មន្ត្រី​​យុត្តិធម៌​​ថា​ អ្នក​​ចែក​ចាយ​​បន្ត​​នឹង​​ប្រឈម​​បញ្ហា​​ផ្លូវ​ច្បាប់​ដូច​​អ្នក​​ចែក​ចាយ​​ព័ត៌មាន​​មិន​​ពិត​​ដែរ​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោ​ក គឹម សន្តិភាព ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយអំពីការ​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​មិន​ពិត (Fake News​) ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា អ្នក​ចែកចាយ (Share​) ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម នឹង​ត្រូវ​ប្រឈមមុខនឹង​ផ្លូវច្បាប់ ឬជា​កម្មវត្ថុ​នៃ​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​មានសមត្ថកិច្ច ដូចគ្នា​ទៅ​នឹង​អ្នកបង្កើត​នូវ​ព័ត៌មាន​មិន​ពិត​ដែរ។ 

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោ​ក គឹម សន្តិភាព បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ថា អ្នក​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​មិន​ពិត (Fake News​) គឺជា​អ្នក​បញ្ជូន​សារ​នូវ​ព័ត៌មាន​មិន​ពិត​ទាំងនោះទៅ​ឱ្យ​អ្នក​ផ្សេងទៀត​បានឃើញ ដែល​ករណីនេះ ពួក​គេ​ក៏​ត្រូវ​ប្រឈមមុខនឹង​ផ្លូវច្បាប់ដូច​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែរ។ 

លោក​ថា៖ «អ៊ីចឹង​កន្លែង​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា សម្រាប់​អ្នកចាប់​ផ្តើម​អំពី​ការ​បញ្ចេញ​នូវ​ព័ត៌មាន​មិន​ពិត​នេះ គឺជា​ការទទួលខុសត្រូវ​មួយ​របស់​អ្នក ​តាម​មាត្រា៤៩៥។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចែកចាយ​បន្ត សូម​បញ្ជាក់​ថា ចង់​មិន​ចង់ គឺ​ជាប់ជំពាក់​ក្នុង​កម្មវត្ថុ​នៃ​ការស្រាវជ្រាវ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច ពីព្រោះ​អី កា​រស៊ែរ [Share​] មានន័យថា​ម៉េច​? មានន័យថា យើង​បញ្ជូន​សារ​នេះ​បន្តទៅ​ឱ្យ​អ្នកដទៃ​បានឃើញ។ គោលបំណង​នៃ​កា​រស៊ែរ បានន័យ​ថា ជាគោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ អ៊ីចឹង​ចង់​មិន​ចង់ វា​ជា​កម្មវត្ថុ​នៃ​ការស្រាវជ្រាវ​មួយ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច»។

ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ បាន​ធ្វើឡើងបន្ទាប់ពី​មានការ​ចែកចាយ​បន្តគ្នា​នា​ពេល​ថ្មី​ៗនេះ នូវ​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​អ្នកគ្រូ​បង្រៀន​ម្នាក់​នៅក្នុង​ខេត្តក្រចេះ ថា​បណ្តាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ របស់​ចិនឈ្មោះ ស៊ី​ណូ​ហ្វា​ម។ 

ប៉ុន្តែ​ភ្លាម​ៗនេះ ក្រសួងសុខាភិបាលបាន​ច្រានចោល​ព័ត៌មាន​នេះ​ទាំងស្រុង ដោយ​បាន​ចាត់ទុកថា ជា​ព័ត៌មាន​ប្រឌិត ដែល​មាន​ចេតនា​បំពុលសង្គម និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ១៩។

ក្រសួង​ក៏បាន​បញ្ជាក់​ដែរ​ថា មកទល់​នឹង​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មិន​មាន​បុគ្គល​ណា​ម្នាក់​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ របស់​ចិន ​ហើយបាន​ស្លាប់​បាត់បង់ជីវិត​នោះ​ទេ។

បើ​តាម​លោក គឹម សន្តិភាព អ្នក​ដែល​បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយឬព័ត៌មាន​មិន​ពិត​នេះ ច្បាស់​ណាស់​នឹង​ត្រូវ​ប្រឈម​ការចោទប្រកាន់​ពី​បទ«​ញុះញង់» តាម​មាត្រា៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ ទៅ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០ រៀល ទៅ ៤ ០០០ ០០០ រៀល ប្រសិនបើ​ការ​ញុះញង់​នោះបង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា រី​ឯអ្នក​ដែល​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​មិន​ពិត​ទាំងអស់​នោះ ក៏​ជាមុ​ខសញ្ញា​នៃ​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ផង​ដែរ។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លី​កាដ​ូ បាន​កត់សម្គាល់​ថា ករណីនេះ​ហើយគឺជា​ក្តី​ព្រួយបារម្ភ​របស់​អ្នកធ្វើការ​ងារ​ខាង​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ពីព្រោះ​កន្លងមក មាន​មនុស្ស​មួយចំនួនបាន​រងគ្រោះ​រួច​ទៅ​ហើយ ទាក់ទង​នឹង​ករណី​បែបនេះ។ 

លោក​បន្ត​ថា ព័ត៌មាន​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មួយចំនួនអាច​នឹង​ពិបាក​ក្នុង​ការបែងចែកឬកំណត់​ថា តើ​ព័ត៌មាន​ណា​ពិត និង​ថា​តើ​ព័ត៌មាន​ណា​មិន​ពិត។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មិនបាន​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់ ឬផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ជាមុន​ទេ​នោះ នោះ​វា​នឹង​នាំ​ឱ្យ​មាន​ជនរងគ្រោះ​ជាច្រើន​ត្រូវ​បាន​ចោទប្រកាន់។ 

លោក​ អំ សំអាត មានប្រសាសន៍​ថា៖ «វា​ជា​ការពិត ព្រោះ​ព័ត៌មាន​វា​អាច​មាន​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ពិត។ ប៉ុន្តែ​គ្រាន់តែ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង គាត់​អត់​ទាន់​ចេះ​មានការ​បែងចែក ឬក៏​ពិនិត្យ ឬក៏​វិភាគ​ថា ព័ត៌មាន​មួយ​ណា​ពិត ព័ត៌មាន​មួយ​ណា​ក្លែងក្លាយ។ អ៊ីចឹង​ខ្លះ​ហ្នឹង​ចេះ​ប្រើ មិនថា​មិន​ចេះ​ទេ។ ចេះ​ប្រើ​បណ្តាញ​សង្គម ក៏ប៉ុន្តែ​អត់មាន​ចំណេះ​យល់ដឹង​អំពី​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ទេ។ អ៊ីចឹង​ជួនកាល​គាត់​ឃើញ​ គាត់​ចេះតែ​ស៊ែ​ ចេះតែ​ចែកចាយ ដោយ​មិនដឹង​ថា តើ​ព័ត៌មាន​ហ្នឹង​ពិត​ឬមិន​ពិត។ អានេះ​គឺជា​ចំណុច​គ្រោះថ្នាក់ ​បើសិនជា​ការអនុវត្ត​ច្បាប់​ឱ្យ​តែ​ឃើញ​ចែកចាយឬស៊ែរ ហើយ​ព័ត៌មាន​មិន​ពិត គាត់​ត្រូវតែ​ទទួលទោស​។ អាហ្នឹង​គឺជា​រឿង​មួយ​ដែល​យើង​បារម្ភ​ណាស់»។ 

ស្រប​ពេល​មានការ​លើកឡើង​ពី​ព័ត៌មាន​មិន​ពិត នៅ​គ្រាដែល​កម្ពុជា​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩របស់​ចិនដែល​មានឈ្មោះ​ថា ស៊ី​ណូ​ហ្វា​ម នេះ កម្ពុជា​ក៏បាន​ប្រកាស​ពី​ការ​ស្នើ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា ចំនួន៥លា​នដូស ដោយ​ស្នើសុំ​ឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់​វ៉ា​ក់សាំង​នេះក្នុង​ដំណាក់កាល​ដំបូង​ចំនួន១លា​នដូស។ 

ការ​បញ្ជាក់​អំពី​ផែនការ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​សន្ទនា​ទ្វេភាគី​តាម​ទូរសព្ទរវាង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក​ ប្រាក់ សុ​ខុន ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា លោក ស៊ូ​ប្រា​ម៉ា​នយ៉ាំ ចៃ​ហ្សា​នកា (Subrahmanyam Jaishankar​) កាលពី​ល្ងាច​ថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​ការបរទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ