កម្ពុជា-កូរ៉េខាងត្បូង នឹងចុះកិច្ចព្រមព្រៀង សេរីជាមួយគ្នានៅពាក់កណ្តាលឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee ប្រកាសរួមគ្នាស្តីពីការបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបថត៖ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)

កម្ពុជា និងប្រទេសកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

ការឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចចរចារជាផ្លូវការនៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាដែលចេញនៅថ្ងៃនេះ ឱ្យដឹងថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee បានធ្វើការប្រកាសរួមគ្នាស្តីពីការបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងនេះ តាមរយៈប្រព័ន្ធវីដេអូ។

ប្រភពដដែលឱ្យដឹងថាតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងលើកកម្ពស់ការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជា ផលិតផលសម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្មជាដើម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានថ្លែងឱ្យដឹងបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងផ្តល់ភាពអនុគ្រោះលើមុខទំនិញរបស់កម្ពុជាជាច្រើនទៀត គឺច្រើនជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

លោកមានប្រសាសន៍ថា៖«ភាគីទាំងពីរគិតថា យើងនឹងមានលទ្ធភាពនាំទំនិញភាគច្រើនជាទំនិញកសិកម្មរបស់យើង ទៅបំរើទីផ្សារកូរ៉េ បន្ថែមលើទំនិញដែលយើងធ្លាប់បាននាំចេញទៅហើយ»

ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសទី២បន្ទាប់ពីប្រទេសចិន ដែលកម្ពុជាបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (ATF) ដែលទើបតែបានចុះហត្ថលេខាកាលពីខែតុលាកា ឆ្នាំ២០២០។

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ក្នុងរយៈពេល១០ខែឆ្នាំ ២០២០កន្លងទៅនេះ មានទំហំជិត១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងចំនួន២៦៧លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងនាំចូលទំនិញមកកម្ពុជាក្នុងទំហំទឹកប្រាក់៤៥៧លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិរបស់កូរ៉េខាងត្បូង (KITA)។ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និង កូរ៉េខាងត្បូង កម្ពុជាក៏កំពុងសំឡឹងទៅរកការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសឥណ្ឌា អង់គ្លេស និងប្រទេសកាណាដា ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ