នាយករដ្ឋមន្រ្តីឱ្យអាជ្ញាធរព្រំដែនរឹតបន្តឹងការឆ្លងដែនចេញចូល ក្រោយប្រទេសជិតខាង​ផ្ទុះកូវីដ​​១៩ខ្លាំង

កងទ័ពកម្ពុជាចុះល្បាតតាមបង្គោលបំពេញបន្ថែមនៅស្របតាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាលនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ (រូបថត៖ហ្វេសប៊ុកRoyal Cambodian Army)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបានចេញបទបញ្ជាជាបន្ទាន់ ទៅអាជ្ញាធរខេត្តជាប់ ព្រំដែនកម្ពុជា-វៀតណាម ឱ្យ​រឹតបន្តឹងការឆ្លងព្រំដែនរវាងប្រជាជននៃប្រទេសទាំងពីរ ខណៈ ជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម បានឆ្លងចូលទៅក្នុងសហគមន៍ ហើយកំពុងរីក សាយភាយ នៅក្នុង​តំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសនេះ។

តាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន បានបញ្ជា​ឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដាក់ពង្រាយកងកម្លាំងចាប់ពី ព្រំដែនខេត្តកំពត រហូតដល់ព្រំដែនខេត្តរតនគីរី សំដៅរឹតបន្តឹងការឆ្លងដែនទៅមក រវាង ប្រជាជននៃប្រទេសទាំងពីរ។

លោកបន្ត​ថា ក្នុងករណីដែលប្រជាពលរដ្ឋវៀតណាម ឆ្លងដែនចូលមកប្រទេសកម្ពុជា គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើកម្ពុជាមានការធ្វេសប្រហែស នោះកម្ពុជានឹងខ្ទេចខ្ទាំ ដោយ​ជំងឺកូវីដ១៩។ នេះជាវិធានការបន្ទាន់ ដើម្បីឆ្លើយតប ជាមួយនឹងសភាពការណ៍​ដែល​កំពុង​ហ៊ុំព័ទ្ធយើង ពីទិសខាងលិច គឺព្រំដែនកម្ពុជា-ថៃ និងព្រំដែនខាងកើត គឺព្រំដែន​កម្ពុជា-វៀតណាម។ ប្រសិនបើយើងមានការធ្វេសប្រហែស ប្រទេស​យើង​នឹង​ខ្ទេចខ្ទាំ​ទៅដោយកូវីដ១៩ ដែលរុញច្រានមកពីប្រទេសថៃមកផង និងរុញច្រានមកពីប្រទេសវៀតណាមមកផង»

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីដែលលោកកំពុងព្រួយបារម្ភខ្លាំងនៅពេលនេះ គឺការឆ្លងព្រំដែនរវាងប្រជាជននៃប្រទេសទាំងពីរ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅពេលខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «កន្លងមក នៅតាមព្រំដែនកម្ពុជា-វៀតណាម យើងមិនមានកង្វល់​ច្រើន​ទេ ដោយសារយើងមិនមានពលករនៅក្នុងប្រទេសវៀតណាមទេ។ តែអ្វីដែលជាកង្វល់​របស់​យើង គឺនៅជិតពេលចូលឆ្នាំវៀតណាមនេះ អាចនឹងមានពលរដ្ឋកម្ពុជាឆ្លងទៅវៀតណាម ឬអនិកជនវៀតណាមរស់នៅកម្ពុជាឆ្លងទៅវៀតណាម ហើយក៏ឆ្លងចូលមកកម្ពុជាវិញ។ នេះគឺ​ជារឿង ដែលយើងត្រូវប្រុងប្រយ័ត្ន ហើយត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់។ សូមអាជ្ញាធរខេត្តចាត់វិធានការ ពង្រាយកងកម្លាំងជាបន្ទាន់នៅតាមព្រំដែនកម្ពុជា វៀតណាម»

ទទួលបានបទបញ្ជានេះភ្លាម អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ បានចុះទៅអនុវត្​តភ្លាមដែរ។

លោកគង់ សុភ័ណ្ឌ បានថ្លែងថាខេត្តកណ្តាលមានច្រកព្រំដែនផ្លូវការចំនួន៤ គឺច្រកអន្តរជាតិពីរ និងច្រកតំបន់ចំនួនពីរ។

លោកមានប្រសាសន៍ថា៖ «ពេលប្រសាសន៍សម្តេចផ្សព្វផ្សាយហ្នឹង យើងទទួលភ្លាម ហើយ​យកបញ្ជាដឹកនាំអនុវត្តភ្លាម នៅជុំវិញស្រុកពីរ គឺស្រុកលើកដែក និងស្រុកកោះធំ ដែល​យើង​ត្រូវរៀបចំបញ្ជាការឯកភាពរបស់យើង ហើយជាពិសេស គឺច្រកទ្វារអន្តរជាតិ ច្រកទ្វារតំបន់ គឺយើងពង្រឹងដាច់ខាត មិនឱ្យមានការឆ្លងដែនចេញចូលទេ​។ ហើយបើមាន គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ យើងមានមណ្ឌលចត្តាឡីស័ករួចរាល់ហើយ»។​

ក្រៅពីបទបញ្ជាបន្ទាន់​របស់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានចេញ​លិខិតជូនដំណឹងមួយ ដោយណែនាំ​ឱ្យអភិបាលរាជធានី-ខេត្ត​ទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ១៩ នៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម។

ក្រសួងបានស្រង់ការផ្សព្វផ្សាយ​របស់​សារព័ត៌មានវៀតណាម Vietname Briefing ចុះផ្សាយ​កាល​ពីថ្ងៃ​ទី​០៣ ខែ​កុម្ភៈថា ប្រទេសវៀតណាមថ្មីៗនេះ បាននឹងកំពុងមានការផ្ទុះឡើងវិញនូវ​ការចម្លង​នៃវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះ មានការចម្លងនៃវីរុស​កូវីដ១៩បម្លែង​ថ្មីពីចក្រភពអង់គ្លេសផងដែរ។

គិតមកត្រឹមថ្ងៃទី ០១ កុម្ភៈ ឆ្នាំ២០២១ វៀតណាមបានរកឃើញករណីវិជ្ជមាន​នៅតាមបណ្តា​ខេត្តក្រុង​ចំនួន១០ ដែលក្នុងនោះក៏មានទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ ហើយ​ខេត្តក្រុងខ្លះ ក៏មានព្រំប្រទល់នៅជិតប្រទេស​​កម្ពុជាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ