អ្នក​នាំ​ពាក្យ​​ថា​បើ​​ចង់​​ពន្លឿន​​ក្តី​ ទាល់​តែ​​លោក​ កឹម​ សុខា​ វិល​​ទៅ​​ជាប់​​ពន្ធ​នា​​គារ​​វិញ​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ឆ្លើយតបទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ក្រោយ​ចូលរួម​បើក​សិក្ខាសាលា​ស្តី​ពី«ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បោះពាក្យ​សម្ដីថា បើ​ចង់ឱ្យ​ពន្លឿន​នីតិវិធី​បើកសវនាការ​លើ​សំណុំរឿង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោ​ក កឹម សុខា ឱ្យ​បាន​ឆាប់​ដូច​ករណី​អ្នក​ដែល​កំពុង​ជាប់ឃុំ លុះត្រា​តែលោក កឹម សុខា វិល​ទៅ​ជាប់ពន្ធ​នា​គារ​នៅ​ឯត្រពាំងផ្លុង​វិញ។ 

ការ​លើកឡើង​បែបនេះ ជា​ការ​ឆ្លើយតបទៅនឹង​សហ​មេធាវី​ការពារ​ក្តី​ឱ្យលោក កឹម សុខា ដែល​បាន​ចាត់ទុក​មូលហេតុ​នៃ​ការ​បន្ត​ពន្យារ​ពេល​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ក្រោម​ហេតុផល​នៃ​ជំងឺ​កូ​វីដ១៩ និង​ការ​ជាប់ដៃ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅក្នុង​តុលាការ​នោះ ថា​ជា​មូលហេតុ​មិន​សម​ហេតុផល។ 

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ឆ្លើយតបទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ក្រោយ​ចូលរួម​បើក​សិក្ខាសាលា​ស្តី​ពី«ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៥ ខែកុម្ភៈ​នេះ​ថា ​តុលាការ​នៅពេល​នេះកំពុង​ជាប់ដៃ​ដោះស្រាយ​លើ​សំណុំរឿង​កកស្ទះ​នៅក្នុង​តុលាការ ដែល​មាន​ជនជាប់ចោទ​នៅក្នុង​ពន្ធនាគារ។ 

លោក​បន្ត​ថា បើ​ចង់​ពន្លឿន​នីតិវិធី​ក្នុង​ការ​កាត់ក្តី​លើ​សំណុំរឿងលោក កឹម សុខា លុះត្រាតែ​លោក កឹម សុខា វិល​ទៅ​ជាប់ពន្ធ​នា​គារ​នៅ​ឯត្រពាំងផ្លុង​វិញ។ 

លោក​ ជិន ម៉ា​លីន ថ្លែង​ថា៖ «ហេតុផល​មិន​សមរម្យ ជាហេតុ​ផល​សម្រាប់​គាត់ ជា​មេធាវី​លោក កឹម សុខា ក៏ប៉ុន្តែ​ជា​កត្តា​សន្យា​នុ​ម័ត គឺ​ស្ថាប័ន​តុលាការ​មានហេតុ​ផល​របស់​គេ ហើយ​មិន​មាន​ស្ថាប័ន​ណា​ទៅ​បង្ខំ​ឱ្យ​តុលាការ​ត្រូវតែ​បើកសវនាការ​ឬមិន​បើក ឬបើក​ពេលនេះពេលនោះ​បានទេ ក្រសួង​យុត្តិធម៌​ក៏​មិន​អាច​បង្ខំ​បាន​ដែរ នេះ​ជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម»។ 

លោក​បន្ត​ថា៖ «គោលដៅ​នៃ​យុទ្ធនាការ​របស់​យើង គឺ​អាទិភាព​ទៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​មាន​មនុស្ស​នៅក្នុង​ឃុំ អ៊ីចឹង​បាន​ជា​សំណុំរឿង​ផ្សេងទៀតដំណើរការ​ទៅ​បាន ហេតុ​អី​សំណុំរឿង កឹម សុខា មិន​អាច​ដំណើរការ​ទៅ​បាន។ បើសិនជាលោក កឹម សុខា ចង់​ដំណើរការ​ដូច​គេ​ដែរ [គេថា]ទៅ​ក្នុង​ឃុំ​វិញ​ទៅ ទៅ​ត្រពាំងផ្លុង​វិញ​ទៅ គេ​យក​មក​ដោះ​មុន​ហើយ»។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ លោក ផែង ហេង សហ​មេធាវី​ការពារ​ក្តី​ឱ្យលោក កឹម សុខា បាន​ចាត់ទុក​ការ​លើកឡើង​នេះ​ថា គ្រាន់តែ​ជា​ការ​បកស្រាយ​ក្នុងនាម​ជា​អ្នកនាំពាក្យ​តែប៉ុណ្ណោះ។ តែ​សហ​មេធាវី​នឹង​នៅតែ​ជំរុញ​ធ្វើ​យ៉ាងណាឱ្យ​តុលាការ​ឆាប់​បើកសវនាការ​ជំនុំជម្រះ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ឆាប់។ 

លោក​មានប្រសាសន៍​ថា៖ «នៅក្នុង​ច្បាប់ អត់មាន​ច្បាប់​ណា​ជ្រើសរើស​ថា រឿង​នេះ​អាទិភាព​មុន រឿង​នោះ​មិន​អាទិភាព​ទេ ហើយ​បើ​និយាយ​ពីរ​ដ្ឋ​បាល​តុលាការ​វិញ រឿង​ក្តី​គេដាក់​តាម​លេខរៀង ហើយ​គេ​បែងចែក​ទៅតាម​លេខរៀង។ ដោយឡែក​រឿងឯកឧត្តម កឹម សុខា ជា​រឿង​ចាស់ ហើយ​បាន​ចាត់តាំង​ចៅក្រម បាន​ចាត់តាំង​មេធាវី​អី​មាន​អស់ហើយ។ ការ​ដេញដោលក៏បាន​ធ្វើ​មួយ​រយៈ​យ៉ាង​យូរ ហើយ​វា​វែង​ជាង​រឿង​ក្តី​ធម្មតា ដូច្នេះមិន​ចង់និយាយ​ថាមិនធម្មតា យើង​មើល​ការអនុវត្ត​កន្លងមក វា​មិនធម្មតា​រួច​ទៅ​ហើយ»។

កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ឆ្លើយតបទៅនឹង​លិខិត​របស់​ក្រុម​មេធាវី​ការពារ​ក្តីលោក កឹម សុខា ថា​សំណើសុំ​បន្ត​សវនាការ​សំណុំរឿងលោក កឹម សុខា នៅ​មិនទាន់​អាច​ដាក់​កម្មវិធី​នា​ពេលនេះ​បាន​នៅឡើយ​ទេ ដោយ​សម្អាង​មូលហេតុ​ថា ដោយសារ​ជំងឺ​កូ​វីដ១៩ និង​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ។ 

លោក កូយ សៅ រៀបរាប់​បន្ត​ថា៖ «ដោយហេតុថាសាលាដំបូង​រាជធានី​ភ្នំពេញ ក៏​កំពុង​មមាញឹក​ក្នុង​ចំណាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌដែល​មាន​ជន​ត្រូវ​ចោទ​កំពុង​ជាប់ឃុំ​យ៉ាង​ចង្អៀត​ក្នុង​ពន្ធនាគារ ដែល​ករណីនេះ ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​នៅក្នុង​យុទ្ធនាការ​នៃ​ការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ត្រូវ​បាន​ដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌នា​ពេល​កន្លង​មក​ថ្មី​ៗនេះ»។

នេះ​គឺជា​លើក​ទី៣ហើយដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ច្រានចោល​សំណើសុំ​របស់​ក្រុម​សហ​មេធាវី​ការពារ​ក្តី​ឱ្យលោក កឹម សុខា ដែល​សុំ​ឱ្យ​បើកសវនាការ​ជំនុំជម្រះ​ក្តី​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​ចាប់តាំងពី​ចុងខែ​មីនា​ឆ្នាំមុន ក្រោយពី​កម្ពុជា​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩។ 

កាលពី​ខែឧសភា​ឆ្នាំមុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ថា សំណុំរឿង​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល​រហូតដល់​ឆ្នាំ២០២៤ ក្រោយពី​តុលាការ​ផ្អាក​សវនាការ​លើ​សំណុំរឿង​នេះ។

សូម​រំឭក​ជូន​ថា លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដកហូត​សិទ្ធិ​ធ្វើនយោបាយ​ជាង៣ឆ្នាំ​មក​ហើយ​ គិត​ចាប់ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោកកាលពី​អំឡុង​ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ «គប់គិតជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល»។ 

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត កាលពី​ចុងខែ​កញ្ញា​ឆ្នាំមុន បាន​ចាត់ទុក​សំណុំរឿង​ចោទប្រកាន់​លើ​លោក កឹម សុខា ថា​ជា​រឿង​នយោបាយ ដែល​ក្លាយទៅជា​គំរូ​អាក្រក់​មួយ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវទៅលើ​គូប្រជែង​នយោបាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ