យុវជន៥០០០នាក់នឹងចាប់ផ្តើមសម្អាតបរិស្ថានរាល់ខែ

ក្រុមយុវជនរក្សាបរិស្ថានស្អាត ធ្វើសកម្មភាពប្រមូលសំរាមតាមសួនមាត់ទន្លេក្នុងរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៩។ រូបពី ហ្វេសប៊ុកគម្រោងរក្សាបរិស្ថានស្អាត

យុវជនស្ម័គ្រចិត្តកម្ពុជាមួយក្រុមបង្កើតគម្រោងរក្សាបរិស្ថានស្អាតក្នុងគោលដៅបណ្តុះស្មារតី​ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន និងជំរុញឱ្យមានការចេះទុកដាក់សំរាមបានត្រឹមត្រូវ បានត្រៀមកម្លាំង៥០០០នាក់ធ្វើសកម្មភាពរាល់ខែនៅរាជធានីខេត្តចំនួន៥។​

លោកហួរ ឆៃងន់ ស្ថាបនិកក្រុមក្រៀលកម្ពុជា និងជាប្រធានគម្រោងរក្សាបរិស្ថានស្អាតបានឱ្យដឹងថាគម្រោងនេះ គឺជាគម្រោងសាកល្បងមួយដែលនឹងត្រូវអនុវត្តន៍ដោយចាប់ផ្តើមក្នុងខែកុម្ភៈ រហូតដល់ចុងឆ្នាំ២០២១ ក្នុងរាជធានីខេត្តចំនួន៥រួមមាន រាជធានីភ្នំពេញ ​ខេត្តសៀមរាម ខេត្តបាត់ដំបង ខេត្តកែប និងខេត្តកំពត ។

លោកបញ្ជាក់ថា គោលបំណងបង្កើតគម្រោងនេះគឺដើម្បីសម្អាតបរិស្ថានដែលមាននៅតាមដងផ្លូវ ការបណ្តុះស្មារតី​ប្រជាពលរដ្ឋកម្ពុជាឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការលើកតម្លៃជាតិសាសន៍តាមរយៈបរិស្ថានស្អាត។

លោក ហួរ ឆៃងន់៖«ទី១យើងចង់សម្អាតសំរាមដែលបោះចោលពាសវាលពាសកាលទាំងអស់ហ្នឹង។ទី២ជារឿងសំខាន់មែនទែនក្នុងចំណោមរឿងសំខាន់ទាំងអស់ យើងចង់Build ស្មារតីស្រលាញ់បរិស្ថាន ស្មារតីនៃការចូលរួមរបស់ប្រជាពលរដ្ឋថែរក្សាបរិស្ថានរួមគ្នា ជាក់ស្តែងយើងដឹងហើយថា មិនអាចទៅរើសសំរាមហ្នឹងរហូតបានទេត្រួវតែអប់រំពួកគាត់សម្អាតសំរាមនៅក្នុងខួរក្បាលដែលគេឩស្សាហ៍និយាយ។រឿងសំខាន់ទី៣លើកតម្លៃជាតិសាសន៍ ទៅណាមកណាស្អាត មានអនាម័យតាមពិធីបុណ្យទានម្តងៗ អត់មានសំរាមតាមផ្លូវទាំងអស់ វាជាគម្រោងមួយល្អ។»

លោកបន្តថាគម្រោងថ្មីមួយនេះត្រូវបានបង្កើតជាចលនាឱ្យពលរដ្ឋចូលរួមកិច្ចការថែរក្សារិស្ថានគ្រប់រូបភាព ដើម្បីជំរុញឱ្យមានការថែរក្សាបរិស្ថាននៅទូទាំងប្រទេសកម្ពុជា ហើយថាបន្ទាប់ពីអនុវត្តក្នុងរាជធានីខេត្តចំនួន៥នេះ លោកគ្រោងអនុវត្តន៍នៅតាមបណ្តាខេត្តដទៃទៀត ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ។

លោក ហួរ ឆៃងន់៖«ក្នុងការដែលយើងចំណាយពេលវេលាទាំងកម្លាំងកាយចិត្តពេលមួយឆ្នាំនឹង វាជាគម្រោងសាកល្បងផងដែរ ជាការជំរុញឱ្យមានការថែរក្សាបរិស្ថាន ទី១ យើងបង្កើតចលនាសំអាតក្នុងខេត្តគោលដៅ ដែលជំរុញឱ្យមានការថែរក្សាបរិស្ថាននៅទូទាំងប្រទេសរាល់ឆ្នាំបន្តទៀត  យើងនឹងបង្កើតការអប់រំគ្រប់រូបភាពដូចជាការប្រគួតប្រជែង ផលិតវិឌីអូ ការសរសេរពាក្យស្លោក ការលើកទឹកចិត្តឱ្យចូលរួមដោយផ្ទាល់»។

ស្ថាបនិកក្រុមក្រៀលកម្ពុជារូបនេះបានឱ្យដឹងថា គម្រោងដែលមានឈ្មោះថា រក្សាបរិស្ថានស្អាតនឹងធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យនៃដើមខែនីមួយៗ ដោយលោកបានគៀងគរអ្នកស្ម័គ្រចិត្តចំនួន៥០០០នាក់នៅទូទាំងប្រទេសកម្ពុជា ។

ប្រធានមន្ទីរ បរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី បានថ្លែងគាំទ្រចំពោះរាល់សកម្មភាពរបស់ក្រុមយុវជនដែលតែងតែបានបង្កើតគម្រោងដើម្បីថែរក្សាបរិស្ថាន ដោយថាវាគឺជាផ្នែកមួយដើម្បីជំរុញឱ្យប្រជាពលរដ្ឋមានស្មារតីនៃការចូលរួមក្នុងកិច្ចការងារថែរក្សាបរិស្ថាន។

 លោកគាត រង្សី ៖«សម្រាប់យុវជនទាំងអស់មិនថា យុវជនក្រៀលទេ មានយុវជនស្អាត និងយុវជនផ្សេងៗទៀតចូលរួមស្ម័គ្រចិត្តសំអាតបរិស្ថាននេះយើងតែងតែលើកទឹកចិត្តជានិច្ច ហើយយើងក៏ជាអ្នកបំផុស ស្នើសុំឱ្យពលរដ្ឋកម្ពុជា យុវជនជាច្រើនឱ្យមានការចូលរួមបែបហ្នឹង យើងចង់បានណាស់។ ព្រោះជាស្មារតីនៃការចូលរួមទាំងអស់គ្នាក្នុងការទទួលខុសត្រូវទៅលើបញ្ហាសំរាមសំណល់រឹងដែលយើងជាអ្នកបង្កើត។មិនមែនថា ផ្នែកណាមួយទទួលខុសត្រូវនោះទេ គឺជាការចូលរួមទាំងអស់គ្នាទើបប្រទេសរបស់យើង រាជធានីយើង ផ្ទះភូមិដ្នានយើងស្អាតទាំងអស់គ្នាដែរ»។

របាយការណ៍​របស់​ក្រសួង​បរិស្ថានបានបង្ហាញថា ប្រទេស​កម្ពុជា​បាន​ផលិតសំរាម​ជាង​១​ម៉ឺន​តោនក្នុង​មួយ​ថ្ងៃ ​ហើយក្នុងរាជធានី​ភ្នំពេញ​មាន​សំរាម​ជិត​៣​ពាន់​តោន ដោយការប្រើប្រាស់ថង់​ប្លាស្ទិក​ប្រមាណ​ជាង​១០​លាន​ថង់ក្នុងមួយថ្ងៃ។

របាយការណ៍ដដែលបញ្ជាក់ថា បរិមាណសំរាមនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជិត៤លានតោនក្នុងមួយឆ្នាំ។​

បើតាមស្ថាបនិកក្រុមក្រៀលកម្ពុជាលោក​ ហួរ ឆៃងន់ បានបញ្ជាក់ថា ក្រុមក្រៀលកម្ពុជាគឺជាក្រុមយុវជនស្ម័គ្រចិត្ត បានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយធ្វើកិច្ចការងារផ្តោតទៅលើការថែរក្សាបរិស្ថាន ហើយពួកគេបានបង្កើតជាកម្មវិធីសំអាតបរិស្ថានក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងមក៕

អត្ថបទដោយ ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ