អូស្រ្តាលីបន្តផ្តល់ជំនួយ២លានដុល្លារអូស្ត្រាលីដល់​​​សាលាក្តីខ្មែរក្រហម

សាលាក្តីខ្មែរក្រហម(រូបភាពពីwww.eccc.gov.kh)

ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយថវិកា​ចំនួន ២លានដុល្លារអូស្រ្តាលី ឬស្មើប្រមាណជា ១,៥លានដុល្លារអាមេរិក​​ដល់សាលាក្តីខ្មែរក្រហម នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។

ជំនួយនេះ នឹងធ្វើឡើងតាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់របស់សាលាក្តីខ្មែរក្រហម និងសំខាន់ទៀតនោះ គឺដើម្បីគាំទ្រដល់បណ្ណសារ និងយន្តការផ្សព្វផ្សាយរបស់សហគមន៍។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៩ ខែកុម្ភៈនេះ។

សេចក្តីប្រកាសនោះ បន្តថា ការប្តេជ្ញាចិត្តថ្មីនេះធ្វើឡើង​ផ្អែកលើការបរិច្ចាគមុនៗ ចំនួនជាង ៤០ លានដុល្លារអូស្រ្តាលី ដល់សាលាក្តីខ្មែរក្រហម ចាប់តាំងពីឆ្នាំ២០០៥មក។

សេចក្តីប្រកាសបានលើកឡើងដូច្នេះថា៖ «ការគាំទ្ររបស់អូស្រ្តាលីចំពោះសាលាក្តីខ្មែរក្រហម បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង លើយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងភាពជឿជាក់របស់យើងថា តាមរយៈការយល់ដឹងនិងការទទួលខុសត្រូវលើអំពើដ៏អាក្រក់នៅអតីតកាល យើងអាចធ្វើការជាមួយប្រទេសកម្ពុជា និងតំបន់របស់យើង ដើម្បីធានាថារឿងទាំងនេះនឹងមិនកើតមានម្តងទៀតឡើយ»

គួរជំរាបជូនថា អូស្រ្តាលី គឺជាអ្នកគាំទ្រដ៏សំខាន់នៃសាលាក្តីខ្មែរក្រហម (ECCC) ដែលកំពុងជួយធានារកយុត្តិធម៌ជូនជនរងគ្រោះជាច្រើននៃរបបខ្មែរក្រហម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។

ប្រជាជនកម្ពុជាប្រមាណ ៨៣ ០០០ នាក់ បានចូលរួមស្តាប់សវនាការក្នុងអំឡុងពេលជំនុំជម្រះក្តីថ្មីក្រោយនេះ របស់សាលាក្តី ដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ ត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ​ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០២០ ប្រទេសអូស្ត្រាលី គឺជាប្រទេសទី៣ដែលបានផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម បន្ទាប់ពីប្រទេសជប៉ុន និងរដ្ឋាភិបាលកម្ពុជា។

បើតាមលោក នេត្រ ភក្ត្រា នៅចំពោះមុខនេះ សាលាក្តីខ្មែរក្រហម ​នៅសល់សំណុំរឿងចំនួន​៣ទៀ​តដែលត្រូវបន្តនីតិវិធីជំនុំជម្រះ ក្នុងនោះមាន សំណុំរឿង ០០២/០២ របស់លោក ខៀវ សំផន ដែលប្តឹងជំទាស់នឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម,​ សំណុំរឿង០០៣ ដែលមានជនសង្ស័យឈ្មោះ មាស មុត ដែលភាគីពាក់ព័ន្ធបានប្តឹងឧទ្ធរណ៍ថាតើត្រូវបញ្ជូនទៅជំនុំជម្រះឬយ៉ាងណា? និងសំណុំរឿង០០៤ របស់លោក យឹម ទិត ដែលនឹងត្រូវសម្រេចនៅត្រឹមត្រីមាសទី១នៃឆ្នាំ២០២១នេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ