អាជ្ញាធរបានអះអាងថា បានឃាត់ខ្លួនសន្តិសុខចំនួន២នាក់ដែលជាប់ពាក់ព័ន្ធនឹងការរំដោះឬបើកផ្លូវឱ្យស្ត្រីជនជាតិចិន៤នាក់ ដែលត្រូវបានសង្ស័យថាជាប្រភពនៃការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ជាលើកទី៣ ចេញពីកន្លែងធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថា បច្ចុប្បន្ន សន្តិសុខទាំងពីរនាក់កំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅឯមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ លោកបន្តថា អាជ្ញាធរនៅមិនទាន់ចាត់វិធានការអ្វីទៅលើពួកគេទាំង២នាក់នៅឡើយទេ ដោយរង់ចាំឱ្យបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាមុនសិន។
លោកមានប្រសាសន៍ថា៖ «ជាក់ស្តែង បន្ទាប់ពីករណីហ្នឹងកើតឡើងភ្លាម សមត្ថកិច្ចបានចាប់ខ្លួនគាត់បានហើយ យើងបានបញ្ជូនគាត់ទៅទីតាំងដើម្បីធ្វើចត្តាឡីស័កជាជំហានដំបូងសិន។ ជំហានដំបូង យើងមិនអាចធ្វើអ្វីបាននៅឡើយទេ ព្រោះយើងបារម្ភថា គាត់អាចឆ្លងនឹងវីរុសហ្នឹងដែរ។ អ៊ីចឹងយើងត្រូវយកគាត់ទៅធ្វើតេស្ត និងចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមគោលការណ៍របស់ក្រសួងសុខាភិបាលសិន។ ហើយបន្ទាប់ពីហ្នឹង បានយើងចាត់វិធានការតាមអនុក្រឹត្យឬតាមបទបញ្ជារបស់ថ្នាក់ដឹកនាំបន្ថែមទៀត»។
ចំណែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងដែរថា អាជ្ញាធរនឹងចាត់វិធានការលើសន្តិសុខទាំងពីរនាក់ខាងលើទៅតាមច្បាប់ បន្ទាប់ពីពួកគេបញ្ចប់ការធ្វើចត្តាឡីស័ករួច។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពួកខ្ញុំគ្រាន់តែបានយកគាត់ទៅធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ បើគាត់គ្មានវីរុសទេ នៅថ្ងៃដែលគាត់ចប់ យើងនឹងចាត់វិធានការផ្លូវច្បាប់។ ដឹងតែមានទោសហើយ! ដឹងតែធ្វើហើយ»។
ចំណែកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មិនទាន់អាចបញ្ជាក់ពីកម្រិតទោសរបស់សន្តិសុខខាងលើនេះបានដែរ។
ប៉ុន្តែយ៉ាងណាក្តី យោងតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់មាត្រា៨ បានចែងថា អ្នកដែលផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកគេចចេញពីកន្លែងធ្វើចត្តាឡីស័កនោះ និងត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល ដោយមិនទាន់គិតបញ្ចូលពីទោសព្រហ្មទណ្ឌផ្សេងទៀតនោះឡើយ។ មាត្រា១៣ នៃអនុក្រឹត្យនេះបានបញ្ជាក់ដែរថា ប្រាក់ពិន័យត្រូវកើនឡើងទ្វេដងក្នុងករណីដែលអំពើល្មើសត្រូវបានប្រព្រឹត្តឡើងម្តងទៀត។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានជំរុញឱ្យមានការស៊ើបអង្កេតទៅលើអ្នកពាក់ព័ន្ធផ្សេងទៀត មិនថាសន្តិសុខឬអ្នកទទួលខុសត្រូវក្នុងសណ្ឋាគារនោះទេ។
លោកមានប្រសាសន៍ថា៖ «មន្ត្រី [សន្តិសុខ] ពីរនាក់ហ្នឹង គាត់ត្រូវទទួលខុសត្រូវហើយ ព្រោះអីវាទាក់ទងនឹងសុខភាពសាធារណៈ ជារឿងសំខាន់ណាស់។ យើងមិនគួរបណ្តោយឱ្យសន្តិសុខគាត់ធ្វើអ៊ីចឹងទេ។ អ៊ីចឹងគួរតែមានការស៊ើបអង្កេតបន្ថែម បើមានភស្តុតាង គួរតែដាក់ទោសគាត់ ដើម្បីកុំឱ្យមានការធ្វើដូចគ្នាចំពោះមន្ត្រីផ្សេងទៀត»។
តាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែកុម្ភៈ កម្ពុជាបានផ្ទុះការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ជាថ្មី ដោយផ្ដើមចេញពីក្លឹបកម្សាន្តនៅភ្នំពេញមួយកន្លែងឈ្មោះ អិន៨ (N8) ហើយបានបន្តរាលដាលដល់កន្លែងផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មុនប៉ុន្មានថ្ងៃផ្ទុះករណីឆ្លងក្នុងសហគមន៍នេះ មានស្ត្រីបួននាក់បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ សុខាភ្នំពេញ ទៅចូលក្លឹបដើរលេងកម្សាន្ត ដោយមានសន្ដិសុខនៃសណ្ឋាគារនោះជួយរំដោះ។ ស្ត្រី២នាក់ក្នុងចំណោមស្ត្រីទាំង៤នាក់នោះ មានផ្ទុកជំងឺកូវីដ១៩៕