អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បង្គាប់​ឱ្យ​អាជីវករ​នៅ​ឆ្នេរ​ចំនួន​២​រុះរើ​សំណង់​រឹង​ចេញ​ពី​ដី​ចំណី​ឆ្នេរ​

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​សាងសង់​សំណង់​នានា និង​ការ​ចាក់​ដី​ចូល​ចំណី​ព្រែក​និង​ព្រៃកោងកាង នៅ​ឆ្នេរ​តា​បារាំង ឃុំ​កែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ​)

អាជ្ញាធរខេត្តព្រះសីហនុ ប្រាប់ឱ្យ​ពលរដ្ឋដែលរស់នៅនិងកំពុងប្រកបអាជីវកម្មនៅលើដីចំណីឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំង ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ​រុះរើសំណង់ផ្សេងៗ​ចេញពីទីនោះឱ្យ​បានមុនចុងខែកុម្ភៈនេះ ខណៈអាជ្ញាធរគ្រោងអភិវឌ្ឍទីនោះទៅជាលំហ​ឆ្នេរសាធារណៈ ឱ្យភ្ញៀវទេសចរ​ទៅលេងកម្សាន្ត។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្គាប់ឱ្យ​ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងប្រកបអាជីវកម្មលើដីចំណីឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំង រុះរើសំណង់រឹងនិងសំណង់ផ្សេងៗនៅត្រឹមថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ។

រដ្ឋបាលខេត្តព្រមានថា ក្នុងករណីមិនរុះរើតាមការ​​ជូនដំណឹងនេះទេ អាជ្ញាធរខេត្តនឹង​​ចុះអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារនោះឡើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍នៅថ្ងៃពុធនេះថា​អាជ្ញាធរខេត្តគ្រោងនឹងរៀបចំអភិវឌ្ឍតំបន់ឆ្នេរទាំងពីរនេះជាលំហឆ្នេរសាធារណៈ ដើម្បីឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ត ដែលករណីនេះ តម្រូវឱ្យ​ពលរដ្ឋដែលសាងសង់សំណង់​មិន​​រៀប​រយ​រំលោភលើដីចំណីឆ្នេរ ត្រូវរុះរើចេញ។

លោកថា៖ «គោលបំណងជារួមរបស់យើង គឺអនុវត្តតាមសារាចរលេខ​០១​ របស់គណៈ​កម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយយើងរៀបចំតំបន់ឆ្នេរនោះ ជាលំហសាធារណៈ»

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ដែរ​ថា សំណង់របស់ប្រជាពលរដ្ឋដែលតម្រូវឱ្យ​រុះរើនោះ ជាសំណង់​ដែលសង់​នៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានឱ្យវីអូឌីដឹងថា នៅចំពោះមុខ អាជ្ញាធរ​បានរកឃើញ​សំណង់រឹងមាំចំនួនពីរដែលសង់រំលោភលើដីចំណីឆ្នេរ ហើយត្រូវប្រឈមឱ្យរុះរើចេញដោយមិនមានសំណងនោះឡើយ។

លោកថា៖ «គោលដៅយើងឱ្យគាត់រុះរើហ្នឹង គឺអ្នកដែលសង់រំលោភលើដីចំណីឆ្នេរ លើឆ្នេរ ហើយប៉ះពាល់ដល់បរិស្ថាន ខ្លះមានដល់បន្ទប់ទឹក បង្គន់ ឬក៏ស្នាក់នៅអ៊ីចឹង។ ប៉ុន្តែមិនច្រើនទេ។ អានេះគ្រាន់តែយើងមានវិធានការការពារឆ្នេរឱ្យហើយ»

យុវជនម្នាក់ដែលប្រកបរបរអាជីវកម្មនៅលើតំបន់ឆ្នេរនេះ បានអះអាងដោយសុំមិនបញ្ចេញឈ្មោះថា ប្រជាពលរដ្ឋមួយចំនួនទំនងជាមិនយល់ព្រមឱ្យរុះរើនោះទេ។

លោកថា៖ «ប្រហែលជាប្រជាជនមិនព្រមទេ។ បើរដ្ឋាភិបាលអត់បានចូលរួមអភិវឌ្ឍន៍ [តំបន់ឆ្នេរហ្នឹង] អីផង។​ បើខ្ញុំប្រកបមុខរបរតែមួយរស់ៗហ្នឹង។ តែបើយើងមិនឱ្យដាក់ [កញ្ចុះ] នៅលើឆ្នេរហ្នឹង តើភ្ញៀវទេសចរមកលេងអ្វី?»

បើតាមអាជីវកររូបនេះ ឆ្នេរពយយាយម៉ី និងឆ្នេរតាបារាំង ដែលមានឆ្នេរខ្សាច់សក្បុស និង​ជាកន្លែងទាក់ទាញទេសចរណ៍ថ្មីនោះ មាន​ប្រវែង​ប្រមាណជាង៣គីឡូម៉ែត្រ និង​​ប្រជាពលរដ្ឋរស់នៅតំបន់​នោះ​ប្រមាណ​ជាង១០០គ្រួសារ ប៉ុន្តែមានតែ​ពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលបានសាង់តូបលក់ដូរនៅលើដីចំណីឆ្នេរនោះ។

លោកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ បានកត់សម្គាល់ថា រដ្ឋបាលខេត្តហាក់ទើបចាប់អារម្មណ៍អភិវឌ្ឍន៍តំបន់ឆ្នេរទាំង​ពីរ​នេះ ក្រោយពេលឃើញភ្ញៀវទេសចរ​ទៅលេងកម្សាន្តច្រើននារយៈពេលចុងក្រោយនេះ។

លោកស្រីបារម្ភថា វិធានការរបស់រដ្ឋបាលខេត្តអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរ​របស់ប្រជាពលរដ្ឋតូចតាច។

លោកស្រី​ថា៖ «ការជូនដំណឹងរបស់អាជ្ញាធរក្នុងការហាមឃាត់ប្រជាពលរដ្ឋដែលមានមុខរបរអាជីវកម្ម ក្នុងការលក់ដូរនៅលើតំបន់ឆ្នេរនេះ វាមិនមែនជាលើកទីមួយនោះទេ។ អាជ្ញាធរ ធ្លាប់ជូនដំណឹងដល់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល កន្លងមកហ្នឹង វាមានញឹកញាប់ដែរ រហូតដល់វិធានការក្តៅគគុកថែមទៀត»

គួរបញ្ជាក់ថា ក្រោមសារាចរណែនាំ​របស់រដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ​២០១២ តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដូចជា ឆ្នេរអូរ​ត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរជំទាវម៉ៅ ជាដើម ត្រូវបានរៀបចំអភិវឌ្ឍជាបន្តបន្ទាប់ក្នុងស្តង់ដារតែមួយ។ ការរៀបចំអភិវឌ្ឍនេះ ត្រូវបានគេកត់សម្គាល់ដែរថា គឺបន្ទាប់ពីការមកដល់យ៉ាងគំហុកនៃជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ