អង្គការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសមាគមសារព័ត៌មានជាតិអន្តរជាតិចំនួន៤ ស្នើក្រសួងពាក់ព័ន្ធឱ្យបកស្រាយបន្ថែមជុំវិញបទបញ្ជាដែលហាមអ្នកសារព័ត៌មានថត និងផ្សាយផ្ទាល់ នៅពេលសមត្ថកិច្ចកំពុងតែអនុវត្តការងារស៊ើបអង្កេត ឬក្នុងតំបន់ដែលអាជ្ញាធរហាមឃាត់។
កាលពីថ្ងៃទី១៨ ខែមករា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥នៃក្រសួងព័ត៌មាន រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំអ្នកសារព័ត៌មានកុំឱ្យទៅថតរូបក្នុងដែនសមត្ថកិច្ចហាមឃាត់ ឬកំពុងបំពេញភារកិច្ច ដោយលោកថាវាខុសទៅនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ លោកបានលើកឡើងថាប្រសិនបើអ្នកសារព័ត៌មានណាម្នាក់មិនស្តាប់តាមការហាមឃាត់សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនអ្នកកាសែតនោះ។
បីថ្ងៃក្រោយមក លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទហាមអ្នកសារព័ត៌មានចូលថត ឬផ្សាយផ្ទាល់នៅពេលសមត្ថកិច្ចកំពុងអនុវត្តការងារ ឬតាមដានស្រាវជ្រាវកំណត់សញ្ញាជនល្មើស ឬពេលបង្រ្កាបបទល្មើស។ លោកបានបញ្ជាក់ថាបើអ្នកសារព័ត៌មានមិនស្តាប់តាមការហាមប្រាមនោះពួកគេនឹងប្រឈមវិធានការច្បាប់។
លិខិតចំហរួមគ្នាមួយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ដែលចេញកាលពីម្សិលមិញ លើកឡើងថាអត្ថន័យនៃបទបញ្ជានោះមានភាពមិនច្បាស់លាស់ និងទូលាយដែលនាំឱ្យមានប៉ះពាល់ដល់សេរីភាពក្នុងការបោះពុម្ពផ្សាយរបស់អ្នកសារព័ត៌មាន។
លិខិតដដែលសរសេរបន្តថា៖«សូមអំពាវនាវដល់រដ្ឋាភិបាលមេត្តាពន្យល់ និងបញ្ជាក់អំពីសេចក្តីណែនាំនេះឱ្យបានច្បាស់ ដើម្បីធានាថាសិទ្ធិនិងសេរីភាពរបស់អ្នកសារព័ត៌មានក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ មិនត្រូវបានរិតត្បិត។ ក្នុងប៉ុន្មានខែថ្មីៗនេះ អ្នកកាសែតជាច្រើនបានទទូលរងនូវការយាយី និងត្រូវបានអាជ្ញាធរប្រាប់ឱ្យបញ្ឈប់ការថតរូបនិងផ្សាយបន្តផ្ទាល់ក្នុងពេលតវ៉ានិងព្រឹត្តិការណ៍ដទៃទៀតដែលប៉ូលីសកំពុងបំពេញភារកិច្ច»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានឆ្លើយតបថាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធិ គ្រាន់តែជាការដាស់តឿនឱ្យអ្នកកាសែតឱ្យយល់ពីភារកិច្ច និងតួនាទី ហើយធ្វើការងារតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ។
លោកបានបន្ថែមថា៖«នៅពេលដែលសមត្ថកិច្ចស៊ើបអង្កេតទៅលើករណីអ្វីមួយ ហេតុការណ៍អ្វីមួយនោះវាកំពុងតែស្ថិតក្នុងដែននៃអនុវត្តន៍តួនាទីភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ច។ អ៊ីចឹងហើយទាមទារឱ្យអ្នកសារព័ត៌មានត្រូវចូលរួមសហការនិងគោរពទៅតាមតួនាទីភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ច»។
លោកបានបញ្ជាក់ថាការណែនាំរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានមិនបានបំភិតបំភ័យ ឬបំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានណាមួយនោះទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថាការលើកឡើងរបស់លោក ស ថេត ជាការណែនាំឱ្យអ្នកសារព័ត៌មានយល់ពីតួនាទីរបស់ខ្លួនដោយមិនធ្វើការងារហួសពីដែនកំណត់។ លោកបានបន្តថាការណែនាំនោះមិនមែនជាការព្រមានដល់អ្នកសារព័ត៌មាននោះទេ។ លោកបានឱ្យដឹងទៀតថាសមត្ថកិច្ចតែងចាត់ទុកអ្នកសារព័ត៌មានជាដៃគូសហការគ្នាដោយថាសមត្ថកិច្ចតែងតែផ្តល់ព័ត៌មានតាមការស្នើសុំនៅពេលដែលធ្វើការបិទបញ្ចប់រឿងរួចរាល់។
លោកបានឆ្លើយតបទៅនឹងលិខិតចំហរបស់ក្រុមអង្គការសមាគមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖«ករណីអស់ហ្នឹងមិនមែនជាការហាមឃាត់សិទ្ធិសេរីភាពអីទេ។ គាត់អាចធ្វើបាន គាត់អាចចុះយកព័ត៌មានទូទៅបាន ប៉ុន្តែគាត់ត្រូវមើលដែរថាតើពេលណាដែលសមត្ថកិច្ចសុំគាត់ សំណូមពរគាត់ថាកុំLive(ផ្សាយផ្ទាល់) កុំធ្វើ ទុកឱ្យជំនាញគាត់ធ្វើការងារសិន។ […]ពេលខ្លះសុំឱ្យគាត់ស្តាប់ ពេលខ្លះគាត់អត់ស្តាប់»។
អ្នកនាំពាក្យរូបនេះក៏បានលើកឡើងផងដែរថាពេលខ្លះអ្នកសារព័ត៌មានមួយចំនួនទៅផ្សាយផ្ទាល់បានធ្វើឱ្យជនល្មើសដឹងខ្លួនដែលករណីនេះធ្វើប៉ះពាល់ដល់ការងាររបស់សមត្ថកិច្ចដែលកំពុងស៊ើបអង្កេតស្វែងរកចាប់ជនល្មើសទាំងនោះ។
ទោះយ៉ាងក៏ដោយអង្គការការពារអ្នកសារព័ត៌មានទាំង៤ បានរកឃើញថាយ៉ាងហោចណាស់កាលពីចុងខែមករាកន្លងទៅមាន១ករណីដែលសមត្ថកិច្ចបានកោះហៅអ្នកសារព័ត៌មានអប់រំនិងណែនាំមិនឱ្យថតនិងផ្សាយផ្ទាល់៕