ក្រសួង​​មិន​ទាន់​​ចុះ​បញ្ជី​​បក្ស​​ថ្មី​​របស់​​លោក​ អ៊ូ ច័ន្ទ​រ័ត្ន​ ព្រោះ​​ខ្វះ​​ស្នាម​មេដៃ​​អ្នក​គាំទ្រ

លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​បក្ស​សង្គ្រោះជាតិ។ (ហ្វេសប៊ុក៖ Chanrath Ou – អ៊ូ ច័ន្ទរ័ត្ន Page.)

​ក្រសួងមហាផ្ទៃ​ទទួលយក​សំណើសុំ​ចុះបញ្ជី​គណបក្ស «កែទម្រង់​កម្ពុជា» របស់​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ជា​បណ្តោះអាសន្ន​សិន ប៉ុន្តែ​មិនទាន់​ចុះបញ្ជី​ជា​ផ្លូវការ​នៅឡើយ ដោយ​តម្រូវ​ឱ្យ​អ្នកស្នើ​សុំ​ត្រូវ​រក​ស្នាមមេដៃ​អ្នកគាំទ្រ​ចំនួន៨០នាក់​ភ្ជាប់​មក​ជាមួយ។

កាលពី​ថ្ងៃម្សិលមិញ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង បាន​យកពាក្យ​ស្នើសុំ​ចុះបញ្ជី​ឈ្មោះ​គណបក្ស «កែទម្រង់​កម្ពុជា» ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ។ 

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​ថា ក្រសួងបាន​ទទួលយក​សំណើសុំ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នេះ​ជា​បណ្តោះអាសន្ន​សិន ប៉ុន្តែ​ក្រសួង​មិនទាន់​ចុះបញ្ជី​គណបក្ស​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​បង្គាប់​ឱ្យ​តំណាង​គណបក្ស​នេះប្រមូល​ស្នាមមេដៃ​អ្នកគាំទ្រ​ចំនួន៨០នាក់ ដាក់​ទៅ​ក្រសួង​បន្ថែម​លើ​ពាក្យ​ស្នើ​នេះ ឱ្យ​បាន​មុន​ថ្ងៃទី១៥ ខែមីនា ខាងមុខ។ លោក​ ខៀវ សុភ័គ បាន​ចាត់ទុក​ការ​ធ្វេសប្រហែស​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន នេះ​ថា អាច​ជា​ចេតនា​នយោបាយ​ណាមួយ​ផង។ 

លោក​មានប្រសាសន៍​ដូច្នេះ​ថា៖ «ពូ​លើក​ជា​សំណួរ​ដូចជា​ឆ្ងល់​មែនទែន​! ឬក៏​គាត់​មាន​គោលការណ៍​គាត់​យ៉ាងម៉េច​? ឧទាហរណ៍ យើង​ដាក់ពាក្យ​ប្រឡង​ឌីប្លូម​អ៊ីចឹង​ណា​! ពាក្យសុំ សំបុត្រ​កំ​ណើ​តអីៗអ៊ីចឹង​ណា​! មួយទៀត​ យើង​កុំ​ភ្លេច​ប្រវត្តិរូប​ យើង​ឃើញ​យើង​ភ្លេច​ប្រវត្តិរូប​យើង​ហ្នឹង​ទេ​?»

លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាង​ថា ការបង្កើត​គណបក្ស​ថ្មី​របស់​លោក​នៅពេល​នេះ គឺ​ដោយសារ​តែ​លោកមិន​អាច​អត់ធ្មត់​រង់ចាំ​ការ​រស់​ឡើងវិញ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តទៅទៀត​។

ទាក់ទង​ការ​ខ្វះខាត​ឯកសារ​ស្នាមមេដៃ​អ្នកគាំទ្រ​ចំនួន៨០នាក់ ភ្ជាប់​ជាមួយ​ពាក្យ​ស្នើសុំ​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ពន្យល់​ថា អាច​ជា​កំហុស​ពី​ភាគី​របស់​លោក។ 

លោក​បញ្ជាក់​ថា៖ «ដោយសារ​មានការ​យល់​ច្រឡំ​ថា មេដៃ​នោះអាច​នឹង​ដាក់​ក្នុងរយៈពេល​ពីរ​អាទិត្យ។ ហើយ​ឥលូវនេះ យើង​បាន​ជម្រាប​ទៅ​ក្រសួងមហាផ្ទៃ​ដែរ ហើយ​លោក​អនុញ្ញាត​ថា ធ្វើ​ម៉េច​ដាក់​ស្នាមមេដៃ​ហ្នឹង​ក្នុង​អំឡុង​ពេល​ពីរ​អាទិត្យ​ហ្នឹង ហើយ​លោក​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​ហើយ»។

ទាក់ទង​នឹង​ការរិះគន់​ចំពោះ​ការបង្កើត​គណបក្ស​នយោបាយ​ថ្មី​ ថា​គ្រាន់តែ​ជា​សួន​លម្អ​ប្រជា​ធិប​តយ្យ​នៅ​កម្ពុជា​នោះ លោក អ៊ូ ច័ន្ទ​រ័ត្ន មានប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​យល់ថា យើង​ក៏​មានការ​ព្រួយបារម្ភ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​នៅ​លើ​ជំហរ​ដឹកនាំ​របស់​យើង នៅ​លើ​គោលការណ៍​របស់​គណបក្ស នៅ​លើ​គោលនយោបាយ​ដើម្បី​បម្រើ​ជាតិ​របស់​គណបក្ស​នោះ។ ហើយ​ចំពោះ​ការ​លាប​ពណ៌ ខ្ញុំ​ជឿ​ថា វា​ជា​រឿង​ធម្មតា​ដោយសារ​និន្នាការ​ខុសគ្នា ហើយ​រឿង​ជេរប្រមា​ថ [សើច​] អាហ្នឹង ខ្ញុំ​មិនដឹង​ថាម៉េច​ទេ ប៉ុន្តែ​ថា ជា​រឿង​សីល​ធម៌​របស់​បុគ្គល​ទេ។ តែ​ខ្ញុំ​គ្រាន់តែ​ចង់​ជម្រាប​ថា សំឡេងជេរប្រមា​ថ សំឡេងលាប​ពណ៌​ទាំងនេះ មិនមែន​ជា​សំឡេងតំណាង​ឱ្យ​អ្នកបោះឆ្នោត៩លាន​នាក់​ទេ»។

លោក កន សា​វាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា ខុ​មហ្វ្រែល បាន​ចាត់ទុកថា ការ​ស្នើសុំ​ចុះឈ្មោះ​គណបក្ស​នយោបាយ​ពីសំណាក់​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​សេរីភាព​នយោបាយ​របស់​បុ​គ្គ​លគ្រប់​ៗរូប ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​ទាក់ទាញ​ប្រជាប្រិយ​ភាព​ពី​អ្នកគាំទ្រ។ 

លោក​មានប្រសាសន៍​ដូច្នេះ​ថា៖ «សំខាន់​បំផុតគឺ​ការ​ទាញ​បេះដូង​ប្រជាពលរដ្ឋ​យ៉ាងម៉េច​? ដោយសារ​គាត់​កន្លងមក​ជា​អតីត​តំណាងរាស្ត្រ ឬក៏ជាស​មា​ជិ​កនៃ​អតីត​គណបក្ស​កន្លងមក ហើយ​គណបក្ស​ធ្លាប់​មាន​បញ្ហា​យ៉ាងម៉េច ហើយ​គាត់​ចាកចេញ​យ៉ាងម៉េច​? អាហ្នឹង​ជា​ចំណុច​មួយ​ដែល​គាត់​ត្រូវ​ធ្វើការ​ទាក់ទាញ​បេះដូងឬអ្នកគាំទ្រ​សម្រាប់​គណបក្ស​របស់​គាត់»។

«គណបក្ស​កែទម្រង់​កម្ពុជា​»នេះមាន​រូបសញ្ញា​ព្រះអាទិត្យ​រះ ដែល​តំណាង​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​រូប​ក្បាលដំរី​ពណ៌ស ប្រមោយ​បួង ផ្កាឈូក៣ទង ជា​និមិត្តរូប​នៃ​អតីត​គណបក្ស​សេរីនិយម​ព្រះពុទ្ធ​សាសនា​របស់លោក សឺន សាន និង​អម​ដោយ​បាវចនា «សង្គ្រោះ បម្រើ ការពារ» ដែល​ជា​បាវចនា​ចាស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

រាប់​ចាប់តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧មក មាន​គណបក្ស​នយោបាយ​ចំនួន៤ហើយដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន «គណបក្ស​ឆន្ទៈ​ខ្មែរ» របស់​លោក គង់ ម៉ូ​នី​កា កូនប្រុស​របស់​លោក គង់ គាំ, «គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​» របស់លោក ជីវ កត្តា និង​លោក កង គឹ​មហា​ក់, «គណបក្ស​ខ្មែរ​អភិរក្សនិយម​» របស់លោក រៀល ខេមរិន្ទ្រ និង​ចុងក្រោយ​នេះ គឺ​«គណបក្ស​កែទម្រង់​កម្ពុជា» ​របស់​លោក អ៊ូ ច័ន្ទ​រ័ត្ន នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ