អាជ្ញាធរស្រុកកំពង់ត្រឡាចបញ្ជាឱ្យរុះរើទីតាំងសហគមន៍អភិរក្សធនធានធម្មជាតិ​

ទីតាំងសហគមន៍អភិរក្សនៅបឹងពោធិ៍ ដែលអាជ្ញាធរតម្រូវឱ្យរុះរើចេញ។ រូបពីសហគមន៍

អាជ្ញាធរស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានបញ្ជាឱ្យរុះរើទីតាំងរបស់សហគមន៍អភិរក្សធនធានធម្មជាតិនៅក្នុងបឹងមួយ និង បញ្ជាឱ្យផ្អាកការនេសាទបណ្តោះអាសន្ន ដើម្បីដោះស្រាយជម្លោះនៅក្នុងសហគមន៍នោះ។​

អភិបាលរងស្រុកកំពង់ត្រឡាចលោក សន សំអាត ​មានប្រសាសន៍ថា លោកបានសម្រុះសម្រួលជម្លោះរវាងប្រជាពលរដ្ឋ៣ភូមិ និងសហគមន៍អភិរក្សធនធានធម្មជាតិឡពាង ដោយសម្រេចឲ្យភាគីទាំងសងខាងបញ្ឃប់ការបំពានគ្នាទៅវិញទៅមកដោយភាគីពលរដ្ឋបញ្ឈប់ការនេសាទត្រីក្នុងបឹងអភិរក្ស និងភាគីសហគមន៍ត្រូវរុះរើទីតាំងដែលកំពង់សាងសង់នោះចេញវិញ។​

លោកបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជាអាជ្ញាធរបានសុំឲ្យពួកគាត់ធ្វើបញ្ហាពីរចំណុច ចំណុចទី១សុំឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់ទៅនេសាទទៅដាក់ម៉ងដាក់អីនៅក្នុងបឹងដែលសហគមន៍គាត់អះអាងថាគាត់អភិរក្សត្រីនឹង ចឹងយើងអត់ទាន់ឲ្យគាត់នេសាទទៀតទេយើងឲ្យផ្អាកជាបណ្តោះអាសន្នសិន ហើយចំណែកបងប្អូនសហគមន៍ខ្ញុំសំណូមពរឲ្យគាត់ធ្វើមិចរុះអាខ្ទមដែលចាំយាមរបស់គាត់កណ្តាលបឹងនឹងសិនទៅ»។

អភិបាលរងស្រុករូបនេះបន្តថា សហគមន៍បានសាងសង់ទីតាំងនៅលើបឹងពោធិ៍គឺមិនបានសហការជាមួយអាជ្ញាធរទេ ហើយបានបណ្តាលឱ្យមានជម្លោះកើតឡើងគឺប្រជាពលរដ្ឋផ្សេងៗទៀតមិនសុខចិត្ត ចោទថា សហគមន៍នេះមានបំណងកាន់កាប់យកដីបឹងធម្មជាតិនេះ។​

សកម្មជនថែរក្សាធនធានធម្មជាតិក្នុងសហគមន៍ឡពាងលោក ស្ងួន ញឿនថ្លែងថា  ការសាងសង់ទីតាំងរបស់សហគមន៍នេះ ធ្វើឡើងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដូចជាការប្រើឧបករណ៍ឆក់ និងនេសាទនៅកន្លែងហាមឃាត់ជាដើម។​  លោកបន្តថា ពេលដែលមានការនេសាទខុសច្បាប់នៅពេលកន្លងមកគឺអាជ្ញាធរមិនបានជួយទប់ស្កាត់ទេ។​

លោក ស្ងួន ញឿន ថ្លែងថា ខាងសហគមន៍ នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ខេត្តទៀត។​

លោកថា៖ «យើងនឹងដាក់ពាក្យទៅខេត្តដើម្បីកុំឲ្យចេញលិខិតរុះរើហ្នឹង»

លោក ស្ងួន ញឿន បញ្ជាក់ថាទីតាំងរបស់សហគមន៍នោះគឺមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ១០ម៉ែត្រដែលលោកចាប់ផ្តើមសង់បន្តិចម្តងៗតាំងពី២ឆ្នាំមុនមក។ លោកបានឲ្យដឹងទៀតថា បឹងពោធិ៍នេះមានក្រឡាផ្ទៃប្រមាណជាង៤៧ហិចតា ហើយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋដែលរស់នៅក្បែរនោះប្រមាណជា៥ភូមិអាចអាស្រ័យផលតាមរយៈការបេះបន្លែ នេសាទ និងផលប្រយោជន៍ជាច្រើនទៀត៕​

អត្ថបទដោយ ប៉ា តុងចិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ