ក្លិនស្អុយនៅសួនមាត់ទន្លេប៉ះពាល់ដល់អ្នកហាត់ប្រាណនិងទេសចរ

សំរាមនៅមាត់ទន្លេនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១។ រូប ដោយ ប៉ា តុងចិន

អ្នកដើរហាត់ប្រាណ និងអ្នកដើរកម្សាន្តនៅតាមសួនមាត់ទន្លេរួមទាំងមុខព្រះបរមរាជវាំងផងនោះបានបង្ហាញការមិនពេញចិត្តចំពោះបញ្ហាក្លិនស្អុយបណ្តាលមកពីការបន្ទោបង់ និងកាកសំណល់ផ្សេងៗទៀត។​

កំពុងអង្គុយលើបង់ជាមួយកូនស្រីនៅសួនច្បារមាត់ទន្លេអ្នកស្រី ប្រក់ ពៅ រៀបរាប់ថាអ្នកស្រីចង់ឲ្យប្រជាពលរដ្ឋដែលតែងតែមកដើរលេងកម្សាន្ត និងអ្នកលក់ចំណីអាហារភេសជ្ជៈផ្សេងៗចូលរួមសម្អាតបរិស្ថានក្រោយពីលក់និងបរិភោគរួច ដោយរៀបចំទុកដាក់កាកសំណល់សំរាមទៅក្នុងធុងឲ្យមានសណ្តាប់ធ្នាប់ល្អ។

អ្នកស្រី ប្រក់ ពៅ ​៖«ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាលនឹងជួយប្រកាសប្រាប់ថាសូមឲ្យអ្នកដើរលេងទាំងអស់ឬក៏អ្នកលក់ក៏ដោយសូមឲ្យជួយសំអាតគ្នាបន្តិចម្នាក់ ហើយបើយើងឈឺបត់ដៃបត់ជើងអីទៅរកកន្លែងណានេះទៅកុំតាមនឹងចឹងវាធ្វើឲ្យក្លិនស្អុយអាក្រក់»។

អ្នកស្រី ប្រក់ ពៅ បញ្ជាក់ថា ក្លិនស្អុយដែលជះមកទាំងនោះមានក្លិនអាក្រក់ដែលអាចធ្វើឲ្យប៉ះពាល់សុខភាព។

អ្នកស្រីមានប្រសាសន៍ថា៖«ក្លិនស្អុយពិបាកនឹងនិយាយណាស់ បើសិនអ្នកឈឺល្មមៗអីទៅអត់បានទេចង់សន្លប់ហ្មង បើខែភ្លៀងខែអីស្អុយជាងហ្នឹងទៀត សូម្បីអង្គុយតាមបង់ហ្នឹងក៏ជះក្លិនមកស្អុយដែរ…អ្នកខ្លះមកមានជំងឺល្មមអីនឹងឈឺកាន់តែថែមទៀត ធម្មតាយើងមកហាត់ប្រាណដើម្បីឲ្យមានសុខភាពល្អ តែដល់មកហាត់ប្រាណមានក្លិនមិនល្អក៏អាចធ្វើឲ្យជំងឺហ្នឹងវាកាន់តែដុនដាបដែរ»។

ចំណែកឯពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី វណ្ណ ស្រីនី ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដោយអ្នកស្រីថា បញ្ហាក្លិននេះគឺបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនពុំសូវគិតពីបរិស្ថានដោយពួកគេបន្ទោបង់ពាសវាលពាសកាលដែលធ្វើឲ្យមានក្លិនហើយអ្នកដើរកម្សាន្តនៅទីនោះទាំងជនបរទេស និងជនជាតិខ្មែរ ក៏ត្អូញត្អែរពីបញ្ហានេះដែរ។

អ្នកស្រី វណ្ណ ស្រីនី  ៖«អ្នកខ្លះទៅគាត់អត់សូវសំអាតគាត់បាញ់នោមពេញនឹងទៅវាក្លិនដល់ពេលចឹងទៅទេសចរគាត់ដើរមកចឹងជនជាតិ(ជនបរទេស)ជួនកាលចឹងគាត់ថាស្អុយទីនេះស្អុយទីនោះគាត់ចង្អុលចឹង។​ ជួនកាលទៅអ្នកខ្លះទៅគាត់អត់សូវដឹងជួនកាលទៅគាត់អត់កន្លែងនោមចឹងគាត់នោមដាក់គុម្ពផ្កាគុម្ពអីចឹង»។

ព្រះអាទិត្យកាន់តែរសាត់ឆ្ងាយទៅៗនៅពេលល្ងាចអ្នកដើរកម្សាន្តក៏កាន់តែមានចំនួនច្រើន​អ៊ូអរ កំពុងតែរៀបចំឥវ៉ាន់ដាក់ធុងក្លាសេលោក គង់ វណ្ណ អាជីវករលក់ទឹក និងភេសជ្ជៈផ្សេងៗបានបង្ហើបថាក្លិនស្អុយទាំងនោះបណ្តាលមកពីលូដែលបង្ហូរចូលទន្លេ និងការបន្ទោបង់នៅមាត់ទន្លេពិសេសនៅពេលយប់។

លោកបានឲ្យដឹងថា៖«ធំក្លិនមកពីលូហ្មងមកពីទឹកយើងទឹកស្អុយហ្នឹងជះចេញមកធំក្លិនលូហ្មង។ ហើយពិសេសមាត់ទន្លេធំក្លិនឆ្អេះមាត់ទន្លេខ្លាំងហ្មងពិបាករឿងមាត់ទន្លេមួយទេទាំងយប់ទាំងថ្ងៃ បើថ្ងៃអត់សូវមានណានោមទេតែបើយប់ទៅហើយយប់អត់ធានាទេនៅណាក៏នោមបានដែរ។ ធំក្លិនឆ្អេះទឹកនោមមាត់ទន្លេមិនបាច់ទេអង្គុយល្មមៗម៉ោហ្មង»។

អាជីវកររូបនេះ ស្នើឱ្យអាជ្ញាធរជួយសាងសង់បង្គន់អនាម័យបន្ថែមទៀត ដើម្បីកាត់បន្ថយក្លិនស្អុយបណ្តាលមកពីការបន្ទោបង់។​

អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ មានប្រសាសន៍ថា រដ្ឋបាលខណ្ឌដូនពេញក៏ដូចជាសាលារាជធានីភ្នំពេញមិនមានគម្រោងសង់សង់បង្គន់បន្ថែមនៅក្នុងខណ្ឌដូនពេញទេ ព្រោះបច្ចុប្បន្ននេះបង្គន់អនាម័យក្នុងខណ្ឌដូនពេញមាន១៤ទីតាំងដែល១ទីតាំងមានបង្គន់១០ដោយបន្ទប់ប្រុស៥ និងបន្ទប់ស្រី៥ ហើយទីតាំងនីមួយៗក៏ស្តិតនៅមិនឆ្ងាយពីគ្នាដែរ។

លោកថា៖«ករណីសំណូមពរឲ្យធ្វើបន្ទប់ទឹកអនាម័យបន្ថែមនេះរដ្ឋបាលខណ្ឌក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញមិនអាចធ្វើជូនបានទេពីព្រោះយើងមាន១៤ទីតាំងរួចហើយមួយទីតាំងមាន១០បន្ទប់ទឹក ហើយទីតាំងពីមួយទៅមួយឃ្លាតពីគ្នាមិនជាឆ្ងាយប៉ុន្មានទេ»។

លោកបន្ថែមថា ទឹកលូដែលហូរចូលទន្លេនោះគឺមានអាងចម្រោះយ៉ាងត្រឹមត្រូវមិនមែនហូរចូលទន្លេទាំងស្រុងនោះទេ៖«លូដែលហូរចូលទន្លេនោះគឺជាលូដែលមានអាងចម្រោះត្រឹមត្រូវមុននឹងចូលទន្លេវាចូលក្នុងអាងចម្រោះហើយបានវាហូរទៅក្នុងទន្លេ»។

ទឹកស្អុយបង្ហូរចូលទន្លេនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១។ រូបដោយប៉ា តុងចិន

លោក សុខ ពេញវុធ បញ្ជាក់ផងដែរថាបច្ចុប្បន្នអាជ្ញាធរខណ្ឌដូនពេញកំពុងអនុវត្តគោលការរដ្ឋបាលក្នុងការសម្អាតសួនដោយមួយថ្ងៃធ្វើការបាញ់លាងសម្អាត២ដងគឺពេលព្រឹក និងពេលល្ងាចដោយប្រើប្រាស់ម៉ូតូអនាម័យ៤គ្រឿង ឡានសាធារណៈការ១គ្រឿង និងម៉ាស៊ីនបូមទឹកសម្អាត២គ្រឿង។ លោកបន្ថែមថា លោកសង្កេតឃើញថារយៈពេលប្រមាណជា៣សប្តាហ៍ដែលរដ្ឋបាលខណ្ឌចាត់វិធានការលើអ្នកដែលបន្ទោបង់តាមសួនច្បារ និងទីសាធារណៈមានការថយចុះស្ទើរតែទាំងស្រុង។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសសេរបង្ហោះលើផេកហ្វេសប៊ុកផ្លូវការក្នុងអំឡុងពេលបុណ្យអ៊ុំទូកឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុងឲ្យបានត្រឹមត្រូវ ជៀសវាងការចោលសំរាមពាសវាលពាសកាលដែលធ្វើឲ្យបាត់បង់សោភ័ណភាពនៅក្នុងរាជធានី៕​

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ