សង្គមស៊ីវិលចំនួន៦០នៅកម្ពុជាប្រកាសឈរខាងពលរដ្ឋមីយ៉ាន់ម៉ាប្រឆាំងក្រុមយោធា

តំណាងក្រុមអង្គការ សមាគម សហជីព និងសហគមន៍ដីធ្លីនៅកម្ពុជាចំនួន៦០ បាននាំយកញត្តិទៅដាក់នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១(ថតដោយ លោក សេង ថៃ)

តំណាងក្រុមអង្គការ សមាគម សហជីព និងសហគមន៍ដីធ្លីនៅកម្ពុជាចំនួន៦០ បាននាំយកញត្តិទៅដាក់នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាប្រឆាំងទៅនឹងរដ្ឋប្រហាររបស់ក្រុមយោធា និងប្រកាសឈរនៅខាងពលរដ្ឋជានិច្ច។

ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាទាំងនោះ មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឍមណ្ឌលសម្ព័ន្ឋការងារនិងសិទ្ឋិមនុស្ស (CENTRAL) សមាគមធាងត្នោត អង្គការសិទ្ធិមនុស្សអាដហុក លីកាដូ សហគមន៍ដីធ្លីត្រពាំងជង បណ្តាញយុវជនកម្ពុជា និងសហភាពសម្ព័ន្ធវិស័យទេសចរណ៍កម្ពុជាជាដើម។ ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលនិងសហជីពកម្ពុជាចំនួន៦០ស្ថាប័ន បានទាមទារចំនួនពីរចំណុចដែលរួមមានទាមទារឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយផ្សេងៗទៀត ដែលកំពុងជាប់ឃុំ និង ទាមទារឱ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។

ការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីព នាព្រឹកថ្ងៃទី ១២ កុម្ភៈនេះ មិនឃើញមានមន្ត្រី ឬ តំណាងស្ថានទូតមីយ៉ាន់ម៉ាចេញមកទទួលយកញត្តិនោះឡើយ ដោយសារនៅថ្ងៃនេះ ស្ថានទូតបានបិទទ្វារព្រោះ​ជាថ្ងៃបុណ្យជាតិរបស់មីយ៉ាន់ម៉ា។

ប៉ុន្តែយ៉ាងណាក្តី បើតាមការអះអាងរបស់លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៅមជ្ឈមណ្ឌលសម្ព័ន្ឋការងារនិងសិទ្ឋិមនុស្ស (CENTRAL) បានថ្លែងថាស្ថានទូតបានទទួលយកញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលតាមរយៈសន្តិសុខដែលប្រចាំការនៅទីនោះ។

លោក ឃុន ថារ៉ូ បានមានប្រសាសន៍ថា គោលបំណងនៃការដាក់ញត្តិនៅថ្ងៃនេះ គឺដើម្បីបង្ហាញសារនូវការសាមគ្គីភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក ក្នុងការគាំទ្រឆន្ទៈរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

លោក បានលើកឡើងថា​ ៖ «យើងគិតថា វាមានសារៈសំខាន់ ដែលប្រទេសកម្ពុជាយើងហ្នឹង ដែលជាផ្នែកមួយនៃសមាជិកអាស៊ាន ដែលជាសហគមន៍អាស៊ាន ត្រូវតែបង្ហាញជំហរគាំទ្រឆន្ទៈរបស់ប្រជាពលរដ្ឋនៅទីនោះ។ ជាក់ស្តែងយើងដឹងហើយថា យើងកំពុងប្រឈមទៅនឹងបញ្ហា ដែលជាវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា។ ចឹងយើងចង់ឱ្យសម្លេង អ្នកប្រជាធិបតេយ្យ អ្នកការពារសិទ្ធិមនុស្ស ចលនាប្រជាពលរដ្ឋទាំងអស់នៅក្នុងបណ្តាប្រទេសអាស៊ាន ត្រូវហ៊ានក្រោកឈរដើម្បីគាំទ្រទៅប្រជាពលរដ្ឋមីយ៉ាន់ម៉ា មានន័យថា ពួកគាត់មិនឯកោរ »

ចំណែកអ្នកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានថ្លែងនៅមុខស្ថានទូតមីយ៉ាន់ម៉ាកាលពីព្រឹកមិញថា ការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាពេលនេះ គឺជាការបង្ហាញការឈឺឆ្អាលរបស់ពលរដ្ឋកម្ពុជា ចំពោះប្រទេសមីយ៉ាន់ម៉ា និងដើម្បីបង្ហាញការគាំទ្រមួយចំពោះការតស៊ូរបស់ពួកគេ។

អ្នកស្រីបាននិយាយថា៖«ដូចខ្ញុំបានបញ្ជាក់ចឹងថា ក្នុងនាមយើងជាពលរដ្ឋមួយ ជាសង្គមស៊ីវិល ដែលយើងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យនេះ គឺយើងនៅជាមួយគ្នា ក្នុងការគាំទ្រទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ បែបអហិង្សា។ យើងមិនគាំទ្រចំពោះរដ្ឋប្រហារណាមួយ ឬក៏ការប្រើប្រាស់កងកម្លាំងអាវុធ ឬក៏យោធា ក្នុងការក្តោបក្តាប់អំណាចនោះទេ»

ការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីពកម្ពុជាទៅកាន់ស្ថានទូតមីយ៉ាន់ម៉ានៅកម្ពុជានេះ បានធ្វើឡើង បន្ទាប់ពីក្រុមយោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការវាយបង្ក្រាបទៅលើចលនាប្រឆាំងរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាចំពោះការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ កុម្ភៈ។

ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានចាត់ទុកថា នេះគឺជាគំរូមួយដ៏អាក្រក់សម្រាប់ពិភពលោក។

អ្នកស្រី បានថ្លែងថា៖«ចឹងមានការបង្ក្រាបមួយទៅលើប្រជាជន ដែលយើងមើលឃើញថា គឺជាគំរូមួយដ៏អាក្រក់នៅលើពិភពលោក! ហើយក្នុងនាមយើងជាប្រជាពលរដ្ឋមួយ ជាតំណាងសហព័ន្ធសហជីព យើងមិនអនុញ្ញាត ហើយយើងក៏មិនគាំទ្រ ក្នុងការមិនផ្ទេរអំណាចដោយសន្តិភាពហើយ ក៏មានការបង្ក្រាបទៅលើការអនុវត្តសិទ្ធិរបស់ប្រជាជន ក្នុងការទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដហើយនេះគឺជាគំរូអាក្រក់មួយដែលថ្នាក់ដឹកនាំប្រទេសដ៍ទៃៗទៀត អាចងាយយកគំរូតាម និងអាចងាយអនុវត្តទៅលើស្ថានភាព ប្រើរបបយោធាដើម្បីផ្តួលរំលំ ដើម្បីបង្ក្រាបទៅលើប្រជាជនរបស់ខ្លួន»

ក្រៅពីញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីពកម្ពុជាចំនួន៦០នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (Camboja) ក៏បានផ្ញើលិខិតមួយច្បាប់ កាលពីថ្ងៃទី ១១ កុម្ភៈ ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ឱ្យបង្ហាញគោលជំហរក្នុងការប្រឆាំងនឹងអំពើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លិខិតរបស់ខេមបូចា បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោសទៅលើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញកុំឱ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលកើតចេញពីអំពើរដ្ឋប្រហារនេះជាដើម។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនឆ្លើយតបចំពោះលិខិតខាងលើនេះទេ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហររបស់កម្ពុជាច្បាស់លាស់រួចហើយ កាលពីថ្ងៃទី១ កុម្ភៈ ២០២១។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា​ ខ្លួន​នឹង​មិន​ធ្វើ​ប្រតិកម្ម​ណា​មួយ អំពី​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ថ្ងៃចន្ទ​នៅ​មីយ៉ាន់ម៉ា​ទេ ដោយ​ចាត់​ទុក​ថា​ ជា​ «កិច្ចការ​ផ្ទៃ​ក្នុង» របស់មីយ៉ាន់ម៉ា។

គួរកត់សំគាល់ថា ក្រោយពីបានដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងភ្នំពេញរួចហើយ តំណាងក្រុមអង្គការសង្គមស៊ីវិល និងសហជីពទាំង៦០ស្ថាប័ន ក៏បានលើកបណ្តាដែលមានសញ្ញាម្រាមដៃ៣ ដូចនៅក្នុងខ្សែភាពយន្តហូលីវូដរឿង Hunger Game ជាមួយនឹងការស្រែកព្រមៗគ្នាថា «We Stand with the people of Myanmar, keep fighting» ដែលមានន័យថា «យើងឈរនៅជាមួយប្រជាជនមីយ៉ាន់ម៉ា! សូមរក្សាការតស៊ូ!»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ