ស្នងការ​​ថា​​ការ​​បន្ទោស​​របស់​​អភិបាល​ខេត្ត​​លើ​​មេ​​ប៉ុស្តិ៍​​ព្រំដែន​​ម្នាក់​​ជា​​រឿង​​យល់​​ច្រឡំ​

អភិបាលខេត្តរតនគិរី លោក ថង សាវុន ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តរតនគិរី-Provincial administration of Ratanakiri)

​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តរតនគិរី បញ្ជាក់​ការ​ស្តី​បន្ទោស​ដោយ​ចោទ​មេ​ប៉ុស្តិ៍​ច្រករបៀង​ព្រំដែន​ស្រុក​អូ​យ៉ា​ដាវ ថា​មិន​គោរព​បទបញ្ជា និង​បង្ក​ភាព​អនាធិបតេយ្យ​នៅ​ច្រករបៀង ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​កន្លែង​ពីសំណាក់​អភិបាលខេត្ត​ ជា​រឿង​យល់​ច្រឡំតែប៉ុណ្ណោះ។ 

ស្នងការ​នគរបាល​ខេត្តរតនគិរី លោក​ឧត្តមសេនីយ៍​ទោ យិន ចំណាន ប្រាប់​ថា​ លោក​បាន​ផ្ញើ​របាយ​ការណ៍​ទៅកាន់​អភិបាលខេត្ត​រតនគិរី ជុំវិញ​រឿង​នេះ​រួចហើយ ក្រោយ​ការស៊ើបអង្កេត ហើយ​អះអាង​ថា មេ​ប៉ុស្តិ៍​ច្រករបៀង​ព្រំដែន​ស្រុក​អូ​យ៉ា​ដាវ លោក ទួន មេសា ជា​មនុស្ស​ស្អាតស្អំ។ 

លោក​បាន​ពន្យល់​ដូច្នេះ​ថា៖ «តាមពិត​ទៅ គាត់​លើកឡើង​ហ្នឹង​តាម​ព័ត៌មាន។ អ៊ីចឹង​ទៅ​ គាត់​ក៏​ឱ្យ​ស្នងការ​ហ្នឹងបង្កើត​គណៈកម្មការ​ចុះទៅ​ស្រាវជ្រាវ​ករណី​ហ្នឹងហើយ។ តាមពិត​ទៅ វា​មិន​ពាក់ព័ន្ធ​ក្នុង​ភូមិសាស្ត្រ​ព្រំដែន​ទេ វា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក ​សេសាន ​ឯណេះ។ វា​មិន​ពាក់ព័ន្ធ​អី​ទេ»។ 

ការ​លើកឡើង​របស់​លោកស្នងការ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​កន្លែង ហើយ​ជាដើម​ហេតុដែល​ធ្វើ​ឱ្យ​អភិបាលខេត្ត​រតនគិរី លោក ថង សា​វុន ព្រមាន​មេ​ប៉ុស្តិ៍ លោក ទួន មេសា រូប​នោះ។ អភិបាលខេត្ត​រតនគិរី ក៏បាន​ព្រមាន​មន្ត្រី​ជំនាញ​តាម​ព្រំដែន និង​កងយោធា​ដទៃ​ទៀតឱ្យ​ដកខ្លួន​ចេញ​ជាបន្ទាន់ កុំ​បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ព្រំដែន​បន្ត​ទៀត។

លោក​មានប្រសាសន៍​នៅក្នុង​វេទិកាសាធារណៈ​មួយ​កាលពី​ចុងខែ​មករា​ដូច្នេះ​ថា៖ «វា​ហត់​ពេក​ហើយ​ក្នុង​ការ​បង្ក្រាប​នា​ប៉ុន្មាន​ឆ្នាំ​មក។ ហើយ​របៀង​! និយាយប្រាប់​ឱ្យ​ហើយ ខ្ញុំ​នឹង​ចុះទៅ​កាយ​លុប​របៀង​ទាំងអស់ កាយ​ផ្តាច់​ហ្មង ជីក​ហ្អែង​ប្រឡាយ​ផ្តាច់​ហ្មង ចង់​មិន​ចង់​ដាក់​មីន​ថែមទៀត​! វា​ហួសហេតុ​ពេក។ យើង​បញ្ជា​កម្លាំង​ទៅ វា​ថាមិនដែល​មានអី​ផង​ ស្ងាត់! អា​មេ​ប៉ុស្តិ៍ អាហ្នឹង វា​ឈ្មោះ​ មេសា។ ល្មម​ៗបាន​ហើយ លោក ​មេសា គុក​មិនទាន់​ភ្លេច​លោក​ឯង​ទេ ហើយ​និង​កម្លាំង​មួយចំនួន​ទៀត វីរ​ការពារ​ព្រំដែន​ដកខ្លួន ដក​បានឱ្យ​ហើយ ខ្ញុំ​ប្រើ​វិធានការ​ក្តៅ​ហើយ​ម្តងនេះ អត់មាន​យោគយល់​អស់លោក​ទេ»។

អភិបាលខេត្ត​រតនគិរី លោក ថង សា​វុន បាន​ថ្លែងប្រាប់ ​វី​អូ​ឌី​ នៅ​ថ្ងៃពុធ​ថា ការ​ផ្ញើ​សារ​ព្រមាន​របស់​លោក​ពេលនោះ គឺ​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្តរតនគិរី។ 

លោក​មានប្រសាសន៍​ថា៖ «អាហ្នឹង​! ខ្ញុំ​ផ្ញើ​សារ​ហ្នឹង ផ្ញើ​សារ​សម្រាប់​ជា​ការព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់។ ហើយ​បង​មើលតាម​ហ្នឹង បង​ផ្សាយ​តាម​ហ្នឹង»។

លោក ទួន មេសា ដែល​កំពុង​រង​ការចោទប្រកាន់​នេះ មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បាន​នៅឡើយ​ទេ។ 

យ៉ាងណា​ក្តី ការស៊ើបអង្កេត​ទៅលើ​មេ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ស្រុក​អូ​យ៉ា​ដាវ ខេត្តរតនគិរី​នេះ បាន​ធ្វើឡើង​ចំ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​តាម​ច្រកព្រំដែន​ទាំងអស់ រឹត​បន្តឹង​ការ​ការ​ឆ្លងដែន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា ថៃ ឡាវ និង​វៀតណាម ដើម្បី​ការពារ​ការ​ចម្លងជំងឺ​កូ​វីដ១៩។ 

កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បណ្តេញ​អធិការ​នគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង​ម្នាក់ គឺ​លោក គឹម ពន្លក ចេញពី​ជួរ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា និង​បន្ទាប់មក​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ ក្រោម​ការចោទប្រកាន់​ថា បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃដោយ​មិនបាន​ធ្វើ​ចត្តាឡីស័​ក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ