នាយក​រដ្ឋ​មន្ត្រី​​​បញ្ជា​ឱ្យ​ដក​បម្រាម​ហាម​ពលរដ្ឋ​ខ្មែរ​ដឹក​ទំនិញ​ចូល​ទៅ​ប្រទេស​ថៃ

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក្រសួងមហាផ្ទៃ ឱ្យ​ដក​បម្រាមហាមឃាត់ពលរដ្ឋខ្មែរ ​ដឹកទំនិញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃវិញជាបន្ទាន់ និង​ប្រាប់​​ទៅអាជ្ញាធរ​​ខេត្តជាប់ព្រំដែន ត្រូវជួយ​សម្របសម្រួល​ដល់​​ប្រជាពលរដ្ឋក្នុងការដឹកទំនិញទៅកាន់ប្រទេស​​ជិតខាងផងដែរ។

បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីទទួលបានព័ត៌មានថា អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបបានដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសព្រំដែនខេត្តប៉ៃលិន ឱ្យហាមឃាត់ពលរដ្ឋខ្មែរដឹកទំនិញឬកសិផលទៅព្រំដែនថៃដូចមុនទៀតទេ។

បើតាមសារជាសំឡេង​​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ គឺលោក​​បានបញ្ជាឱ្យ​​អគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍​នៃក្រសួងមហាផ្ទៃ ដកបម្រាមរបស់ខ្លួន​ចេញវិញ ចាប់តាំងពីល្ងាចថ្ងៃទី​២៣ ខែ​កុម្ភៈ ម្សិលមិញនេះ។ លោកថា អគ្គនាយកដ្ឋានបានចេញ​​​បទបញ្ជាឱ្យបិទការនាំទំនិញពីកម្ពុជាទៅថៃ តែផ្ទុយទៅវិញ ទំនិញ​មកពីប្រទេសថៃអាចចូលមកកម្ពុជាបានទៅវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំបន្ថែមថា មិនត្រឹមតែដកបទបញ្ជានោះវិញទេ តែ​អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ត្រូវជួយសម្រួលឱ្យប្រជាពលរដ្ឋខ្មែរដឹកទំនិញទៅកាន់ប្រទេសថៃ និងប្រទេសជាប់ព្រំដែនផ្សេងទៀត ដូចជា ប្រទេសវៀតណាម និងប្រទេសឡាវផងដែរ។

បើតាមលោក ហ៊ុន សែន បម្រាមនេះកំពុងដើរហួសពីបទបញ្ជារបស់លោកហើយ។

លោកបានថ្លែង​​ថា៖ «កូវីដវាបានបំផ្លាញយើងហើយ! មិនអាចឱ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំសូមស្នើឱ្យសម្តេចក្រឡាហោម​បញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សូមឱ្យដកថយនូវបញ្ជានោះវិញ ព្រោះថា ទំនិញវាអត់មានជំងឺកូវីដនៅក្នុងនោះទេ»

ប្រធាន​សមាគម​​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជាប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី បានសាទរចំពោះបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែបន្ថែម​លើនេះ លោកបានអំពាវនាវឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យភាគីកម្ពុជាដឹកទំនិញចូលទៅកាន់ប្រទេសថៃបានដោយស្មើភាពគ្នា។

លោកបន្តថា កន្លង​មក ភាគីថៃបានហាមប្រជាពលរដ្ឋខ្មែរដឹកទំនិញចូលទៅកាន់ប្រទេសថៃ តែផ្ទុយទៅវិញ ភាគីថៃបានដឹកទំនិញចូលមកកាន់ប្រទេសកម្ពុជាដោយសេរី។

លោក ឌិន ពុទ្ធី និយាយ​ថា៖ «ខាងខ្មែរយើងនៅប៉ោយប៉ែតហ្នឹង គឺភាគីថៃនាំទំនិញចូលដោយសេរី នាំចូលមកប៉ុន្មានក៏បានដែរ មកម៉ាសប្បាយណាស់។ តែដល់តែខ្មែរយើងចូលទៅថៃវិញ អត់បានទេ។ មានទំនិញតិចតួចហ្នឹង ក៏តៃកុងឡានថៃហ្នឹងជាអ្នកដឹកទៅទៀត ដូចជា ទំនិញតិចតួចដូចជាអេតចាយអីអញ្ចឹង»

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានអះអាងថា ខេត្តរបស់លោកគ្រោងអនុវត្តបទបញ្ជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែ​កុម្ភៈ​នេះ ប៉ុន្តែបានផ្អាកទៅវិញក្រោយពីទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាច​ថ្ងៃទី២៣ កុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ