ព្រះសង្ឃ​ដាក់​វេន​គ្នា​ឃ្លាំ​មើល​អ្នក​យក​គ្រឿង​សក្ការៈ​បូជា​ចោល​នៅ​វត្ត​

របស់របរសក្ការៈបូជាដែលចោលរាយប៉ាយនៅរបងវត្តសារាវ័ន្ត​ហៅវត្តទួលអស់លោក ក្នុងភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ នៅថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២១។ រូបដោយ Sothy Lim

ព្រះសង្ឃនៅវត្តមួយក្នុងរាជធានីភ្នំពេញ បានដាក់វេនគ្នាឃ្លាំមើលអ្នកកាន់ដូនតាចិនឬវៀតណាម ដែលយកគ្រឿងសក្ការៈបូជាចោលនៅវត្តធ្វើឱ្យខូចសណ្តាប់ធ្នាប់ ក្នុងឱកាសប្រពៃណីដែលត្រូវដូរសម្ភារបូជាចាស់ចោលយករបស់ថ្មីមកជំនួសវិញ។​

ព្រះតេជគុណ យិន រតនសុធាវី ជាព្រះសង្ឃគង់នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានសង្ឃដីកាថា ព្រះអង្គសូមសំណូមពរឱ្យប្រជាពលរដ្ឋដែលតែងតែយករបស់របរសក្ការៈបូជាដែលប្រើរួចរាល់ទុកដាក់ឱ្យត្រឹមត្រូវ ដោយបញ្ឈប់ការយកមកដាក់ចោលក្នុងបរិវេណវត្តអារាម។

មានសង្ឃដីកាបែបនេះ ធ្វើឡើងពេលឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានវីអូឌីដែលបានសាកសួរជុំវិញករណីប្រជាពលរដ្ឋមួយចំនួនយករបស់របរដែលឈប់ប្រើទៅទុកចោលរញ៉េរញ៉ៃក្បែររបងវត្តនិងក្នុងបរិវេណវត្តក្នុងរដូវកាលបុណ្យចូលឆ្នាំចិន។

ព្រះតេជគុណមានសង្ឃដីកាថា៖ «សូមពុទ្ធបរិស័ទទាំងឡាយកុំចាត់ទុកវត្តអារាមជាទីធុងសំរាមរបស់អស់លោកអ្នក។ សូមពុទ្ធបរិស័ទគ្រប់រូបត្រូវតែចាត់វត្តអារាមជាទីសួនច្បារ និងជាទីសក្ការៈបូជាប្រតិបត្តិ»។

ព្រះតេជគុណបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ប្រជាពលរដ្ឋជាច្រើនបានយករបស់របរប្រើប្រាស់សម្រាប់គោរពបូជាក្នុងផ្ទះ ដូចជា រានសែនកុងម៉ា ជំនាងផ្ទះ មកទុកចោលក្នុងវត្តជាច្រើនដែលមានស្ទើរតែគ្រប់រូបភាព ដែលធ្វើឱ្យព្រះសង្ឃនិងអ្នកសម្អាតពិបាកក្នុងការរៀបចំដោយសារមានបរិមាណច្រើននិងធ្ងន់។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «អាត្មារើសគឺមានរានទេវតា អាសនៈចាប់ពី៥ថ្នាក់ឡើងទៅ ឬ៣ថ្នាក់ ឬមានកុងម៉ារបស់ចិនយួនផង នៅមានបាយសី និងមានអំបែង មានជើងធូប មានជ័រមានកែវ មានអំពូលភ្លើងញាក់ៗតាមកុងម៉ាគេហ្នឹង តាមរានទេវតាហ្នឹង ហើយរឿងធំៗហ្នឹង ជាពិសេសគឺបាយសីតាមកញ្ចប់ខ្មៅៗហ្នឹង ពេញៗ»។

ជាមួយគ្នានេះផងដែរ ព្រះតេជគុណក៍មានសង្ឃដីកាពីផលប៉ះពាល់ដល់ព្រះសង្ឃនិងប្រជាពលរដ្ឋផងដែរ ព្រោះវត្តអារាមជាទីសក្ការៈបូជានិងជាទីសួនច្បារលំហែកាយរបស់ប្រជាពលរដ្ឋ

«កន្លែងនេះគឺមហាប៉ះពាល់ទៅដោយសំរាម ដែលខូចសុខភាពទៅដល់ព្រះសង្ឃ អាចារ្យ ប្រជាពលរដ្ឋមកធ្វើបុណ្យធ្វើជាទីសក្ការៈ វិបស្សនាអប់រំផ្លូវចិត្ត ប៉ះពាល់ដល់ការដកដង្ហើមចេញចូល។

ព្រះអង្គ យិន​ រតនសុធាវី មានសង្ឃដីកាបន្តថា ៖«ប្រសិនបើយើងមិនចាត់វិធានការទេ អាជ្ញាធរនៅតែមិនចាត់ច្បាប់ហ្នឹងទេ ចុងក្រោយវត្តនឹងជាទីជ្រកសំរាមហើយសម្រាប់ពំនូកសម្រាប់ប្រជាពលរដ្ឋអ្នកកាន់ខ្សែស្រឡាយចិនយួនហ្នឹងយកកុងម៉ារបស់ខ្លួនហ្នឹងមកបោះពេញវត្ត»។

ព្រះអង្គបានបញ្ជាក់ផងដែរថា ព្រះចៅអធិការនិងព្រះសង្ឃទាំងអស់បានចាត់វិធានការឃ្លាំមើលសម្រាប់អ្នកដែលយករបស់ទាំងនោះមកបោះចោលនៅវត្ត ដោយពិន័យជាប្រាក់ពី៨ម៉ឺនដល់១០ម៉ឺន ដើម្បីទិញជាភេសជ្ជៈប្រគេនជូនព្រះសង្ឃនិងញាតិញោមដែលជាអ្នកសម្អាតទីធ្លាវត្ត។

ចំណែកលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងស្រដៀងគ្នានេះដែរ ដោយលោកមានប្រសាសន៍ថា ទង្វើដែលប្រជាពលរដ្ឋមួយចំនួនយករបស់របរចាស់ៗទៅចោលក្នុងបរិវេណវត្តអារាមនេះ មិនត្រឹមតែប៉ះពាល់ដល់បរិស្ថានដែលធ្វើឱ្យរបងវត្តនិងបរិវេណវត្តទៅជាទីតាំងផ្ទុកសំរាមប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃព្រះពុទ្ធសាសនានិងវប្បធម៌ខ្មែរផងដែរ។ លោកបន្ថែមថា ការប្រតិបត្តិនេះមិនមែនជាការប្រតិបត្តិបែបចំណេញនោះទេ។

លោកថ្លែងថា៖ «ទង្វើបែបនេះគឺជាទង្វើមិនត្រឹមតែជាទង្វើអសីលធម៌ មិនគោរពឱ្យតម្លៃព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាសាសនារបស់ជាតិខ្មែរទេ វាថែមទាំងជាទង្វើដែលបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់ទីសាធារណៈ និងធ្វើឱ្យបំពុលបរិស្ថានទៀត»។

លោកបន្តថា លោកសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់បើចេះជឿ ត្រូវចេះចូលរួមជួយគ្នា ដើម្បីថែរក្សាសោភ័ណភាព​​ និងគោរពពីតម្លៃនៃជំនឿរបស់សាសនាដទៃទៀត។

លោក ប៉ា ចន្ទរឿន ថា៖ «ខ្ញុំសំណូមពរនិងស្នើឱ្យជនរួមជាតិយើងដែលជាអ្នកកាត់ចិន ហើយត្រូវការផ្លាស់ប្តូរធើងធូបឬគ្រឿងសក្ការៈបូជាអីផ្សេងៗ និងរៀបចំទុកដាក់របស់របរដែលយើងចាត់ទុកថាជាសំរាមហ្នឹង ឱ្យបានត្រឹមត្រូវ ដាក់តាមក្រុមហ៊ុនស៊ីនទ្រី ឬក៏អូសបំបែកវាយ៉ាងម៉េចខ្ចប់ទុកដាក់អីឱ្យបានត្រឹមត្រូវ យកទៅចោលតាមទីកន្លែងណាដែលសមប្រកប»។

លោក ប៉ា ចន្ទរឿន បន្ថែមថា ក្រសួងធម្មការ និងសាសនា ក៏ដូចជាភាគីពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ពីការអប់រំនៃជំនឿសាសនានៅក្នុងសង្គមខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿខ្វះការពិចារណាងាកមកធ្វើតាមគន្លងសីលធម៌ និងកុំឱ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី ថ្លែងថា ការយករបស់របរសក្ការៈបូជាដែលប្រើប្រាស់រួចទៅដាក់ក្នុងវត្តនេះ វាស្ថិតលើការចរចានិងសុំការអនុញ្ញាតរវាងព្រះសង្ឃនិងប្រជាពលរដ្ឋ ប្រសិនព្រះសង្ឃអនុញ្ញាតឱ្យទុកដាក់ មន្ទីរបរិស្ថានក៏មិនមានការរារាំងឬចាត់វិធានការអ្វីដែរ តែប្រសិនបើការទុកដាក់នោះធ្វើឱ្យប៉ះពាល់ដល់ទីសាធារណៈ ហើយព្រះសង្ឃមិនអនុញ្ញាតដូច្នេះនឹងត្រូវធ្វើការណែនាំនិងធ្វើកិច្ចសន្យាចំពោះពលរដ្ឋដែលយករបស់របរទាំងនោះទៅទុកដាក់ចោល។

លោកថា៖ «បើសិនគាត់យកចោលនៅទីសាធារណៈណាដែលជាកន្លែងមិនអនុញ្ញាតឱ្យចោល ឧទាហរណ៍ដូចជាតាមចិញ្ចើមផ្លូវ និយាយរួម ទីសាធារណៈទូទៅ យើងមិនអនុញ្ញាតទេ ហើយយើងនឹងមានការហៅគាត់ណែនាំនិងធ្វើការកិច្ចសន្យាជាមួយគាត់ជាដើម។ ប៉ុន្តែដល់ពេលឧទាហរណ៍គាត់យកទៅដាក់នៅទ្វារ មានកន្លែងដាក់ត្រឹមត្រូវ ឬបានលោក [ព្រះសង្ឃ] អនុញ្ញាត យើងមិនអាចទៅឃាត់ឃាំងអីបានទេ។ បើឱ្យយើងទៅចាត់វិធានការអី ទាំងនូវអ្វីដែលគាត់បានឯកភាពគ្នាហើយ គាត់ព្រមទទួលទុកដាក់ហើយ យើងទៅចាត់វិធានការអ៊ីចឹង ក៏វាអត់សមដែរ»។

លោក គាត រង្សី បន្ថែមថា ប្រសិនបើការទុកដាក់ទាំងនោះមិនមានរបៀបរៀបរយប៉ះពាល់ដល់សោភ័ណភាពផ្សេងៗ មន្ទីរបរិស្ថានរាជធានីភ្នំពេញនឹងស្នើឱ្យក្រុមហ៊ុនប្រមូលសំរាមរៀបចំប្រមូលចេញឱ្យមានសណ្តាប់ធ្នាប់។

ប្រធានមន្ទីរបរិស្ថានរូបនេះបញ្ជាក់ថា៖ «បើគាត់ដាក់ពាសវាលពាសកាលបែបហ្នឹង វាជាចំណុចមួយនៅពេលដែលមិនសមស្រប យើងនឹងសុំឱ្យមានការយកទុកដាក់អីផ្សេងឬក៏អាចឱ្យគេប្រមូលចេញ។ ប្រសិនបើការទុកដាក់នេះវាប៉ះពាល់ដល់សោភ័ណភាពទូទៅ យើងនឹងស្នើសុំឱ្យមានការប្រមូលចេញ ដោយធ្វើការជាមួយក្រុមហ៊ុនប្រមូលសំរាម»។

ព្រះតេជគុណ យិន រតនសុធាវី មានសង្ឃដីកាបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋជាច្រើនតែងតែយកមកបោះចោលនៅវត្ត ហើយឆ្នាំនេះក៏នៅតែបន្តមានច្រើនដដែល ដោយកាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ ព្រះសង្ឃបានធ្វើការដុតចោលប្រមាណជាង១០០រានទេវតា ប៉ុន្តែបន្ទាប់ពីមានវិធានការឃ្លាំមើលផាកពិន័យមក ក៏មានការថយចុះវិញ៕

អត្ថបទដោយ ប៉ា តុងចិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ