លោក​ ស​ ខេង​ បញ្ជា​​មន្រ្តី​​អគ្គិភ័យ​​ឱ្យ​​លុប​បំបាត់​​ករណី​ច​រចា​​តម្លៃ​​មុន​​បាញ់​ទឹក​ពន្លត់​ភ្លើង​

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក្នុងទិសដៅទៅពន្លត់អគ្គិភ័យផ្ទុះធុងហ្គាសមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (Matt Surrusco)

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​គណៈ​បញ្ជាការ​កងឯកភាព​រាជធានី​-ខេត្ត ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេសត្រូវ​ពិនិត្យ​និង​លុបបំបាត់​ករណី​មន្ត្រី​ពន្លត់​អគ្គិភ័យ​ទារប្រាក់​ពី​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ។

ក្នុង​ពេល​ប្រារព្ធ​ទិវាអន្តរជាតិ​រំឭកដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃអង្គារ​នេះ លោ​ក ស ខេង បាន​លើកឡើង​ថា កន្លងមក លោក​កត់សម្គាល់​ឃើញ​មាន​ករណី​មន្ត្រី​មួយចំនួនបាន​ទៅដល់​កន្លែង​កើតហេតុ​ហើយ តែ​មិន​ធ្វើសកម្មភាព​បាញ់​ពន្លត់​អគ្គិ​ភ័យ​ភ្លាម​ៗនោះ​ទេ តែ​បែរជា​នៅ​តថ្លៃ​ជាមួយ​ជនរងគ្រោះ​ទៅវិញ។

ករណីនេះ លោក​បាន​ណែនាំ​ដល់​គណៈ​បញ្ជាការ​កងឯកភាព​រាជធានី​-ខេត្ត​ទាំងអស់ឱ្យ​ពិនិត្យនិង​ត្រូវ​លុបបំបាត់​ឱ្យ​ខាន​តែ​បាន។ 

លោ​ក ស ខេង ថ្លែង​ថា៖ «ឡាន​ទៅដល់​ហើយ បញ្ឈរ​ច្រូង​នៅកន្លែង​កើតហេតុ​ហ្នឹង តែ​អត់​ទាន់​បាញ់​ទេ។ មាន​ភ្លើង​ភ្លឹបភ្លែត​នៅ​ហ្នឹង ឡាន​ព្រោងព្រាត អត់​ទាន់​បាញ់​ នៅ​តថ្លៃ​គ្នា​សិន។ ឃើញ​ទេ អានេះ​ដែល​ចង់និយាយ​ថា សមត្ថកិច្ច​យើង​ខុស​ហើយ ប្រតិបត្តិ​ករ​យើង​ខុស​ហើយ មិន​ត្រូវ​ទេ អ៊ីចឹង​ហើយ​បាន​ថា គ្រប់កន្លែង ជាពិសេស​ទីប្រជុំជន ទីក្រុង គឺ​ត្រូវ​មើល​អាហ្នឹង»។

លោក​បន្ត​ថា៖ «មាន​ឡាន ឡាន​របស់​រដ្ឋ ប្រេង​របស់​រដ្ឋ លោក​ស៊ីប្រាក់ខែ​រដ្ឋ ការពិត​ ហើយ​ជួន​គ្នា​ប្រាក់ខែ​តិចតួច យើង​យល់​បញ្ហា​ហ្នឹង យើង​ត្រូវ​មាន​គោលនយោបាយ​លើកទឹកចិត្ត។ ប៉ុន្តែ​បងប្អូន​មិន​ត្រូវ​បំពេញបេសកកម្ម​ដោយ​យក​អាហ្នឹង​ធ្វើអាជីវកម្ម​ផ្ទាល់ខ្លួន​ទេ អាហ្នឹង​វា​អត់​ត្រូវ​ទេ ខុស »។

ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ លោក នេត វន្ថា បាន​ស្វាគមន៍​ចំពោះ​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ។ តែ​យ៉ាងណា លោក​អះអាង​ថា ក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ មិន​មាន​ករណី​មន្ត្រី​ពន្លត់​អគ្គិភ័យ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ទៀត​ឡើយ។

លោក​មានប្រសាសន៍​ថា៖ «ប្រសិនបើ​ពីអ​តី​តកាល​ យើង​ធ្លាប់​មាន​ពាក្យ​ចចាម​អារ៉ាម ប៉ុន្តែ​សម្រាប់​ដប់​ឆ្នាំ​មកនេះ បន្ទាប់ពី​មានការ​ណែនាំនិង​ចង្អុល​ដោយ​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​មក ​យើង​ឃើញថា គ្រប់​អង្គភាព​ទាំងអស់ យើង​មាន​សកម្មភាព​ល្អ​ប្រសើរ ហើយ​មានការ​ចូលរួម​ពី​អ្នកដឹកនាំ​ក្នុងស្មារតី​ខ្ពស់ អ៊ីចឹង​ពុំ​មាន​ករណី​បែបហ្នឹង​កើតឡើង​ទៀត​ទេ»។ 

ទោះជាយ៉ាងណា លោក​ក៏​មិនទាន់​បដិសេធ​ទាំងស្រុង​ដែរ ដោយ​ថា ប្រសិនបើ​មាន​ករណី​បែបហ្នឹង​កើតឡើង​មែន លោក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋរាយការណ៍​ទៅកាន់​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ ឬអគ្គស្នងការ ឬស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-ខេត្ត ដើម្បី​មាន​វិធានការ​ទៅលើ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ដែល​ប្រព្រឹត្ត​កំហុសឆ្គង​នេះ។

បើ​តាមលោក នេត វន្ថា នៅ​ទូទាំង​ប្រទេស មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត៤០០គ្រឿង និង​កងកម្លាំង​ជាង១ ០០០នាក់។

លោក ឡាំង សេត ប្រជាពលរដ្ឋ​រងគ្រោះ​ពី​អគ្គិភ័យ​ដែល​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៩ ខែមករា បាន​ប្រាប់​ថា លោក​មិនបាន​ដឹងពី​ការ​ទារប្រាក់​របស់​ក្រុម​ពន្លត់​អគ្គិភ័យ ជា​ថ្នូ​រនឹង​ការ​បាញ់​ពន្លត់​អគ្គិភ័យ​នោះ​ទេ។

ប៉ុន្តែ​លោក​បាន​រិះគន់​ការ​អន្តរាគមន៍​របស់​មន្ត្រី​ទាំងនោះ ថា​មាន​ភាពយឺត​យ៉ាវ ដែល​ធ្វើ​ឱ្យ​ទំហំ​នៃ​ការខូចខាត​មាន​កាន់តែ​ធំ។ លោក​បន្ត​ថា អគ្គិភ័យ​នោះបាន​បណ្តាល​ឱ្យ​កម្មករ​ពីរ​នាក់​ស្លាប់ និង​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​ទំហំ២១ម៉ែត្រគុណ២៥ម៉ែត្រ រួម​ទាំង​សម្ភារ និង​បាន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជិតខាង​ចំនួន៣ល្វែង។ 

លោក ឡាំង សេត មានប្រសាសន៍​ថា៖ «រៀបចំ​ទាញ​ទុយោ​បាញ់ ជួនកាល ឡាន​បាញ់​មិន​ចេញ​ទឹក នឹកឃើញ​ឡើង​ចង់​ស្ទះ​ងាប់ហើយ ព្រោះ​ផ្ទះ​វា​ឆេះ​មួយ​ចំហៀង​មក​ហើយ ដល់​អ៊ីចឹង​វា​ភ័យ​ខ្លាំង បាន​បាញ់​មួយសន្ទុះ​ខ្លាំង​ទៅ បាន​វា​រាងអន់»។ 

ប្រធាន​សម្ព័ន្ធភាព​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ មើលឃើញ​ថា កង្វះខាត​សម្ភារ និង​ឧបករណ៍​ក្នុង​ការ​ពន្លត់​អគ្គិភ័យ អាច​ជា​លេស​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ខិលខូច​មួយចំនួន​ទាមទារ​ប្រាក់​បន្ថែម​ពី​ជនរងគ្រោះ។ 

លោក​ថា៖ «បានន័យ​ថា ទុយោ​នៅ​តូច ទុយយោ​នៅ​ខ្លី មធ្យោបាយ​នៃ​ការ​បាញ់​ទឹក​នោះ យើង​មើលទៅ​វា​មិន​សមគ្នាទៅ​នឹង​ទំហំ​នៃ​អគ្គិភ័យ។ ការ​ខ្វះខាត​បែបនេះ​ហើយ ខ្ញុំ​យល់ថា ជា​លេស​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ខិលខូច​ខ្លះ​យកលេស​ថា ខ្វះ​នេះ​ខ្វះ​នោះ អ៊ីចឹង​ទៅ​ស្ថាប័ន​ត្រូវ​ជួយ​បំពេញ​នេះ បំពេ​ញនោះអ៊ីចឹង​ទៅ ដើម្បី​អាច​បាញ់​ពន្លត់​អគ្គិភ័យ​បាន»។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​នៅក្នុង​ឆ្នាំ២០២០ បាន​កើតឡើង​ចំនួន៩៣៧ករណី បណ្ដាល​ឱ្យ​មនុស្ស២៤នាក់​ស្លាប់ និង៣៦នាក់​ទៀតរង​របួស ខណៈ​ផ្ទះ​ចំនួន៧០៧ខ្នង និង​តូប​លក់ដូរ​ចំនួន៥៩៤ខ្នង ព្រមទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត បាន​រង​នូវ​ការខូចខាត។ របាយការណ៍​បានឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ឆ្នាំ២០២០ កើនឡើង​ចំនួន២២០ករណី បើ​ធៀប​នឹង​ឆ្នាំ២០១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ