រដ្ឋ​មន្រ្តី​​ថា​​អ្នក​បើក​បរ​​រថយន្ត​​ធុន​ធំ​​ ៣៣​​% មិន​ទាន់​​មាន​​បណ្ណ​​បើក​បរ​

រថយន្តធុនធ្ងន់ បើកបរក្នុងក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ឱ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្ត​ធុន​ធំៗ​ប្រមាណ ៣៣​% មិន​មាន​បណ្ណ​បើកបរ ឬបណ្ណ​បើកបរ​ដែល​មាន​នោះ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត​ឡើយ ដែល​ករណីនេះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ។ 

ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី០៤ ខែកុម្ភៈ​នេះ រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ​ស៊ុន ចាន់​ថុល មានប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ២០២០ ក្រសួង​បាន​ចុះបញ្ជី​យានយន្ត​ធុន​ធ្ងន់បាន​ចំនួន ៣១៥ ០០០ គ្រឿង ប៉ុន្តែ​ក្នុង​នេះ ក្រសួង​បាន​ផ្តល់​បណ្ណ​បើកបរ​បានតែ ២១៨ ០០០ គ្រឿង ប៉ុណ្ណោះ។ 

លោក​បន្ត​ថា បើ​ប្រៀបធៀប​តួលេខ​រថយន្ត​ចុះបញ្ជី និង​ការ​ផ្តល់​បណ្ណ បង្ហាញថា អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់មាន​បណ្ណ​បើកបរ​តែ៦៧ភាគរយ​ប៉ុណ្ណោះ ខណៈ៣៣ភាគរយ​ទៀតដែល​កំពុង​បើកបរ​លើ​ដងផ្លូវ មិន​មាន​បណ្ណ​បើកបរ ឬបើ​មាន​ក៏​បណ្ណ​បើកបរ​នោះមិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត​ឡើយ។ 

លោក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា៖ «តើ​រថយន្ត​ធុន​ធំ​ទាំងនោះអត់បើ​កបរ ឬក៏​បើកបរ​ដោយ​អ្នក​គ្មាន​បណ្ណបើកបរ​ត្រឹមត្រូវ?»

ជាមួយគ្នា​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ដែល​មិនទាន់​មាន​បណ្ណ​បើកបរ​ទាំងនោះ ត្រូវ​ទៅរៀន​យក​បណ្ណ​បើកបរ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​យានយន្ត។ 

លោក​ថ្លែង​ថា៖ «សូម​អំពាវនាវ​ទៅកាន់​អ្នកបើកបរដែល​គ្មាន​បណ្ណ​បើកបរទៅតាម​ប្រភេទ​យានយន្ត សុំ​ឈប់​បើកបរ​យានយន្ត​នោះ។ បើ​គ្មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ សុំ​ឈប់! ហើយ​សុំ​មក​រៀន​បើកបរ​ឱ្យ​បាន​ត្រឹមត្រូវនៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​នៅ​ទីនេះ»។

លោក​រដ្ឋមន្ត្រីក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ ពិចារណា​លើ​ការ​ដក​អាជ្ញា​បណ្ណ​បណ្តុះបណ្តាល​បើកបរ​យានយន្តដែល​បាន​ចេញទៅ​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ដែល​មិនបាន​ធ្វើ​ប្រតិបត្តិ​ការ​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ផង​ដែរ។

អ្នកជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ បាន​ចាត់ទុកថា តួលេខ៣៣ភាគរយ​នេះគឺជា​ចំនួន​ដ៏​ច្រើន ខណៈ​លោក​បាន​កត់សម្គាល់ឃើញថា អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន​មាន​វ័យ​ក្មេង​ៗ ដែល​តែង​តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ហើយ​រត់​យករួចខ្លួន​តែម្តង។ 

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា ពួក​គាត់​គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​បណ្ណ​បើកបរ​ហ្នឹង​តាំងពី​ដើមទី មិនមែន​ត្រឹមតែ​ត្រួតពិនិត្យពេល​ដែល​គាត់​បើកបរ​លើ​ដងផ្លូវ​ហើយ​ទេ។ ហើយ​សម្រាប់​ក្រុមហ៊ុន​មាន​ឡាន​បើកបរ​ឡាន​ធំ​ហ្នឹង យើង​ឱ្យ​គាត់​ផ្ញើ​ឈ្មោះ​អ្នកបើកបរ​ទៅ​ក្រសួង​ទៅ ហើយ​យើង​ត្រួតពិនិត្យ​ឱ្យ​ហើយ​ទៅ មុននឹង​គាត់​បើកបរ។ អ៊ីចឹ​ងនរ​ណាខ្លះ​មាន​បណ្ណ​ត្រឹមត្រូវ មាន​សុពលភាព​ត្រឹមត្រូវ​អត់ ហ្នឹង​ទើប​ជា​រឿង​ប្រសើរ»។

បើ​តាម​ក្រសួងសាធារណការ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ ដែល​ទើប​បង្កើត​ឡើងជា​លើកដំបូង​នៅ​កម្ពុជា និង​ត្រូវ​បាន​សម្ពោ​ធនៅ​ថ្ងៃនេះ នឹង​មានលទ្ធភាព​ទទួលការ​បណ្តុះបណ្តាលនិង​ប្រលង​យក​បណ្ណ​បើកបរ​យានយន្ត​ប្រភេទ «គ» ដល់​ប្រភេទ «ង» ប្រមាណ ២៦០០នាក់។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​ចាត់ទុក​ការបង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ថ្មីនេះ ថា​ជា​ការ​ខិតខំ​មួយទៀត​របស់​រដ្ឋាភិបាលក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ។

បើ​តាម​លោក​រដ្ឋមន្ត្រី ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ២០១៩ មាន​ចំនួន២ ១៥២នាក់ ក្នុង​នោះ អ្នក​ស្លាប់​ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​មាន​ចំនួន១៨១នាក់។

លោក​បន្ត​ថា ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ មាន​មនុស្ស៩១នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹក​អ្នកដំណើរ និង៩០នាក់​ស្លាប់​ដោយសារ​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​ដឹកទំនិញ​៕


កែតម្រូវ៖ វីអូឌីសូមធ្វើការកែតម្រូវកថាខណ្ឌទី៨៖ «អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកនៃវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ…»។ ខ្លឹមសារដែលត្រឹមត្រូវគឺ «អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ…»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ