ពលរដ្ឋ​​នៅ​​ក្បែរ​​ស្ពាន​​ព្រែក​​សំរោង​​បារម្ភ​​បញ្ហា​​សុខភាព​​ដោយ​សារ​​ដី​​ហុយ​

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមួយកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

ប្រជាពលរដ្ឋ​រស់នៅ​​ម្តុំ​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល​ បាន​ត្អូញត្អែរពី​បញ្ហា​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាពនិង​បង្ក​ការ​លំបាក​ក្នុង​ការរស់នៅ ហើយ​ពួក​គេ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ។

អ្នកស្រី អ៊ិ​ន សា​វ៉ាន់​ ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ​ បានឱ្យ​ដឹង​ថា​បញ្ហា​ដី​ហុយ​ខ្លាំង​នេះ​មាន​ជា​យូរឆ្នាំមកហើយ ​បណ្តាល​មក​ពី​មាន​ឡាន​ដឹក​ដីនិង​ខ្សាច់​ជាច្រើន​ ដែល​តែងតែ​ជិះ​តាម​បណ្តោយ​ផ្លូវ​នេះ​ជាប្រចាំ ធ្វើ​ឱ្យ​មាន​ដី​ធ្លាក់​មក​លើ​ថ្នល់។ អ្នកស្រី​ថា ​សារធាតុ​ដី​ទាំងនោះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព។

អ្នក​ស្រី​ អ៊ិ​ន សា​វ៉ាន៖ «ប៉ះពាល់ ​វា​ហួសពី​ប៉ះពាល់ ម៉្ងៃៗ​យើង​ដកដង្ហើម​ចូល ភ្នែក​ពេលខ្លះ​បើក​អត់​រួច​ផង។ ដី​វា​ទំ​រោមភ្នែក ក្រហាយ​ភ្នែក​ទៅ ច្រមុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រហូត វា​ឆួល​ដី ហើយ​ពាក់​ម៉ាស់វា​រោល​មុខ​យើង​ទៀត ពិបាក​មួយចប់។»

ពលរដ្ឋ​រូប​នេះ​បាន​ស្នើទៅកាន់​អាជ្ញា​ធរឱ្យ​មាន​ដំណោះស្រាយ​ករណី​ដី​ហុយ​នេះ។

អ្នក​ស្រី​ អ៊ិ​ន សា​វ៉ាន់៖ «បើសិន​ថា​គាត់​ជួយ​ដោះស្រាយ​ធ្វើ​ម៉េច​កុំឱ្យ​មាន​ឡាន​ដឹក​ខ្សាច់ជិះ​កាត់​ហុយ​អញ្ចឹង ​មានតែ​ប៉ុ​ណ្ណឹង។ បើ​បាត់​ហុយ បាត់​ខ្សាច់​អីហ្នឹង​ទៅ អាហ្នឹង​វា​អស់ហើយ​ យើង​អត់មាន​កង្វល់​អី​ទៀត​ទេ កង្វង់​យើង​តែ​រឿង​ដី​ហុយ ខ្សាច់​ហុយ​ហ្នឹង»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​គឺ​លោក ម៉ៃ ចន្ធូ​ រស់នៅ​ក្នុង​សង្កាត់​សេរីភាព បាន​រៀបរាប់​ថា​ លោក​បានឃើញ​អាជ្ញាធរ​​មក​បោសសម្អាត​ដី​ ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​ឱ្យ​ឈប់​ហុយ​បាន​នោះ​ទេ លោក​ថា​ដោយសារ​មាន​ឡាន​ដឹក​ដីនិង​ខ្សាច់​បើកបរ​មក​ជាបន្តបន្ទាប់។

លោក ​ម៉ៃ ចន្ធូ ៖ «គាត់ ​[អាជ្ញាធរ​] ដោះស្រាយ​ដែរ​ បាន​មួយ​គ្រា​ៗ គាត់​នាំ​កូនចៅ​បោសសម្អាត​មួ​យសារៗ​អញ្ចឹង​ទៅ។ ខ្ញុំ​បោសសម្អាតរាល់ថ្ងៃ​ដែរ​ហ្នឹង តែ​បោស​មិន​ឈ្នះ​ទេ បើ​ដឹក​ខ្សាច់​ឡើងចុះ ហើយ​ត្រើយខាងនោះ​ចុះ​មក​អញ្ចឹង​ទៅ ហើយពី​ខាង​ស្វាយរលំ​មក​នៅ​ហ្នឹង​ទាំងអស់ [..] បង​ជា​ប្រជាពលរដ្ឋ​ បង​សុំ​ស្នើ​ទៅ​ចៅហ្វាយខេត្ត ហើយ​ចៅសង្កាត់​ក៏បាន​ស្នើ​ទៅ​ហើយ ប៉ុន្តែ​គាត់​ថា​ចាំ​ដោះស្រាយ​ឱ្យ»។

ស្រដៀងគ្នា​នេះ​ដែរ​ ពលរដ្ឋ​ម្នាក់ទៀត​បាន​ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា អ្នកស្រី​បារម្ភ​ចំពោះ​សុខភាព​ដោយសារ​ដី​ហុយ។

អ្នកស្រី​បន្ថែម​ថា បញ្ហា​ដី​ហុយ​យនេះ​គឺ​មក​ពី​ឡាន​ដឹក​ដីនិង​ខ្សាច់​បើកបរ​ដោយ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​បណ្តាល​ឱ្យ​ដី​ធ្លាក់​នៅ​លើ​ថ្នល់។

អ្នកស្រី​និយាយ​ថា៖ «និយាយទៅ​ ឡាន​ដឹក​ដី​ជ្រុះ​នៅ​ហ្នឹង ​វា​ហុយ ហើយ​បើ​កលឿន​ៗ វា​បើក​ឡើង​[ស្ពាន​]អញ្ចឹង​ទៅ ​វា​ហុយ​ទៀត​ ព្រោះ​ដី​ជ្រុះ​លើ​ថ្នល់។ យើង​នៅ​ផ្លូវ​ហ្នឹង​ទៀត​ វា​ហុយ​ដោយសារ​មាន​កន្លែង​ខ្សាច់​ [អាជីវកម្ម​លក់​ខ្សាច់​] នៅ​ហ្នឹង​ទៀត វា​ប៉ះពាល់​សុខភាព»។ 

ប្រធានមន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​ លោក ម៉ឹង យូ​អេង​ បាន​ទទួលស្គាល់​ថា​ពិតជា​មាន​បញ្ហា​ដី​ហុយ​នៅក្នុង​តំបន់​នេះ​ពិតប្រាកដ​មែន ដោយ​ថា ​បណ្តាល​មក​ពី​ឡាន​ដឹក​ដីនិង​ខ្សាច់។

លោក​បាន​ថ្លែង​ថា កាល​អំឡុង​ពាក់កណ្តាល​ខែមករា​ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន បាន​សហ​ការ​ជាមួយ​មន្ទីរ​រ៉ែនិង​ថាមពល​ខេត្តកណ្តាល ​ដោយមាន​អភិបាលក្រុង​តាខ្មៅ​ជា​ប្រធាន​ បានសម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក​បន្ត​ថា គណៈកម្មការ​នេះ​កំពុង​ត្រួតពិនិត្យ​ចំពោះ​ដេប៉ូ​ខ្សាច់​ទាំងឡាយ​ណា​ដែល​បាន​ប្រើប្រាស់​ឡាន​ដឹក​ដីឬខ្សាច់​ដោយ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​ដីឬខ្សាច់​ជ្រុះ​តាម​ថ្នល់​ប៉ះពាល់​ដល់​សោភ័ណភាព​ផ្លូវនិង​នាំ​ឱ្យ​មាន​ដី​ហុយ។

ប្រធានមន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​រូប​នេះ ​បន្ថែម​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ដឹក​ដីឬដេប៉ូ​ខ្សាច់​ទាំងនោះ​មិនបាន​អនុវត្ត​តាម​គោលការណ៍​របស់​មន្រ្តី​ជំនាញ​នោះ​ទេ ពួក​គេ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​តែម្តង។

លោក ម៉ឹង យូ​អេង៖ «កិច្ចការ​ងារ​នេះ​ យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ធ្វើ​ ដោយ​យើង​ទើបតែ​បង្កើត​គណៈកម្មការ​មួយ​ដឹកនាំ​ដោយ​អភិបាលក្រុង ដើម្បី​ចាត់វិធានការ​ចំពោះ​រថយន្ត​ដែល​ដឹក​ខ្សាច់​ជ្រុះ​លើ​ផ្លូវ នៅក្នុង​ហ្នឹង​ក៏​មានការ​ចូលរួម​ពី​មន្ទីរ​សាធារណការ​ដែរ។ អញ្ចឹង​មិនមែន​ថា [ខាងមន្ត្រី]ជំនាញនិង​ក្រុង​មិនបាន​យកចិត្ត​ទុកដាក់​ទេ ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ប៉ុន្តែ​មាន​នីតិ​វិធី​ក្នុង​ការ​ធ្វើ»។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​សម្ភាស​ បានឱ្យ​ដឹង​ថា​ បញ្ហា​ដី​ហុយ​ដែល​បាន​កើតឡើង​ប្រមាណ៣ទៅ៤ឆ្នាំ​ហើយ អាជ្ញាធរ​បាន​ត្រឹមតែ​ប្រើប្រាស់​ឡាន​ដើម្បី​បាញ់​ទឹក​បន្ថយ​ភាព​ហុយ​ម្តងម្កាល​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ថា​ ចំណាត់ការ​នេះ​ហាក់​មិន​មានប្រសិទ្ធភាព​នោះ​ទេ​៕

អត្ថបទ​៖ ​ទួ​ក ពិសិដ្ឋ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ