MRC៖ទឹកទន្លេមេគង្គចុះរាក់ដល់កម្រិតព្រួយបារម្ភ

រួបភាពទន្លេមេគង្គ។ រូបភាពពីគណៈកម្មការទន្លេមេគង្គ​

គណៈកម្មការទន្លេមេគង្គ(MRC)បង្ហាញរបាយការណ៍ថា កម្ពស់ទឹកបានចុះទាបគួរឱ្យព្រួយបារម្ភដែលបង្កផលប៉ះពាល់ដល់ដំណើរការកសិកម្ម ផ្លូវទឹកសម្រាប់ដឹកជញ្ជូន  និងសត្វរស់នៅក្នុងទឹកជាដើម។​។​

របាយការណ៍គណៈកម្មការទន្លេមេគង្គចេញផ្សាយថ្ងៃទី១២ខែកុម្ភៈឱ្យដឹងថា កម្រិតទឹកទន្លេមេគង្គចន្លោះពីស្ថានីយ៍វារីអគ្គិសនី Jinghong ស្ថិតក្នុងខេត្តយូណានប្រទេសចិន និងវៀតណាមបានចុះរាក់គួរឱ្យព្រួយបារម្ភ។

គណៈកម្មាធិការនេះបាននិយាយបន្តថា កម្រិតទឹកដែលចុះរាក់នេះ បានកើតឡើងចាប់តាំងពីដើមឆ្នាំមុនមកម្លោះ ដោយសារតែកម្រិតទឹកភ្លៀងបានធ្លាក់តិចតួច លំហូទឹកមានការប្រែប្រួល ដែលបណ្តាលមកពីទំនប់វារីអគ្គិសនី Jinghong។ តាមរបាយការណ៍អង្កេតប្រចាំខែរបស់គណៈកម្មការទន្លេមេគង្គ (MRC) បានបង្ហាញថា ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក កម្រិតទឹកភ្លៀងនៅអាងទន្លេមេគង្គបានធ្លាក់ចុះទាបជាមធ្យម ២៥%។

លោក Dr. Winai Wangpimool នាយកគណៈកម្មការទន្លេមេគង្គទទួលបន្ទុកខាងការគាំទ្របច្ចេកទេសបាននិយាយថា ប្រសិនបើកម្រិតទឹកនៅបន្តទាបបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវទឹក ការបំលាស់ទីរបស់ត្រី ការធ្វើកសិកម្ម និងការចិញ្ចឹមជីវិតនៅតាមដងទន្លេជាដើម។ លោក Winai បានអំពាវនាវឱ្យមានការជួយលើការគ្រប់គ្រងហានិភ័យទៅដល់ប្រទេសនៅតាមបណ្តាទន្លេមេគង្គក្រោមផង។

លោកបន្តថា៖​«យើងអំពាវនាវទៅប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គក្រោមខ្លួនឯង ចែករំលែកនូវគម្រោងការគ្រប់គ្រងទន្លេមេគង្គរបស់ពួកគេជាមួយនឹងយើង»

ក្រៅពីកម្រិតទឹករាក់គួរឱ្យព្រួយបារម្ភ ការប្រែពណ៌ខៀវរបស់ទឹកទន្លេមេគង្គក៏ជាក្តីព្រួយបារម្ភរបស់គណៈកម្មការទន្លេមេគង្គផងដែរ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ដូចស្ថានភាពកាលពីឆ្នាំ២០១៩ដែរ កម្រិតទឹកពណ៌ខៀវដែលបង្កឡើងពីស្លែបានដុះរាលដាលទៅកាន់កន្លែងផ្សេងៗទៀតនៃទន្លេមេគង្គដែលមានកន្លែងរាក់ៗ។ នេះបើតាមការលើកឡើងរបស់លោក Dr. So Nam ប្រធានលេខាធិការដ្ឋានការិយាល័យគ្រប់គ្រងបរិស្ថាន។

កាលពីដើមខែមករាឆ្នាំ២០២១នេះ គណៈកម្មការទន្លេមេគង្គក៏បានចេញសេចក្តីថ្លែងការណ៍ ពីការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃកម្រិតទឹកទន្លេមេគង្គផងដែរ ដែលបណ្តាលមកពីការបិទទឹកនៅទំនប់វារីអគ្គិសនីJinghong ស្ថិតនៅក្នុងខេត្តយូណានប្រទេសចិន។ ការណ៍នេះ បានធ្វើឲ្យប៉ះពាល់ដល់លំហូទឹកនៅក្នុងបណ្តាប្រទេសទន្លេមេគង្គក្រោម តួយ៉ាងដូចជា ប្រទេសថៃ ឡាវ និងប្រទេសកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ