សាលារាជធានីចាត់វិធានការលើអ្នកបន្ទោរបង់នៅទីសាធារណៈ

បុរសម្នាក់បន្ទោរបង់ដាក់គល់ឈើក្បែររមណីយដ្ឋានវត្តភ្នំនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២១។រូបពីហ្វេសប៊ុក រដ្ឋបាលខណ្ឌដូនពេញ

សាលារាជធានីបញ្ជាក់ថា នឹងមានវិធានការលើសពីការហៅទៅអប់រំណែនាំចំពោះអ្នកដែលបន្ទោរបង់នៅតាមសួនច្បារឬទីសាធារណៈ ខណៈមន្ត្រីសង្គមស៊ីវិលជំរុញឱ្យបង្កើនការអប់រំនិងបង្កើនចំនួនបង្គន់អនាម័យសាធារណៈ។​

អាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សចំនួន១៣នាក់ដើម្បីអប់រំណែនាំ ខណៈដែលពួកគេបានបន្ទោបង់នៅតាមដើមឈើក្នុងសួនច្បារសាធារណៈ និងទីតាំងសាធារណៈផ្សេងៗទៀត បង្កក្លិនឆ្អេះដល់អ្នកដំណើរ។

ទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា មនុស្សដែលត្រូវបានឃាត់ខ្លួនរួមមានអ្នកប្រកបរបររត់ម៉ូតូឌុប  ​និងកង់បី ហើយអាជ្ញាធរតម្រូវឱ្យពួកគេទាំងនោះបាញ់ទឹក លាងសំអាតកន្លែងដែលពួកគេបានបន្ទោបង់រួចទើបអនុញ្ញាតអោយត្រឡប់ទៅវិញ។

ទំព័រហ្វេសបុករដ្ឋបាលខណ្ឌដូនពេញបញ្ចាក់ថា៖« កម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះ របស់ខ្លួន ហើយទៅបន្ទោបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ -ល-»។

អ្នកនាំពាក្យសាលារាជធានៅភ្នំពេញ លោក មេត មាសភក្តីមានប្រសាសន៍ថា វិធានការដោយមានការឃាត់ខ្លួនយកទៅអប់រំណែនាំនេះ នឹងចូលរួមឱ្យអោយប្រជាពលរដ្ឋថែរក្សាសណ្ដាប់ធ្នាប់ និងការអនាម័យនៅតាមទីសាធារណៈនានា។ ចំពោះវិធានការលើសពីការណែនាំនេះនឹងមាន ប៉ុន្តែលោកមិនទាន់លម្អិតទេ។​

លោក មេត មាសភក្តី៖«និតិវិធិនឹងមានជាបន្តរទៀត ឥឡូវនេះយើងសង្ឃឹមថាបងប្អូនយើង ដែលគេមានការរឹតបន្តឹង ហើយនឹងធ្វើការផ្សព្វផ្សាយអញ្ចឹងយើងលើកកម្ពស់ដើម្បីសីលធម៍សង្គមរបស់យើង ក៏ដូចជាដើម្បីសណ្តាប់ធ្នាប់អនាម័យសាធារណៈដែរ»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បានថ្លែងថាការបន្ទោរបង់នៅតាមទីសាធារណៈ តែងតែកើតមានទាំងនៅរាជធានីភ្នំពេញ និងតំបន់ប្រជុំជននានាក្នុងប្រទេសកម្ពុជាដោយសារតែកង្វះបង្គន់អនាម័យ។

លោកបានជំរុញឱ្យអាជ្ញាធររៀបចំសេវាសាធារណៈដោយបន្ថែមដោយបន្ទប់ទឹកស្អាតដើម្បីដោះស្រាយបញ្ហានេះ។

លោក ​សន ជ័យ៖«សម្រាប់ខ្ញុំយល់ថា ការណ៍ដែលអាជ្ញាធរចាប់អ្នកជុះនោមផ្តេសផ្តាសយកមកអប់រំណែនាំ វាគ្រាន់តែជាផ្នែកមួយ ជាមធ្យោបាយមួយដែលមានការអប់រំរយៈពេលខ្លី តែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញជាដំណោះស្រាយ អាជ្ញាធរក្រុងភ្នំពេញហ្នឹងគួរតែរៀបចំបង្គន់សាធារណៈ ហើយនឹងទីកន្លែងដែលអាចផ្គត់ផ្គង់ទីនូវសេវាដូចជាទឹកស្អាតបាន ។ នៅភ្នំពេញខ្វះបង្គន់សាធារណៈ បើសិនសេវាទាំងអស់នេះកើតមានហើយ ហើយមនុស្សនៅតែជុះនោមផ្តេសផ្តាស អាហ្នឹងគួរតែពិន័យឱ្យបានធ្ងន់ធ្ងរ »។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា សរសេរសារលើហ្វេសប៊ុករបស់លោក ដោយបានសាទរចំពោះចំណាត់ការនេះ ហើយលោក ក៏ជំរុញឱ្យបង្កើនចំនួនបង្គន់សាធារណៈ។​

លោក ប៉ា ចន្ទរឿន៖«ខ្ញុំសារទរចំពោះវិធានការអប់រំរបស់អាជ្ញាធរ។ លើសពីនេះ សូមបង្កើនចំនួនបង្គន់មានអនាម័យនៅក្នុងក្រុងផង»។

រដ្ឋាភិបាលបានបង្កើតកម្មវិធីប្រណាំងប្រជែងការរៀបចំទីក្រុងស្អាត ដើម្បីឱ្យអាជ្ញាធររាជធានីខេត្តប្រណាំងប្រជែងគ្នាក្នុងការរៀបចំ។ គិតត្រឹមឆ្នាំ២០២០គឺកម្ពុជាបានប្រារព្ធទិវាទីក្រុងស្អាតប្រចាំឆ្នាំលើកទី៨ហើយ៕​

អត្ថបទដោយ ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ