អតីត​​អធិការ​​ស្រុក​​កំ​រៀង​ នឹង​​ត្រូវ​​បញ្ជូន​​ទៅ​​តុលា​ការ​​រសៀល​​នេះ​​

អធិការ​នគរបាល​ស្រុក​កំរៀង លោក គឹម ពន្លក ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​កិច្ចការ​ងារ​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដើម្បី​សិក្សា​ស្វែង​អំពី​បញ្ហា​ផ្សេង​ៗដែល​កើតមានឡើង និង​បញ្ហា​ប្រឈម​នានា​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (វេ​បសាយ៖ រដ្ឋបាល​ខេត្តបាត់ដំបង / battambang.gov.kh​)

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នឹង​បញ្ជូន​ខ្លួន​អតីត​អធិការ​នគរបាល​ស្រុក​កំរៀង លោក គឹម ពន្លក ទៅកាន់​សាលាដំបូង​ខេត្តនៅ​ថ្ងៃនេះ ក្រោយ​សមត្ថកិច្ច​រក​ឃើញថា បាន​ប្រព្រឹត្ត​ខុស​នីតិវិធី ដោយ​បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

លោក​ឧត្តមសេនីយ៍​ទោ សាត គឹ​មសាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ថា បច្ចុប្បន្ន លោក គឹម ពន្លក កំពុង​ស្ថិតនៅ​ក្នុង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។ 

លោក​បន្ត​ថា បន្ទាប់ពី​កសាង​សំណុំរឿង​រួចរាល់ លោក គឹម ពន្លក នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ នៅ​រសៀល​នេះ។ ប៉ុន្តែលោក​នៅ​មិនទាន់​ដឹង​ថា តើ​តុលាការ​នឹង​ចោទប្រកាន់​លោក គឹម ពន្លក ពី​បទ​អ្វី​នៅឡើយ​ទេ គឺ​អាស្រ័យ​លើ​ការ​រក​ឃើញ​របស់​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូង​ខេត្ត។ 

លោក​ថា៖ «កំហុស គឺ​មិនមែន​បើកដៃ​ឱ្យ​ប្រជាពលករឬយក​លុយ​ពី​ពលករ​ទេ។ ប៉ុន្តែ​គាត់​ថា ដូច​សម្តេច​បាន​បញ្ជាក់​ហើយ គឺ​គាត់​បាន​ដោះលែង​មេខ្យល់»។

គួរ​ជម្រាបជូន​ថា លោក គឹម ពន្លក អធិការ​នគរបាល​ស្រុក​កំរៀង ត្រូវ​បាន​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចេញ​លិខិត​សម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី១៥ ខែមករា ក្រោយ​សង្ស័យ​ថា លោក​បាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ដោះលែង​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់។ 

នៅ​ថ្ងៃ​ដដែល​នោះ លោក គឹម ពន្លក ក៏​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​ដកហូត​ឋានន្តរសក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ចាប់ពី​ថ្ងៃទី១៥ ខែកុម្ភៈ តទៅ។ 

លោក​វរសេនីយ៍ឯក គឹម ពន្លក គឺជា​មនុស្ស​ទីមួយ​ហើយដែល​ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៥ ខែកុម្ភៈ បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-ថៃ រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ចំពោះ​មេខ្លោង​ដែល​នាំ​ផ្លូវ​អ្នក​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដោយ​មិនបាន​ធ្វើ​ចត្តាឡីស័​ក។

តាមរយៈ​សារ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពី​បណ្តេញ​ចេញពី​ជួរ​កងកម្លាំង​នគរបាល​ជាតិ​ហើយ លោក គឹម ពន្លក ក៏​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​នៅក្នុង​តុលាការ​ផង​ដែរ ដើម្បី​ជា​ការព្រមាន​ទៅដល់​មន្ត្រី​អនុវត្ត​ច្បាប់ផ្សេង​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ