អ្នក​​គេច​វេះ​​​ពី​​ការ​​ធ្វើ​​ចត្តា​ឡីស័​ក​ នឹង​​រង​​ពិន័យ​​ពី​១​លាន​​ដល់​៥​លាន​​រៀល​តាម​​អនុ​ក្រឹត្យ​​ថ្មី​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ដឹក​ពលករ​មក​ពី​ថៃ​ចូល​មក​ធ្វើ​ចត្តាឡីស័​កនៅ​មណ្ឌល​ចត្តាឡីស័​កវិទ្យាល័យ​សម្តេច​ឪ ក្រុង​សិរីសោភ័ណ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

​រដ្ឋាភិបាលបានសម្រេច​បង្កើន​ប្រាក់​ផាកពិន័យ​ពី ១ ០០០ ០០០ រៀល ទៅ ៥ ០០០ ០០០ រៀល ចំពោះអ្នក​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក និង​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័​កហើយ តែ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាលក្នុង​ការ​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​កូ​វីដ១៩។

យោង​តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ដោយលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេច​បង្កើន​ប្រាក់​ផាកពិន័យ​ចាប់ពី ១ ០០០ ០០០ រៀល ដល់ ៥ ០០០ ០០០ ​រៀល ចំពោះ​អ្នក​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក អ្នក​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័​ក និង​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័​កហើយ តែ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩។ 

អនុក្រឹត្យ​ដដែលបន្ត​ទៀត​ថា ចំណែកអ្នក​ដែល​ផ្តើម​គំនិត​ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយ​សម្រួល​ដោយចេតនា​ដល់​អ្នកដំណើរ ឬការី​នៃ​យាន​ដឹកជញ្ជូន ឱ្យ​គេច​ចេញពី​ការ​ត្រួតពិនិត្យ ឬគេចវេះ​ពី​ការអនុវត្ត​វិធានការ​ធ្វើ​ចត្តាឡីស័​កនោះ ក៏​នឹង​ត្រូវ​ទទួលរង​ការ​ពិន័យ​ធ្ងន់ធ្ងរ​ជា​ទឹកប្រាក់​ចាប់ពី ១០ ០០០ ០០០ ​រៀល ដល់ ៥០ ០០០ ០០០ រៀល។ 

យោង​តាម​អនុក្រឹត្យ​ថ្មីនេះ រដ្ឋាភិបាល​កម្ពុជា ក៏​នឹង​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ១០ ០០០ ០០០ ​រៀល ដល់ ៥០ ០០០ ០០០ ​រៀល​ដែរ ចំពោះ​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ទាំងអស់ដែល​ជួយ​លាក់បាំង ឬមិន​បាន​ជូនដំណឹង​ទៅ​ក្រសួងសុខាភិបាល ក្នុងករណី​ពិនិត្យ​ឃើញថា អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​នៅកន្លែង​របស់​ខ្លួនមាន​តម្រុយ​ជា​អ្នកជំងឺ​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​កផង​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹម​អេង បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើន​ប្រាក់ពិន័យ​ចំពោះ​អ្នក​ដែល​ផ្តើម​គំនិត​ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយ​សម្រួល​ដោយចេតនា​ដល់​អ្នក​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល​នេះ។ ក៏ប៉ុន្តែ​លោក​ហាក់​ពុំ​គាំទ្រ​ឡើយចំពោះ​ការ​បង្កើន​ការ​ផាកពិន័យ​ទៅលើ​អ្នក​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក ដែល​ជា​ពលករ​មក​ពី​ប្រទេស​ថៃ ដែល​អាច​មិនទាន់​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​នៅឡើយ។ 

លោក​មានប្រសាសន៍​ថា៖ «អ៊ីចឹង​ខ្ញុំ​ថា ដើម្បី​កុំឱ្យ​គាត់​ធ្លាក់​នៅក្នុង​ការ​ពិន័យ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់​ហ្នឹង ​ទាល់តែ​ខាង​រដ្ឋាភិបាល​ហ្នឹងធ្វើ​យ៉ាងណា​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅដល់​ពួក​គាត់ ហើយនិង​រឹត​បន្តឹង​ការ​ចេញចូល​តាម​ច្រកព្រំដែន ដើម្បី​ធានា​ថា ខ្លួន​ហ្នឹង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​ដឹងឮ​ បាទ»។

អនុក្រឹត្យ​ថ្មីនេះបាន​ធ្វើឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ក្រសួង​យុត្តិធម៌ ពិភាក្សា​គ្នា​ធ្វើ​វិសោធនកម្ម ឬកែសម្រួល​មាត្រា៨ នៃ​អនុក្រឹត្យ​ចាស់​របស់​រដ្ឋាភិបាល កាលពី​ខែកញ្ញា ឆ្នាំ២០១៥ ឱ្យ​បង្កើន​ប្រាក់​ផាកពិន័យ​ចំពោះ​អ្នក​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។ 

អនុក្រឹត្យ​ចាស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ២០០ ០០០ រៀល ដល់ ១ ០០០ ០០០ រៀល​ប៉ុណ្ណោះ ចំពោះ​អ្នក​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ថា ការ​ផាកពិន័យ​នេះ​តិចតួច​ពេក​សម្រាប់​អ្នកមាន​ចំណូល​ខ្ពស់។

បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ពលករ​ខ្មែរ​ប្រមាណ​ជាង១០នាក់បាន​លួច​ឆ្លងដែន​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា នៅ​ខេត្តតាកែវ ដោយ​មិនបាន​ធ្វើ​ចត្តាឡីស័​កនោះ​ទេ។

បទ​បញ្ជា​នេះ​ក៏បាន​កើតឡើង ក្រោយពី​មាន​ករណី​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ជាន់​មីន​របួស​ដែល​អាច​ពិការ​ជើង ក្រោយពី​បាន​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃមក​កម្ពុជា តាម​តំបន់​ព្រៃភ្នំ ជាយក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​គេច​ចេញពី​ការ​ធ្វើ​ចត្តាឡីស័​កផង​ដែរ។

អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល មាត្រា៨ថ្មី បាន​ចែងថា ក្នុងករណី​ជនល្មើស​មិនព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍​រយៈពេល៣០ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទទួល​បាន​សេចក្តី​សម្រេច​ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍ មន្ត្រី​ក្រសួងសុខាភិបាលដែល​ពេលនេះមាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជាធរមាន។ ការ​ទទួលពិន័យ​អន្តរការណ៍​នេះ មិន​ធ្វើ​ឱ្យ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រួចផុត​ពី​ការទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​ផ្សេងទៀត​នោះ​ឡើយ។ មាត្រា១៣ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ប្រាក់ពិន័យ​ត្រូវ​កើនឡើង​ទ្វេដង ក្នុងករណី​ដែល​អំពើ​ល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ម្តង​ទៀត។ 

ទាក់ទង​នឹង​ការ​ធ្វើ​ចត្តាឡីស័​កនេះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន អ្នកនាំពាក្យ និង​ជារ​ដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា កម្ពុជា​នៅតែ​អនុវត្ត​នូវ​វិធានការ​ធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ ចំពោះ​ជនបរទេសនិង​ពលរដ្ឋខ្មែរ​ទាំងអស់ដែល​ចូល​មកកាន់​ប្រទេស​កម្ពុជា បើ​ទោះបីជា​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ក៏ដោយ។ 

លោកស្រីមានប្រសាសន៍​ថា៖ «ការងារ​ធ្វើ​ចត្តាឡីស័​ក គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់រូប​ដែល​ត្រូវ​ធ្វើ​រាល់​អ្នក​​ដំណើរ​ដែល​ចូល​មក​។ ខ្ញុំ​អត់​និយាយ​ចេញ​ [អ្នកធ្វើ​ដំណើរ​ចេញពី​កម្ពុជា​] ទេ​ណា! ខ្ញុំ​និយាយ​ចូល ​[អ្នកធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​]។ [ករណី]ចេញ​ អាស្រ័យ​តាម​ប្រទេស​គេ​ផ្សេង​ៗ។ ប៉ុន្តែ​សម្រាប់​កម្ពុជា គឺជា​កាតព្វកិច្ច​ដែល​តម្រូវ​ឱ្យ​រាល់​អ្នកដំណើរ​ដែល​ចូល​មក​ហ្នឹង គឺ​គាត់​ត្រូវ​ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃ។ បើ​ទោះបីជា​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ»។

គិត​ត្រឹម​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ចំនួន៤ករណី​បន្ថែម​ទៀត ជា​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់៤៨៣នាក់ ក្នុង​នោះ ជាសះស្បើយ​ចំនួន៤៧០នាក់ និង​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន១៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ