្ត្រនយោបាយ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា ការ​បាញ់បោះ​សេរី​នៅ​ទី​សាធារណៈ​មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែលោក​ថា អ្វី​ដែល​ជំរុញ​ឱ្យ​ករណី​ចេះតែ​កើតឡើង អាចម​កពី​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់ បូករួម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ដាក់ទោស​ទណ្ឌ​មន្ត្រី​ខិលខូច​ដែល​មាន​ខ្នងបង្អែក​រឹងមាំ​បាន។

ប៉ុន្តែលោក​ថា ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការ​បាញ់បោះ​សេរី​នេះ ស្ថិតនៅ​លើ​កណ្តាប់​ដៃ​បក្ស​កាន់អំណាច​តែមួយ​ប៉ុណ្ណោះ ដែល​ត្រូវ​ដាក់​សំណួរ​ថា តើ​គេ​ទុក​បញ្ហា​នេះ​ដើម្បី​បំភិតបំភ័យ​ផ្នែក​នយោបាយ ឬក៏​ត្រូវ​លុបបំបាត់ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ខណៈរដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ។

លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា ​កិច្ចការ​នេះ​អត់មាន​អី​លំបាក​ទេ អាស្រ័យ​ទៅលើ​សុឆន្ទៈរបស់​អ្នកនយោបាយ​ពិតប្រាកដឬក៏​អត់ ព្រោះ​យើង​ចេញពី​សង្គ្រាមស៊ីវិល​បាញ់បោះ​តាំង​ពី​ទសវត្សរ៍ឆ្នាំ៨០និង៩០មក ​ខ្លាំង​ក្លា​ជាង​នេះ​ យើង​ក៏​ធ្វើ​បាន ហើយ​នៅសល់​តិចតួច​យើង​បណ្តោយ​ យើង​សួរមើល​ថា ​ហេតុ​អី​បាន​នៅ​បណ្តោយ​ឱ្យ​កើត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ