អធិការ​​ម្នាក់​​ត្រូវ​​បញ្ឈរ​ជើង​ ក្រោយ​​នាយក​​រដ្ឋ​មន្ត្រី​ព្រមាន​​អ្នក​​លែង​​មេ​ខ្យល់​​រត់​ពន្ធ​​មនុស្ស​​

មន្ត្រី​អាជ្ញាធរ​ខេត្តបាត់ដំបង រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​ច្រកព្រំដែន​អន្តរជាតិ​ដូង​កម្ពុជា​-ថៃ​ក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។ (វេ​បសាយ៖ រដ្ឋបាល​ខេត្តបាត់ដំបង​/ battambang.gov.kh​)

អធិការ​ស្រុក​កំរៀង ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ក្រោយ​នាយក​រដ្ឋមន្ត្រីព្រមាន​ដក​ឋានន្តរសក្តិ ឬបណ្តេញ​មន្ត្រីនគរបាល​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​អ្នក​ដែល​នាំ​ពលករ​ឆ្លងដែន​ពី​ថៃ​ចូល​កម្ពុជា​ដោយ​ខុស​ច្បាស់។ 

លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​នគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី១៥ ខែកុម្ភៈ​នេះ ក្រោយ​សង្ស័យ​ថា បាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ដោះលែង​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ឆ្លងដែនដោយ​ខុសច្បាប់។ 

យោង​តាម​លិខិតបង្គាប់ការ​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍​ទោ សាត គឹ​មសាន ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ចំពោះ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​នគរបាល​ស្រុក​កំរៀង ដោយ​មូលហេតុ​អនុវត្ត​ការងារ​ខុស​នីតិវិធី។ លិខិត​ដដែលបាន​តម្រូវ​ឱ្យលោក គឹម ពន្លក ទៅ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី។ 

លោក សាត គឹ​មសាន បាន​បដិសេធ​ផ្តល់​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណីនេះ ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា កំពុង​ដំណើរការ​នីតិវិធី។ 

លោក​ថ្លែង​ថា៖ «មិនទាន់​ដឹង​ទេ​បង​! កំពុង​ដំណើរការ​នីតិវិធី​! មិនទាន់​ដឹង​ច្បាស់​ទេ»។ 

យ៉ាងណា​ក្តី តាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ឱ្យ​ដឹង​ថា ការសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ បាន​ធ្វើឡើង​ក្រោយពី​មានការ​បែកធ្លាយ​ព័ត៌មាននិង​រូបភាព បង្ហាញថា លោក​អធិការ​ស្រុក​រូប​នេះបាន​លួច​ដោះលែង​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ គ្រាដែល​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

លោក​វរសេនីយ៍ឯក គឹម ពន្លក គឺជា​មនុស្ស​ទីមួយ​ហើយដែល​ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​នេះ បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-ថៃ រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ចំពោះ​មេ​ខ្លោង​ដែល​នាំ​ផ្លូវ​អ្នក​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃចូល​មក​កម្ពុជា ដោយ​មិនបាន​ធ្វើ​ចត្តាឡីស័​ក។

លោក​ថែមទាំង​បាន​ព្រមាន​ថា នឹង​បណ្តេញ​មន្ត្រី​កងកម្លាំង​នគរបាល​ណាដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ ចេញពី​ជួរ​កងកម្លាំង​តែម្តង ខណៈ​លោក​ថា មាន​មន្ត្រី​នគរបាល​ម្នាក់​នៅ​ច្រក​ឡែម (ស្រុក​កំរៀង​) មានការគប់គិត​គ្នា​ដោះលែង​ក្រុម​នាំ​ពលករ​ឆ្លងដែន​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «ដូចជា​យប់មិញ​នេះ ខ្ញុំ​បាន​បញ្ជា​ទៅ​ខាង​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ អំពី​ព័ត៌មាន​ទាក់ទិន​ជាមួយ​ការ​ចាប់បាន​ពួក​អ្នកនាំ​ផ្លូវ​ហើយបែរជា​ដោះលែង​ទៅវិញ ដែល​អាច​នាំទៅ​ដល់​ការ​ដក​ឋានន្តរសក្តិឬបណ្តេញ​ចេញពី​ជួរ​តែម្តង នូវ​មន្ត្រី​នគរបាល​ណាដែល​អនុវត្ត​ខុសឆ្គងទៅ​នឹង​វិធានការ​ទាំងឡាយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស។ ហើយ​ការ​រត់ពន្ធ​មនុស្ស​នេះ គឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​វា​អាច​នាំទៅ​ដល់​មហន្តរាយ​នៃ​សុខភាព​សាធារណៈ​ដោយសារ​ជំងឺឆ្លង»។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិធានការ​ទាំងនេះ ដើម្បី​ធានា​ថា ផ្ទៃក្នុង​ប្រទេស​កម្ពុជា មិន​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ១៩ នៅក្នុង​សហគមន៍​នោះ​ទេ។

ក្រៅពី​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ កម្ពុជា​-ឡាវ និង​កម្ពុជា​-វៀតណាម រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​កែសម្រួលឬធ្វើ​វិសោធនកម្ម​លើ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល កាលពី​ខែកញ្ញា ឆ្នាំ២០១៥ សំដៅ​បង្កើន​ចំនួន​ទឹកប្រាក់​ផាកពិន័យ​ចំពោះ​អ្នក​រត់គេច​ចេញពី​ការ​ធ្វើ​ចត្តាឡីស័​កថែមទៀត។

ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសុខាភិបាល នៅ​ថ្ងៃនេះ ក៏បាន​ចេញ​លិខិត​មួយ​ក្រើនរំឭក​ទៅ​អភិបាល​រាជធានី​-ខេត្ត អនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ច្បាប់​ចំពោះ​អ្នក​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័​ក តាម «អនុក្រឹត្យ​ស្តី​ពី​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់និង​ឆ្លើយតប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅ​តាម​ច្រកចេញ​ចូល»

អនុក្រឹត្យ​របស់​រដ្ឋាភិបាល មាត្រា​ទី៨ ដែល​ពិន័យ​លើ​អ្នក​ដែលគេ​ចចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក ពី ២០០ ០០០ រៀល ទៅ ១ ០០០ ០០០ រៀល​ប៉ុណ្ណោះ។ ជា​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ចាត់ទុកថា តិចតួច​ពេក​សម្រាប់​អ្នកមាន​ចំណូល​ខ្ពស់។ ដូច្នេះ លោក​បាន​បង្គាប់​ឱ្យ​មានការ​កែសម្រួល​អនុក្រឹត្យ​ថ្មី ដែល​អាច​នឹង​ដាក់ចេញ​នូវ​វិធាន​កា​រថ្មីៗ​បន្ថែម​ទៀត។

ចំណែកក្រសួងការងារ ក៏បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ មិន​ត្រូវ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​មក​ប្រទេស​កម្ពុជា និង​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​កឡើយ បើ​ពុំ​នោះ​ទេ​ នឹង​ប្រឈម​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១ ០០០ ០០០ រៀល ឬច្រើនជាង​នេះ ឬអាច​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​ថែមទៀត​ផង។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​នៅ​ថ្ងៃនេះ។

លើស​ពីនេះ ក្រសួងការងារបាន​ជំរុញ​ឱ្យ​ពលករ​ខ្មែរត្រូវ​សហការ​ផ្តល់​ព័ត៌មាន​ដល់​ស្ថានទូត​ឬអាជ្ញាធរ​ដែល​នៅ​ជិត ក្នុងករណី​ដែល​ដឹង​ថា មាន​មេខ្យល់​បម្រុង​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ចេញឬចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់។

សូម​បញ្ជាក់​ថា បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ពលករ​ខ្មែរ​ប្រមាណ​ជាង១០នាក់បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ​ ដោយ​បាន​លួច​ឆ្លងដែន​មក​ខេត្តតាកែវ ដោយ​មិនបាន​ធ្វើ​ចត្តាឡីស័​កនោះ​ទេ។ 

បទបញ្ជា​នេះក៏បាន​កើតឡើង ក្រោយពី​មាន​ករណី​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ជាន់​មីន​របួស​ដែល​អាច​ពិការ​ជើង ក្រោយពី​បាន​លួច​ឆ្លង​ពី​ប្រទេស​ថៃ​មក​កម្ពុជា តាម​តំបន់​ព្រៃភ្នំ ជាយក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង៧និង១០នាទី​យប់ ថ្ងៃទី១៤ ខែកុម្ភៈ ដើម្បី​គេច​ចេញពី​ការ​ធ្វើ​ចត្តាឡីស័​ក។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិត​ត្រឹម​យប់​ថ្ងៃទី១៤ ខែកុម្ភៈ មាន​ពលករ​ឆ្លងដែន​មក​ពី​ប្រទេស​ថៃ ហើយ​ចូល​ធ្វើ​ចត្តាឡីស័​កមាន​ចំនួន ៣៥ ៦៦៥នាក់ ក្នុង​នោះ​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ទាំង៧ មាន​ចំនួន ១១ ៨៥៧នាក់។

ក្នុងចំណោម​អ្នក​ឆ្លងដែន​ពី​ប្រទេស​ថៃ​នេះ លោក​ថា កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៨៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ