អតីត​អធិការ​ស្រុក​កំរៀង​ជាប់​ចោទ​ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​

អធិការ​នគរបាល​ស្រុក​កំរៀង លោក គឹម ពន្លក ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​កិច្ចការ​ងារ​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដើម្បី​សិក្សា​ស្វែង​អំពី​បញ្ហា​ផ្សេង​ៗដែល​កើតមានឡើង និង​បញ្ហា​ប្រឈម​នានា​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (វេ​បសាយ៖ រដ្ឋបាល​ខេត្តបាត់ដំបង / battambang.gov.kh​)

អតីតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានសាលាដំបូងខេត្តបាត់ដំបងចោទ​ប្រកាន់​ពីបទ «ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​» និងបានបញ្ជូន​ទៅឃុំ​ខ្លួនភ្លាមៗនៅឯពន្ធនាគារខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈនេះ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ផាន់ រតនា បានថ្លែងថា លោក គឹម ពន្លក ត្រូវបានចោទប្រកាន់តាមមាត្រា៨ និងមាត្រា១១ នៃច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

លោកមានប្រសាសន៍ថា៖ «យើងសម្រេចឃុំខ្លួនគាត់ហើយ។ គាត់ត្រូវបានចោទប្រកាន់ពីបទ ការ​នាំចេញដោយខុសច្បាប់នូវពលកម្មឆ្លងដែន»។

មាត្រា១១ នៃច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ចែងថា ​ជន​ណា​ដែល​​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​គោលដៅ​ប្រគល់​ឬ​នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ដល់​១៥​ឆ្នាំ។ សម្រាប់អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​សាធារណៈ​ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​ មន្រ្តីរូប​នោះ​ត្រូវ​ប្រឈម​នឹងការជាប់​ពន្ធនាគារ​ពី​១៥​ទៅ​២០​ឆ្នាំ​។

លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ បានចាត់ទុកថា ការសម្រេចរបស់​តុលាការបែប​នេះគឺជាករណីគំរូមួយ។ ប៉ុន្តែលោកស្នើឱ្យមានការអនុវត្តបន្តទៅទៀត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ករណីទាំងអស់នេះគួរតែអនុវត្តបន្តទៅទៀត លើជនណា​ក៏ដោយដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការជួញដូរកម្លាំងពលកម្ម។ ត្រូវអនុវត្ត​ឱ្យបាន​ស្មើភាពគ្នា ហើយអ្នកពាក់ព័ន្ធត្រូវតែទទួលទោសតាមច្បាប់»

លោក គឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅកាន់​តុលាការ​​សាលា​ដំបូង​ខេត្តបាត់ដំបង នារសៀល​ថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ខុស​នីតិវិធី ដោយ​បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​​ថៃ​ចូល​មក​កម្ពុជា គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។ នេះបើតាមការបញ្ជាក់ពីលោក​ឧត្តមសេនីយ៍​ទោ សាត គឹ​មសាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង។

លោក សាត គឹមសាន មានប្រសាសន៍​​ថា៖ «កំហុស គឺ​មិនមែន​បើកដៃ​ឱ្យ​ប្រជាពលករឬយក​លុយ​​ពី​ពលករ​ទេ។ ប៉ុន្តែ​គាត់​ថា ដូច​សម្តេច​បាន​បញ្ជាក់​ហើយ គឺ​គាត់​បាន​ដោះលែង​មេខ្យល់»

គួរ​ជម្រាបជូន​ថា លោក​វរសេនីយ៍ឯក គឹម ពន្លក អតីតអធិការ​នគរបាល​ស្រុក​កំរៀង ខេត្តបាត់​ដំបង​ គឺជា​មនុស្ស​ទីមួយ​ហើយដែល​ត្រូវ​បានបញ្ជូនទៅកាន់តុលាការ ​ក្រោយពី​ការព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​ បានព្រមានបណ្តេញ​មន្ត្រី​កងកម្លាំង​នគរបាល​ណាដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​​ខុសច្បាប់ ដើម្បីគេចចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅគ្រាដែលលោកបានដាក់បទបញ្ជាតឹងរ៉ឹ​ង​ឱ្យមន្ត្រីអនុវត្តច្បាប់នៅតាមច្រកព្រំដែនទាំងអស់ រឹតបន្តឹងការឆ្លងដែនរបស់ពលករខ្មែរ ដោយមិន​ត្រូវបំពានវិធានការធ្វើចត្តាឡីស័ករកជំងឺកូវីដ១៩នោះឡើយ។

ទាក់ទងនឹងករណីអតីតអធិការនគរបាលស្រុកកំរៀងនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីមួយនៅថ្ងៃនេះ បានចាត់ទុកករណីនេះថា គឺជាកញ្ចក់សម្រាប់​ថ្នាក់ដឹកនាំ​នគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ និងជាហេតុនាំឱ្យទទួល​ការ​ពិន័យឬទណ្ឌកម្ម ការដកហូតសក្ដិ និងការបណ្ដេញចេញពីក្របខណ្ឌនគរបាល​ជាតិ ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ