វិភាគ៖ ឧប​សគ្គ​​របស់​​សកម្ម​ជន​​ជា​​ឱកាស​​របស់​​អ្នក​​កាប់​​ឈើ​​

ក្រុម​សហគមន៍​ការពារ​ព្រៃឈើ ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បាន​អ្នក​កាប់​ឈើ​កាប់​បំផ្លាញ នៅ​ខេត្តមណ្ឌលគិរី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ (ហេង វិចិត្រ​)

របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិ និង​សហគមន៍​ការពារ​ព្រៃឈើ​ តែងតែ​បង្ហាញ​បន្តបន្ទាប់​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​មិន​មានការ​ថយ​ចុះ​នោះ​ទេ បើ​ទោះជា​រដ្ឋាភិបាល​ប្រកាស​ដាក់ចេញ​វិធាន​ការ​ការពារ​បន្តបន្ទាប់​ក៏ដោយ។

រថយន្ត​ដឹក​ឈើ​ធំៗ​ដែល​មាន​គ្រប​នៅ​ខាង​លើដោយ​ដំបូង​មី ឬផលិត​ផល​ផ្សេង​ៗ ហើយ​លេច​ចេញ​ឈើ​នៅ​ខាងក្រោម​នោះ ក៏​តែងតែ​ត្រូវ​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ចែករំលែក​រូបភាព​ទាំងនេះ​តគ្នា​នៅពេល​ដែល​រថយន្ត​ទាំងនោះ​ជួប​គ្រោះថ្នាក់​ផ្សេងៗ។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក សុខ ទូច ក៏​តែង​លើកឡើង​ពី​សកម្មភាព​កាប់ព្រៃ​ឈើ​នៅក្នុង​ឧទ្យាន​ដែល​លោក​គ្រប់​គ្រង​សិ្ថ​តនៅក្នុង​ខេត្តព្រះវិហារ។

លោក​ក៏បាន​លើកឡើង​ថា ស​កម្ម​ភាព​ដែល​លោក​ត្រូវ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទាំង​ពេលយប់ឬពេលថ្ងៃ ទៅ​ចាប់​អ្នក​កាប់​ឈើ​ ក្រោយពេល​ទទួល​ដំណឹង​ពី​មន្ត្រី​របស់​លោក​នៅ​ទីនោះ​ គឺ​គោលបំណង​ចង់​រក្សា​ព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

លោក​ សុខ ទូច៖ «សុំ​ឱ្យ​អ្នក​បំផ្លាញហ្នឹង​គោរព ពីព្រោះចង់​ឱប​ដើមឈើ៤ឱប ​ត្រូវការ​ពេល៣០០ឆ្នាំ​ ចៅ​ខ្ញុំ​ក៏​អត់​ទាន់​ដែរ ចៅទួត​ខ្ញុំ​ក៏​អត់​ទាន់​ដែរ ទាល់តែ​ចៅលួត​បាន​ទាន់។ ចុះបើ​ទុក​ឈើ​ហ្នឹងឱប​ថត​ទាំងអស់គ្នា ថ្ងៃក្រោយ ​គ្រួសារ​អ្នកខ្លះយកកូន​តែ២ទេ អ៊ីចឹ​ងយើង​ទៅ​ឱប​ថត​ទុក​អនុស្សាវរីយ៍ បរទេស​មក ​គេ​ថត​ទុក មរតក​ធម្មជាតិ​នៃ​ប្រទេស​យើង»។

លោក សុខ ទូច បញ្ជាក់​ថា ការ​ចាប់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​នៅពេល​នេះ ​គឺ​មិន​ប្រគល់​សម្ភារ​ឬ មធ្យោបាយ​ទៅវិញ​ទេ​ ដោយ​បារម្ភ​មានការ​កាប់​បន្ត​ទៀត។

លោក សុខ ទូច៖ «គេ​ថា ម៉េច​មិន​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ទៅ វា​ខុសច្បាប់ ​ព្រោះ​រាជបណ្ឌិត្យ​សភា​មិនមែន​ជា​ស្ថាប័ន​នគរបាល​យុត្តិធម៌​ទេ។ ប៉ុន្តែ​ខាង​រាជបណ្ឌិត្យ​សភា ​បាន​ស្រាវជ្រាវ​រួចហើយថា បើ​ឱ្យ​ គេ​នឹង​ពិន័យ​គុណ​នឹង៣! ដល់​គោយន្ត​ទៅវិញ ​គុណ​នឹង៣! កាប់​ឈើ​ដើម្បី​រួច​អា​ថ្លៃ​ដែល​គាត់​ត្រូវ​ពិន័យ។ អ៊ីចឹង​អត់​ទាន់​ឱ្យ​ទេ ​ព្រោះ​រដូវ​នេះ​អត់​ទាន់​មាន​ធ្វើ​អី​ទៀត​ទេ ដំបូង​ក៏​គាស់​ហើយ ស្រូវក៏​ប្រមូល​ហើយ​ដែរ បើ​ឱ្យ​ទៀត​ គាត់​ទៅទៀត។ ពិន័យ៣ដង គាត់​កាប់៤ដង ​ដើម្បី​ឱ្យ​រួច​អា​គាត់​ពិន័យ​ហ្នឹង»។

របាយការណ៍​ចំហ​ជា​លើក​ទីពីរ​របស់​សាកល​វិទ្យាល័យ ខូ​ប៉ែន​ហា​ក (Copenhagen​) របស់​ប្រទេស​ដាណឺម៉ាក កាលពី​ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២០ បាន​បង្ហាញ​ពី​ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ឆ្នាំ២០១៩ មាន​ទំហំផ្ទៃ​ដី​ជាង២ ៥០០ហិ​កតា (២ ៥៦៥​)។ របាយការណ៍​នេះ​បញ្ជាក់​ថា ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​កើនឡើង​ខ្លាំង។

ចំណែក​រដ្ឋាភិបាល​ត្បិត​តែ​មិន​ទទួលស្គាល់​របាយការណ៍​នានា​ពី​សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការ​សមាគម​នៅក្នុង​ស្រុក ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ទទួលស្គាល់​ថា មានការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​ដែរ។ 

នៅ​ថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៦ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ដែល​មាន​លោក សៅ សុខា ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ធ្វើជា​ប្រធាន។ គណៈកម្មការ​នេះមាន​សមាសភាព​ចម្រុះ​ពី​កងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និង​ក្រសួង​កសិកម្ម។

ទោះ​យ៉ាងណា​ បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​មិន​ថយ​ចុះ​ទេ ស្រប​ពេល​ដែល​មន្ត្រី​ឧទ្យានុ​រក្ស​មានតែ​ប្រមាណ១ ២០០នាក់ ខណៈ​ផ្ទៃដី​ដែល​ត្រូវការ​ពារ​មាន​រហូតដល់៧,៣លាន​ហិ​កតា។

សកម្មជន​បរិស្ថាន​ ក៏បាន​ចេញមុខ​សកម្ម​ដែរ​ក្នុង​ការចូលរួម​ការងារ​ព្រៃឈើ។ ក្រុម​ខ្លះ​ចងក្រង​គ្នា​ដើម្បី​ការពារ​ព្រៃឈើ​នៅក្នុង​សហគមន៍​ ឬ ព្រៃ​ដែល​ពួក​គេ​ទទួលផល​ដើម្បី​ជីវភាពរស់នៅ។ ចំណែក​ក្រុម​ខ្លះទៀត ​ចងក្រង​គ្នា​ធ្វើសកម្មភាព​ដើម្បី​ការពារ​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស​ តាមរយៈ​ការ​ចុះ​ល្បាតឬផ្សព្វផ្សាយ​សារ​អប់រំ​ជាដើម។

បើ​និយាយ​ពី​សកម្មជន​ការពារ​ព្រៃឈើ ​គឺ​មិនមែន​ជា​ក្រុម​ដែល​ល្បីល្បាញ​សម្បូរ​ទ្រព្យសម្បត្តិ ប្រើប្រាស់​សម្ភារ​ទំនើប បរិភោគ​អាហារ​ឆ្ងាញ់​នោះ​ទេ ផ្ទុយទៅវិញ​ ជា​ក្រុម​ដែល​ចូលព្រៃ​បរិភោគ​អាហារ​ខ្វះខាត ហើយ​ប្រឈម​ទាំង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​ក្រុម​អ្នក​កាប់​ឈើ និងប្រឈម​សមត្ថកិច្ច​ចាប់ខ្លួន។

តើ​ហេតុអ្វីបានជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកការពារ​ព្រៃឈើ​ទៅវិញ​? 

ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​តែង​លើកឡើង​ថា មូលហេតុ​ដែល​ត្រូវ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​មួយចំនួន​នោះ ​ដោយ​ថា ក្រុម​អ្នក​ទាំងនោះ​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ មិនបាន​សហការ​ជាមួយ​អាជ្ញាធរ ឬ ហៅថាជា​ក្រុម​ដែល​ធ្វើការងារ​ក្រោម​រូបភាព​នយោបាយ ផ្សព្វផ្សាយ​របាយការណ៍​មិនល្អ​ពី​រដ្ឋាភិបាល​ដើម្បី​តែ​ទទួល​បាន​ជំនួយ​ប៉ុណ្ណោះ។

ជា​អ្នក​ធ្លាប់​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ និង​បរិស្ថាន​ម្នាក់ កញ្ញា ស៊ឹម សុភា ច្រានចោល​ការ​ចោទ​ថា សកម្មជន​បរិស្ថាន​ធ្វើការងារ​ដើម្បី​ចេញ​របាយការណ៍​បាន​លុយ​ពី​ម្ចាស់​ជំនួយ។ កញ្ញា​លើកឡើង​ថា សកម្មភាព​ការពារ​បរិស្ថាន​កើតឡើង​ពី​ការ​ស្រឡាញ់​ចង់​ថែរក្សា ហើយ​ថា ជំនួយ​អ្នក​ក្នុង​និង​ក្រៅប្រទេស ​គឺ​អាស្រ័យ​លើ​គេ​ពេញចិត្ត​សកម្មភាព​នេះ​ដែរ​ ហើយ​គេ​ផ្តល់​ឱ្យ។

កញ្ញា សុភា លើកឡើង​ថា ក្រោយពេល​ដែល​សកម្មជន​បរិស្ថាន​មួយចំនួន​រង​ការ​ចាប់ខ្លួន​ជាបន្តបន្ទាប់​នោះ ធ្វើ​ឱ្យ​យុវជន​ស្រលាញ់​បរិស្ថាន​ផ្សេងទៀត​មិន​ហ៊ាន​ចេញ​ធ្វើសកម្មភាព​ការងារ​ព្រៃឈើ ហើយ​សូម្បីតែ​បញ្ចេញមតិ​តាម​ហ្វេសប៊ុក​ក៏​កាត់បន្ថយ។

សុភា បន្ត​ថា សូម្បីតែ​គ្រួសារ​របស់​គាត់​ក៏​ភ័យខ្លាច​ ហើយហាមឃាត់​រូប​គាត់​មិន​ឱ្យ​ចូលរួម​សកម្មភាព​នេះ​បន្ត​ទៀត​ដែរ។

កញ្ញា ស៊ឹម សុភា៖ «គាត់​និយាយ​មក​សុំ​តែម្តង​ កុំឱ្យ​ពាក់ព័ន្ធ​ជាមួយ​ខាងហ្នឹង ​ឬក៏​ទៅ​ចូលរួម​អី​ផ្សេង​ៗទៀត ក៏​មិនបាច់​ទៅ​ចូលរួម​ដែរ គិតតែពី​ការងារ​រាល់ថ្ងៃ។ ហើយ​ធ្វើការ​អី​ដែល​យើង​អាច​ធ្វើដូចជា ខាង​សាលារៀន ការអប់រំ ខាង​សំរាម​អី​វិញ​ទៅ អា​ហ្នឹងគាត់​អត់​ហាមឃាត់​ទេ»។

លោក ស៊ឹង សែនករុណា មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លើកឡើង​ថា ឧបសគ្គ​របស់​សកម្មជន​ការពារ​ព្រៃឈើ​ជា​ឱកាស​របស់​ពួក​ក្រុម​កាប់បំ​ផ្លាញ ព្រោះថា កម្លាំង​សមត្ថកិច្ច​បច្ចុប្បន្ន​មិនមាន​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​នោះ​ទេ។ លោក​បញ្ជាក់​ថា តួនាទី​របស់​សកម្មជន​ការពារ​ព្រៃឈើ​ពិតជាសំខាន់ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រក​មធ្យោបាយ​ក្នុង​ការ​សហការ​គ្នា។

កាលពី​ថ្ងៃទី៩ ខែកុម្ភៈ​ អង្គការ សមាគម និង​សហគមន៍​ជាង៧០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ស្នើ​ក្រសួងបរិស្ថាន​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ និង​សមាជិក​សហគមន៍​នៅ​តាម​មូលដ្ឋាន។ 

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​ចាត់ទុក​សកម្មភាព​របស់ក្រ​សួង​ដែល​ឃាត់ខ្លួន​សកម្មជន​ការពារ​ព្រៃឈើ​ថា មិន​ត្រឹមតែ​មិនបាន​ជួយការ​ពារ​ព្រៃឈើ​ចុងក្រោយ​នេះ​ទេ ប៉ុន្តែ​បែរជា​ធ្វើទុក្ខទោស​ដល់​ការ​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ទៅវិញ ជាពិសេស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ