បញ្ជា​ការ​ដ្ឋាន​អង្គរក្ស​​ នៅ​តែ​បដិសេធ​ថា​ឧក្រិដ្ឋ​ជន​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ជា​កង​អង្គរក្ស ​

មេខ្លោងប្លន់ប្រដាប់អាវុធ ឈ្មោះ អ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ កាលពីឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Sovanna Rith)

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តច្រានចោលចំពោះការភ្ជាប់ថា ឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធម្នាក់ក្នុងចំណោម៤នាក់នោះជាមន្ត្រីកងអង្គរក្ស ដោយថា រូបដែលជននោះបង្ហោះលើបណ្តាញសង្គម អាចថតនៅពេលដែលជននោះទៅចូលរួមកម្មវិធីក្នុងបញ្ជាការដ្ឋានជាមួយមិត្តភក្តិ។

ការច្រានចោលនេះ គឺបន្ទាប់ពីអ្នកលេងហ្វេសប៊ុកមួយចំនួនបានព្យាយាមគាស់កកាយ​រូបថតរាប់សិបសន្លឹកដែលបង្ហោះលើហ្វេសប៊ុករបស់មេខ្លោងប្លន់ប្រដាប់អាវុធ ឈ្មោះ អ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ អាយុ២១ឆ្នាំ។ រូបថតទាំងនោះបានបង្ហាញពីសកម្មភាពរបស់ឧក្រិដ្ឋជន ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ស្ថិតនៅក្នុងសម្លៀកបំពាក់ជាកងអង្គរក្សឈរថតនៅមុខរថក្រោះនៅក្នុងបន្ទាយហ្វឹកហាត់ និងរូបភាពខ្លះទៀតស្ថិតនៅក្នុងឯកសណ្ឋាននាយទាហានឋានន្តរសក្តិ​វរសេនីយ៍ត្រី ជាដើម។

ប៉ុន្តែទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលថា ឧក្រិដ្ឋជនរូបនេះមិនមានឈ្មោះនៅក្នុងបញ្ជាការដ្ឋានអង្គរក្សរបស់លោកនោះឡើយ។

លោកមានប្រសាសន៍ប្រាប់សារព័ត៌មាន វីអូឌី នៅថ្ងៃទី០២ ខែមីនានេះថា៖ «គាត់ជាអ្នកបើកឡានក្រៅប្រព័ន្ធទេ ប៉ុន្តែគាត់អាចរាប់អានជាមួយនឹងអង្គរក្សខ្ញុំអ៊ីចឹងទៅ ហើយគាត់អាចកាត់ខោអាវខ្លួនឯង ស្លៀកខ្លួនឯង ប៉ុន្តែបើនៅក្នុងក្របខណ្ឌអង្គភាពកងទ័ពទាំងមូលតែម្តង ដូចអត់មានទេ។ អគ្គក៏គ្មាន បញ្ជីក្នុងក្រសួងការពារជាតិក៏អត់មានទេ អត់សោះតែម្តង»

លោក ហ៊ីង ប៊ុនហៀង បន្តថា៖ «បើវាចោរ គេបាញ់ចោលអ៊ីចឹង ត្រឹមត្រូវហើយ! ហ្នឹងហើយច្បាប់វា! តែអត់មាន អត់មាន! ការពិត វាអត់មាននៅក្នុងបញ្ជី តាំងពីអង្គរក្សដល់អគ្គសេនាធិការក្រសួងការពារជាតិ។ ឥលូវមិនបាច់លាក់ទេ លាក់អីកើត! ឧទាហរណ៍ ឥលូវឈ្មោះ {ក} អត្តលេខប៉ុន្មាន? គឺថាចុចផ្លាច់លើឈ្មោះ {ក} អ៊ីចឹងភ្លាម ដល់ក្រសួងភ្លាម ដល់គណៈរដ្ឋមន្ត្រី ដល់ក្រសួងមុខងារសាធារណៈភ្លាម។ អត់មានលាក់បានទេអូន អត់មានទេ»

តាមរយៈការផ្សាយរបស់គេហទំព័រ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី​១ ខែមីនា បាន​ឱ្យដឹងថា ឧក្រិដ្ឋជន៤នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់ ក្រោយ​​ពួកគេបានធ្វើសកម្មភាពប្លន់គ្រួសារមួយនៅក្នុងបុរីអង្គរភ្នំពេញ ដោយរៀបផែនការជំរិតយកប្រាក់​១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ជាក្រោយ។

ក៏ប៉ុន្តែផែនការនេះ ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះបានជាមុន។

កងរាជអាវុធហត្ថបន្តថា ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង៤នាក់បាន​ប្រើប្រាស់កាំភ្លើងវែង AK មួយ​ដើម និងកាំភ្លើងខ្លីពីរ​ដើម បាញ់ស្រោចមកលើកម្លាំង​សមត្ថកិច្ច ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួនបាញ់តបត​ត្រឡប់ទៅវិញ បណ្តាលឱ្យ​ក្រុមឧក្រិដ្ឋជនទាំង៤នាក់ស្លាប់នៅនឹងកន្លែង។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញមោទកភាពចំពោះជោគជ័យនៃប្រតិបត្តិការមួយនេះ។ លោកបានបន្តថា ក្រោមកិច្ចសហការពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះជាមុន ទើបធ្វើឱ្យប្រតិបត្តិការលើកនេះជោគជ័យ និងរក្សាបាននូវសុវត្ថិភាពរបស់ជនរងគ្រោះដែលរងការចាប់ជំរិតមិនឱ្យរងរបួសនេះ។

លោកបានមានប្រសាសន៍ថា៖ «បានន័យថា ដោយសារមានការសហការពីប្រជាជន ពីជនរងគ្រោះ អាហ្នឹងហើយទើបសមត្ថកិច្ចបានដឹងមុនហ្នឹង ហើយដែលយើងបានត្រៀមរៀបចំដាក់ការពួនស្ទាក់។ ដាក់ការពួនស្ទាក់ហ្នឹងហើយ ទើបសមត្ថកិច្ចយើងសម្រេចបានភារកិច្ចហ្នឹងបាទ។ អាហ្នឹងនិយាយឱ្យខ្លីមក គឺព័ត៌មានទាំងអស់នេះ គឺទទួលបានមុន ដោយសារតែយើងមានកិច្ចសហការពីប្រជាពលរដ្ឋ»។

យ៉ាងណាក្តី គិតត្រឹមរសៀលថ្ងៃទី២ ខែមីនានេះ សពរបស់ឧក្រិដ្ឋជនទាំង៤នាក់ត្រូវបានបូជារួច​ហើយនៅឯឈាបនដ្ឋានវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ