សង្គម​​ស៊ីវិល​​ជំរុញ​​ឱ្យ​​បង្កើត​​ប្រព័ន្ធ​​ដែល​​ពលករ​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​អាច​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​បាន​

លោក កន សា​វាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុ​មហ្វ្រែល ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​រក​ឃើញ​នៃ​ការអង្កេត​ការ​ចុះឈ្មោះ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និង​គណបក្ស​នយោបាយ​មួយចំនួន ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) លើក​សំណើ​ទៅកាន់​រដ្ឋាភិបាល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ស្តី​ពីការបោះឆ្នោត ដើម្បី​បើកផ្លូវ​ឱ្យ​ពលករ​ចំណាកស្រុក​នៅ​ក្រៅប្រទេស​ដែល​មាន​ប្រមាណ២លាន​នាក់ អាច​ចុះឈ្មោះ​បោះឆ្នោត​បាន។ 

ការ​ស្នើ​នេះបាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​រក​ឃើញ​នៃ​ការអង្កេត​ការ​ចុះឈ្មោះ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក សំ គន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​ និច​ហ្វិ​ច បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា សង្គម​ស៊ីវិលធ្លាប់​បាន​លើក​សំណើ​នេះ​ជាច្រើនលើក​រួចមក​ហើយ ក៏ប៉ុន្តែ​ភាគី គ.ជ.ប បាន​អះអាង​ថា មិន​មានច្បាប់​សម្រាប់​ចង្អុលបង្ហាញ​ឱ្យ​អនុវត្ត​បាន​ឡើយ។

ករណីនេះ លោក​បាន​ស្នើសុំ​ឱ្យ គ.ជ.ប ពិភាក្សា​ជាមួយ​រដ្ឋាភិបាលដាក់​សំណើ​ទៅកាន់​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ស្តី​ពី​ការបោះឆ្នោត។ 

លោក​​មានប្រសាសន៍​ថា៖ «សុំ​ឱ្យ គ.ជ.ប រៀបចំ​ចុះឈ្មោះ​ពលករ​ចំណាកស្រុក ដូចជា​នៅ​ថៃ នៅ​កូរ៉េ ​[ខាងត្បូង​] នៅ​ជប៉ុន នៅ​ម៉ា​ឡេ​ក៏ដោយ ឱ្យ​គាត់​ទៅចុះ​នៅ Embassy [ស្ថានទូត​] ខ្មែរ​នៅ​ហ្នឹង​ទៅ ហើយ​បោះឆ្នោត​ក៏​បោះនៅ​ហ្នឹង​ដែរ ដូច​ប្រទេស​គេ​អ៊ីចឹង។ ប៉ុន្តែ​ចម្លើយ គឺថា មិនមែន​សមត្ថកិច្ច​របស់ គ.ជ.ប ទេ គ្រាន់តែ​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ ព្រោះ​ច្បាប់​អត់មាន ​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ។ អ៊ីចឹ​ងយើង​សុំ​ឱ្យ​គាត់លើក​សំណើ​ហ្នឹងដាក់​ទៅ​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​ទៅ​! បើក​ច្រក​ឱ្យ​ពលករ​ហ្នឹង មិន​ពិបាក​ជិះ​យន្តហោះ​មក​ចុះឈ្មោះ​នៅ​ស្រុកខ្មែរ មក​បោះឆ្នោត​នៅ​ស្រុកខ្មែរ​ទេ។ គាត់​មាន​លុយ​ឯណា​?»

លោក គឹម ឈន នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុ​មហ្វ្រែល បានឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់ប្រមាណ​ក្រៅផ្លូវការ មាន​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ក្រៅប្រទេស​ប្រមាណ​ជាង២លាន​នាក់ ដែល​កំពុងធ្វើការ​នៅ​តាម​បណ្តា​ប្រទេស​នានា ដូចជា ប្រទេស​ថៃ កូរ៉េ​ខាងត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ាឡេស៊ី ជាដើម។ 

ករណីនេះ លោក​បាន​ស្នើ​យ៉ាង​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល រដ្ឋសភា និងស្ថាប័ន គ.ជ.ប ពិនិត្យ​ទៅលើ​សំណើសុំ​វិសោធនកម្ម​ច្បាប់ស្តី​ពីការបោះឆ្នោត ដើម្បី​បើកផ្លូវ​ឱ្យ​ពលករ​ចំណាកស្រុក​នៅ​ក្រៅប្រទេស អាច​ចុះឈ្មោះ​បោះឆ្នោត​បាន។

លោក​បាន​ថ្លែង​ថា៖ «២លាន​នាក់ក្នុងចំណោម១០លាន​នាក់​ ច្រើនណាស់​! ឧបមា​ថា ពួក​គាត់​ទាំង​ហ្នឹង​បាត់បង់​សិទ្ធិ អ៊ីចឹង​វា​សំខាន់ណាស់​ដែល​យើង​ចង់ឱ្យ​គាត់បាន​ទទួល​សិទ្ធិ​ពេញលេញ​នូវ​ការទាំង​ចុះឈ្មោះ​បោះឆ្នោត ហើយ​ទាំង​ការបោះឆ្នោត»។

លោក គឹម ឈន បាន​បន្ថែម​ថា ជាទូទៅ គុណភាព​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០នេះ អាច​ទទួលយក​បាន តែបើ​ពិនិត្យ​លើ​សិទ្ធិ​អ្នកបោះឆ្នោត រួម​ទាំង​ការ​ចេញ​ឯកសារ​បញ្ជាក់​ការ​ចុះឈ្មោះ​បោះឆ្នោត នៅតែ​ជា​បញ្ហា​ប្រឈមនិង​មិនទាន់​ដោះស្រាយ​បាន​នៅឡើយ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ និង​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ លោក តុល ប្រាសាទ ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ក៏បាន​គាំទ្រ​ចំពោះ​សំណើ​នេះ​ដែរ។ ពួក​គេ​យល់ថា ការ​បើកផ្លូវ​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​ចុះឈ្មោះ​បោះឆ្នោត គឺ​ដើម្បី​ធានា​សិទ្ធិ​របស់​ពួក​គេ​ក្នុងនាម​ជា​ពលរដ្ឋខ្មែរ។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប បាន​ថ្លែង​ថា គ.ជ.ប នៅតែ​មិន​អាច​អនុវត្ត​តាម​ការ​ស្នើសុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ទាំងនេះបាន​នោះ​ទេ ដោយ​ថា ​គ.ជ.ប​ ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ មិនមែន​ជា​ស្ថាប័ន​ស្នើ​ច្បាប់​នោះ​ទេ។ 

លោក​មានប្រសាសន៍​ថា៖ «អ៊ីចឹង​ចំណុច​នេះ ប្រហែលជា​មានការ​យល់​មិន​ស្របគ្នា អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា ឱ្យទៅ​រក​ស្ថាប័ន​បកស្រាយ​ច្បាប់​ហ្នឹងគាត់​បកស្រាយ​មើល៍! តើ​វា​យ៉ាងម៉េច​ទៅវិញ​? អ៊ីចឹង​វា​មិន​ស្ថិតនៅ​លើ​តំណាង​គណបក្ស​មួយឬអ្វី​មួយ​ផ្សេង​ៗ អាច​នឹង​មាន​យោបល់​ទៅលើ​បញ្ហា​ហ្នឹង ហើយ​ចាត់ទុកថា យោបល់​ហ្នឹង​សុទ្ធតែ​ត្រឹមត្រូវ​នោះ​ទេ»។

លោក កន សា​វាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុ​មហ្វ្រែល បាន​លើកឡើង​ពី​ការ​រក​ឃើញ​របស់​ ខុ​មហ្វ្រែល ​ដែរ​ថា ក្នុងចំណោម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​ចំនួន ៨ ៨៣១ ៩៧១នាក់ ស្មើនឹង ៨៥,០៦​% មាន​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ១៤,៧​% មាន​បញ្ហា ហើយ​ត្រូវតែ​ធ្វើការ​កែតម្រូវ​ជាបន្ទាន់។

លោក​បញ្ជាក់​ថា បញ្ហា​ដែល​ត្រូវ​ធ្វើការ​កែតម្រូវ​នោះ ទាក់ទង​នឹង​សុពលភាព​អត្តសញ្ញាណ​បណ្ណ​ប្រភេទ១ និង​អត្តសញ្ញាណ​បណ្ណ​ប្រភេទ២ ដែល​ប្រជាពលរដ្ឋ​មួយចំនួនបាន​ប្រើប្រាស់​ជាឯក​សារ​ចុះឈ្មោះ តែ​មិនទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​នៅឡើយ។ ក្រៅពី​នេះ លោក​ថា នៅ​មានការ​រក​ឃើញ​ការ​ចុះឈ្មោះ​ស្ទួន​ចំនួន៧៩ឈ្មោះ និង​ការ​ចុះឈ្មោះ​ដោយ​ប្រើប្រាស់​ឯកសារ​បញ្ជាក់​ការ​ស្នាក់នៅ​កន្លែង​ផ្សេង​របស់​យោធា និង​សមត្ថកិច្ច​នៅក្នុង​ឃុំ​សង្កាត់​ផ្សេង ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ