នាយក​​រដ្ឋ​មន្ត្រី​​ថា​ ឆ្នាំ​នេះ​​គ្មាន​​គម្រោង​​ផ្អាក​ឬ​លើក​ពេល​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​​ទៀត​​ឡើយ​

ពលរដ្ឋចាស់ក្មេងលេងល្បែងបោះអង្គញ់ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីពេលកន្លងទៅ។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា រដ្ឋាភិបាលមិន​មាន​គម្រោង​ផ្អាកឬលើកពេល​ថ្ងៃឈប់​សម្រាក​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរដូច​ឆ្នាំមុន​ទៀត​នោះ​ឡើយ ដោយសារតែ​កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​ជំងឺ​កូ​វីដ១៩បាន។

ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រីបាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន ដែល​ប្រព្រឹត្តទៅ​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី០១ ខែកុម្ភៈ​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ថា ឆ្នាំមុន ប្រសិនបើ​លោក​មិន​សម្រេចចិត្ត​ឱ្យ​លើកពេល​ថ្ងៃឈប់​សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរទេ​នោះ នោះ​ស្ថានការណ៍​ចម្លងជំងឺ​កូ​វីដ១៩នៅក្នុង​សហគមន៍អាច​នឹង​មាន​ទំហំ​ធំធេង ហើយដែល​មិន​អាច​ប៉ាន​ស្មាន​សភាពការណ៍​បាន​ឡើយ។

បើ​លោក​បន្ត​ថា មូលហេតុ​ដែល​លោក​បានសម្រេច​នៅ៦ថ្ងៃមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរកាលពី​ឆ្នាំមុន ឱ្យ​លើកពេល​ឈប់សម្រាក​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាលមិនទាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ១៩បាននៅឡើយ។ 

លោក​ថា៖ «មូលហេតុ​ឆ្នាំទៅ​! ១២ម៉ឺន​នាក់មក​ពី​ប្រទេស​ថៃ​ចូលក្នុង​ប្រទេស យើង​មិនដឹង​ថា តើ​អ្នកណា​មាន [កូ​វីដ១៩​] អ្នកណា​អត់​? បើ​បន្ថែម​មនុស្ស​ចេញពី​ភ្នំពេញ​ទៅទៀត​! ច្បាស់ជា​លំបាក​ហើយ»។

តែ​ឆ្នាំនេះ លោក​ថា រដ្ឋាភិបាលមិន​មាន​គម្រោង​ផ្អាកឬលើកពេល​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ទៀតឡើយ ដោយសារ​រដ្ឋាភិបាលអាច​គ្រប់គ្រង​សភាពការណ៍​បាន។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «បងប្អូន​មក​ពី​ថៃ យើង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​ក។ អ្នក​នៅក្នុង តែ​យើង​មាន​ reserve មាន​បម្រុងទុក។ បើសិន​ពេលនោះ​មាន​ផ្ទុះ​ក្នុង​សហគមន៍ ច្បាស់​ណាស់​ថា អាច​នឹង​មាន​វិធានការ​ផ្សេង​។ ប៉ុន្តែ​ធានា​ថា ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន​នឹង​មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ទេ។ តែ​វិធី​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន គឺ​ត្រូវតែ​មាន​ជាប់​ជានិច្ច»។ 

លោក​បញ្ជាក់​បន្ថែម​ថា៖ «ចូលឆ្នាំ​នៅតែ​ចូល ប៉ុន្តែ​យើង​រក្សា​គម្លាត​គ្នា​ទៅ»។ 

កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​សម្រេច​លើកពេល​ដោយ​មិនកំណត់ សម្រាប់​ការ​ឈប់សម្រាក​រយៈពេល៤ថ្ងៃនៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយ​អំឡុង​ពេលនោះ មន្រ្តី​រាជការ កម្មករ​និយោជិត ត្រូវ​បំពេញការងារ​ជា​ធម្មតា ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែលោកនាយក​រដ្ឋមន្ត្រីបានសម្រេច​សង​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន៥ថ្ងៃវិញ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុបចំនួន៤៦៦នាក់ នោះ​បើ​គិត​ទាំង​ការ​រក​ឃើញ​ជំងឺ​កូ​វីដ១៩ លើ​ស្ត្រីជា​ពលករ​ខ្មែរ​ម្នាក់​អាយុ២០ឆ្នាំ ដែល​ទើប​ធ្វើដំណើរ​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃទី១៥ ខែមករា។ ក្រសួង​បន្ត​ថា ក្នុងចំណោម​អ្នក​ឆ្លង​សរុប មាន​អ្នកជា​សះស្បើយ​ចំនួន៤៤៣នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន២៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ