អាជ្ញាធរក្រុងតាខ្មៅផាកពិន័យឡានធំធ្វើឱ្យដីហុយ

រថយន្តបោសសំអាតដីក្នុងក្រុងតាខ្មៅនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២១។​ រូបដោយ ទួក ពិសិដ្ឋ

អាជ្ញាធរក្រុងតាខ្មៅខេត្តកណ្តាលបានប្រើប្រាស់វិធានការផាកពិន័យចំពោះឡានដឹកដី និងខ្សាច់៣០ម៉ឺនរៀលចំពោះឡានដែលមិនមានបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា បន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋរស់នៅក្បែរស្ពានព្រែកសំរោង ក្នុងភូមិសាស្រ្ត ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលកន្លងមក អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណារ៉ា បានបើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មខ្សាច់ចំនួន១៨ ក្នុងតំបន់ខាងលើដើម្បីណែនាំចំពោះការដឹកជញ្ជូនដី និងខ្សាច់ មិនមានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេស ហើយថាចំពោះរថយន្តដឹកខ្សាច់ទាំងឡាយណាដែលល្មើសនិងចំណាត់កានេះអាជ្ញាធរនឹងនឹងឃាត់រថយន្តទុក ដោយផាកពិន័យទឹកប្រាក់ចំនួន៣០ម៉ីនរៀល។

ទំព័រហ្វេសបុករដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា៖«មានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿង បានដឹកខ្សាច់ពេញៗរថយន្ត ដោយមានរថយន្តខ្លះមិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរ និងបានជ្រុះរប៉ាត់រប៉ាយលើផ្លូវតែម្តង ដែលបង្កឱ្យមានដីខ្សាច់ហុយទ្រលោមមកតាមដងផ្លូវ ហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាមានវិធានការណែនាំដល់ម្ចាស់ដេប៉ូខ្សាច់មួយនេះផងដែរ»។

អភិបាលខេត្តកណ្តាលលោកគង់ សោភណ្ឌ មានប្រសាសន៍ថាអាជ្ញាធរបន្តវិធានការដោយបោសសំអាតដីដែលមាននៅសេសសល់ និងលាងសំអាតថ្នល់ ហើយថាអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាដើម្បីអនុវត្តន៍ច្បាប់ក្នុងការត្រួតពិនិត្យចំពោះឡានដឹកដី និងខ្សាច់ទាំងនោះដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហាហ៊ុយដីនេះ។

លោកគង់ សោភណ្ឌ៖«យើងធ្វើការបោសលាងដោយប្រើគ្រឿងចក្រ យើងមានអ្នកអាជីពធ្វើការងារហ្នឹងដោយផ្ទាល់[…]យើងយល់ថា វាជាការយកចិត្តទុកដាក់រួមគា្នហើយរួមសំអាតទាំងអស់គ្នាជាពិសេសការរូមដឹកជញ្ចូនគោរពច្បាប់។​ច្បាប់វិធានការរបស់រ៉ែ វិធានការរបស់សាធារណៈការ វិធានការរបស់រដ្ឋបាលខេត្តជាពិសេសអនុក្រឹត្យលេខ៣៨ខាងចរាចរណ៍ផ្លូវគោក។យើងនឹងយកវិធានការទាំង៣នេះ និងអនុក្រឹត្យក្នុងការគ្រប់គ្រងទាំងមូលដើម្បីធានាបាននូវសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ហើយនឹងការបើកបរមួយត្រូវគោរពច្បាប់ យើងសង្ឈឹមយ៉ាងមុតមាំអញ្ជឹង»។

បើតាមអភិបាលខេត្តកណ្តាលរូបនេះបានបានបញ្ជាក់ថាវិធានការនេះ នឹងត្រូវអនុវត្តន៍ជាប្រចាំ ដោយមានការការត្រួតពិនិត្រពីរូបលោកផ្ទាល់មួយទៅពីរដងក្នុងរយៈពេលមួយខែ ។

លោក គង់ សោភណ្ឌ‍៖«អត់មានប្រើពេល១ខែទេ គឺរាល់ថ្ងៃ ប្រចាំសប្តាហ៍នឹងមានការត្រួតពិនិត្យ។ ឥឡូវនេះការទទួលខុសត្រូវផ្ទាល់គឺអភិបាលក្រុង ខ្ញុំប្រគល់ឱ្យអភិបាលក្រុងតែម្តង ប៉ុន្តែយន្តការរបស់អភិបាលក្រុងគឺមានមន្ទីពាក់ព័ន្ធជាសេនាធិការ ហើយនឹងចរាចរបន្ទាប់មកការត្រួតពិនិត្យមួយខែម្តង ឬពីរដងរបស់អភិបាលខេត្តក្រោមការចូលរួមរបស់មន្ទីរ និងស្នងការ។

លោក ធឿន រដ្ឋា ពលរដ្ឋម្នាក់ររស់នៅក្នុងសង្កាត់តាខ្មៅបានឱ្យដឹងថា មានឡានដឹកដី និងខ្សាច់មួយចំនួនបានគោរពតាមវិធានការរបស់អាជ្ញាធរ ខណៈដែលឡានមួយចំនួនទៀតនៅមិនទាន់បានអនុវត្តន៍តាមចំណាត់ការរបស់អាជ្ញាធរនៅឡើយនោះទេ។ទោះយ៉ាងណា ពលរដ្ឋរូបនេះបានសារទចំពោះវិធានការនេះ។

លោកធឿន រដ្ឋា៖« បន្ទាប់ពីអាជ្ញាធរចុះអប់រំណែនាំរួចមក ឃើញថាឡានដឹកដីមានគ្រប់តង់ត្រឹមត្រូវកុំអោយដីហុយ ប៉ុន្តែកត្តាម៉្យាងទៀតដែលនាំអោយដីហុយ និងផ្លូវថ្នល់មានដីធ្វើអោយហុយគឺមកពីឡានដឹកដីមួយចំនួនបានដឹកដីដែលមានទឹក ធ្វើអោយហូរស្រក់នាំយកទាំងដីខ្សាច់មកជាមួយ។សូមអរគុណអាជ្ញារធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំ»

ចំណែកពលរដ្ឋម្នាក់ទៀតអ្នកស្រី  អ៊ិ​ន សា​វ៉ាន់​ ​រស់នៅ​ក្នុង​ភូមិ​ព្រែក​សំរោងបានរៀបរាប់ថា អ្នកស្រីបានសង្កេតឃើញមានអាជ្ញាធរ បានបោសសំអាតដីដែលធ្លាក់នៅលើថ្នល់ និងប្រើឡានដើម្បីបាញ់ទឹកលាងសំអាតថ្នល់។អ្នកស្រីបន្តរថា ចំណាក់ការនេះបានជួយកាត់បន្ថយបញ្ហាដីហ៊ុយដែលតែងតែកើតមាននាពេលកន្លងមក។

អ្នកស្រី  អ៊ិ​ន សា​វ៉ាន់៖«បើគាត់បានចូកបានកើបអីអស់ខ្លះទៅ ស្រោចអ៊ីចឹងទៅវារៀងអន់ហ៊ុយដែរ វាអត់សូវហ៊ុយដែរ តែដល់ពេលវាស្ងួតទៅវាហ៊ុយមកដដែល»។

បើ​តាម​ប្រភពពីប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​សម្ភាស​ បានឱ្យ​ដឹង​ថា​ បញ្ហា​ដី​ហុយនេះ​​បាន​កើតឡើង​ប្រមាណ៣ទៅ៤ឆ្នាំ​ហើយ ដោយចាប់ពីម្តុំស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកសំរោង រហូតដល់ ចំនុចស្ពានព្រែកហូរ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប្រវែងប្រមាណ៤គីឡូម៉ែត្រ៕​

អត្ថបទដោយ ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ