បទ​​យក​​ការណ៍​​​៖​​ អ្នក​​រត់​ម៉ូតូ​​កង់​៣​​ខ្សត់​ភ្ញៀវ​ដឹក​ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ឆ្លង​សហគមន៍​ជា​ថ្មី​

ម៉ូតូកង់បីចតជាជួរនៅពីមុខផ្សារបឹងកេងកង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

លោក សេង សុជាតិ អ្នករត់ម៉ូតូ​កង់បីម្នាក់ ដែលប្រចាំការរង់ចាំដឹកភ្ញៀវបរទេស ដែលភាគច្រើនជាជនជាតិចិនហៅ​ជិះ​តាមកម្មវិធីទូរសព្ទដៃ នៅបរិវេណអគារ​​ពាណិជ្ជកម្មនិងស្នាក់នៅរួមកម្ពស់ជាង៣០ជាន់ ក្នុងខណ្ឌចំការ​មន រាជធានីភ្នំពេញ​។

ទិដ្ឋភាពតាមដងផ្លូវក្រោយអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម The Bridge ក្នុងខណ្ឌចំការមន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

កំពុងអង្គុយកាត់ស្កុតរុំមុខតំណខ្សែភ្លើង ដើម្បីជួសជុលអំពូលស៊ីញ៉ូម៉ូតូកង់បី បុរសវ័យ៣៦ឆ្នាំរូបនេះលើក​ឡើង​​ថា លោកនៅតែត្រូវបន្ត​ទទួលដឹកភ្ញៀវចេញនិងចូលអគារភ្លោះ​នៅទីនោះដដែល បើទោះលោកដឹងថា អគារម្ខាង​ត្រូវបិទទ្វារ ចាប់​ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមាន​អ្នកស្នាក់នៅ​​ឆ្លងជំងឺ​កូវីដ​១៩ ហើយអគារម្ខាង​ទៀតអាចនឹងត្រូវបិទបន្ថែម។

លោក សុជាតិ ប្រាប់មូលហេតុថា៖ «អត់មាន​អី​ហូប មិននៅប្រចាំការ! ប្រសិនមានអីហូបហ្នឹង ចេះតែនៅផ្ទះដូចគាត់ថាហើយ សុទ្ធតែចាំបាច់ហើយ»

ការឆ្លងកូវីដ១៩ ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នករត់កង់បីដូចជាលោក សុជាតិ ជាពិសេសនៅពេលដែលមានករណីឆ្លងក្នុងសហគមន៍ជាថ្មី។ ក្រៅពីហានិភ័យនៃការឆ្លងកូវីដ១៩មានភាពស្រួចស្រាល់ជាងមុន លោក សុជាតិ ក៏ដូចជាអ្នករត់កង់បីដទៃទៀត ក៏កំពុងប្រឈមនឹងបញ្ហាជីវភាពដែរ ដោយសារតែការធ្លាក់ចុះចំនួនភ្ញៀវជិះកង់បីរបស់ពួកគេ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយក​រដ្ឋម​ន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋក្នុងរាជធានីភ្នំពេញ កុំចាកចេញពីផ្ទះបើគ្មានការចាំបាច់ ប​ន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីឆ្លងថ្មី​ក្នុង​សហគមន៍​រាប់​សិប​ករណី​ក្នុង១ថ្ងៃ ហើយ​មានទីតាំងរាប់សិបកន្លែងត្រូវបានដាក់បម្រាមមិនឱ្យមនុស្សចេញចូល។

ដោយឡែក ក្លឹបកម្សាន្ត រោងភាពយន្ត និងមជ្ឈមណ្ឌល​ដែលមានការប្រមូលផ្តុំមនុស្សច្រើន​មួយចំនួន រួមទាំងសាលារៀនទាំងរដ្ឋនិងឯកជន នៅរាជធានីភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបានប្រកាសឱ្យបិទទ្វារ​ជា​បណ្តោះអាសន្ន ដើម្បីបង្ការ​និងទប់ស្កាត់ការរីករាល​ដាលនៃជំងឺ។

លោក សេង សុជាតិ ប្រាប់បន្តថា ចាប់ពីមានការបិទអគារ មជ្ឈមណ្ឌល និងក្លឹបកម្សាន្តជាបន្តបន្ទាប់មក ចំណូលរបស់លោកបានធ្លាក់ចុះពី៦០ទៅ៧០ភាគរយ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសាររបស់​លោកដែលមានកូនតូចក្នុងបន្ទុក និងរស់នៅផ្ទះជួល។

លោក សុជាតិ៖ «ស្ថានភាពគឺអត់មានអីដឹកហ្មង! ស្ងាត់ឈឹង! បិទអស់រលីងហើយហ្នឹងបងឯងមើល៍! អានេះបិទ អានេះឮសូរបិទថ្ងៃហ្នឹង ថាបិទតាំងពីម្សិលមិញ បើបិទអានេះមួយទៀត ចប់ហើយ»។

អ្នកបើកកង់បីមួយរូបទៀត វ័យ៥២ឆ្នាំ លោក សុខ ហាន ដែលប្រចាំការដឹកភ្ញៀវក្បែរអគារ The Bridge ក្បែរអគាររដ្ឋស​ភា ក្នុងសង្កាត់ទន្លេបាសាក់ បាន​និយាយថា ពេញមួយព្រឹកហើយ លោកមិនទាន់មានភ្ញៀវហៅកង់បីជិះនៅឡើយ​។

ដោយពាក់ម៉ាស់មុខប្រភេទ២ជាន់ បុរសមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បន្ថែមថា លោកស្ទើរតែមិនជឿថា ជំងឺកូវីដ១៩ បានឆ្លងក្នុងសហគមន៍ជាថ្មី​ បន្ទាប់ពីលោកទើបតែអាចរកចំណូលបានសមល្មមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងបង់រំល​ស់កម្ចីធនាគារ ក្រោយព្រឹត្តិការណ៍«២៨ វិច្ឆិកា»។

លោក ហាន និយាយថា៖ «កន្លែងសេដ្ឋកិច្ច កន្លែងតំបន់ខ្ញុំរក កន្លែងផ្សារហ្នឹង ឥលូវគេបិទអ៊ីចឹង ធ្វើម៉េចទេ! ចេះតែជំនុំបងប្អូនអ្នករកស៊ីទាំងអស់គ្នា យើងបិទសេដ្ឋកិច្ច យើងអ៊ីចឹងហើយ យើងទៅខាងណាវិញ យើងបានអីហូប យើងមានស្រែឯណា មានតែរកស៊ីតាមដងផ្លូវហ្នឹងហើយ»

អ្នករត់កង់បី​ម្នាក់ទៀតប្រចាំការនៅបរិវេណផ្សារបឹងកេងកង លោក មឿង វិជ្ជៈ ឱ្យដឹងថា លោកចាំបាច់ត្រូវដឹកភ្ញៀវគ្រប់ប្រភេទ មិនថាជនជាតិ​ខ្មែរឬបរទេ​ស ហើយបើទោះជាពួកគេមិនពាក់ម៉ាស់ឬមិនព្រមពាក់ម៉ាស់​ក្តី។

បុរសមានកូន៣នាក់ក្នុងបន្ទុករូបនេះ ប្រាប់បន្ថែមថា លោកក៏បារម្ភបញ្ហាប្រឈមនៃជំងឺកូវីដ១៩ផងដែរ ប៉ុន្តែលោក​គ្មានជម្រើ​ស​នោះទេ ដោយសារត្រូវការលុយ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ​ផ្ទាល់ខ្លួននិងក្រុមគ្រួសារ។

លោក វិជ្ជៈ ប្រាប់ថា៖ «នៅតែដឹក [ភ្ញៀវ] អ៊ីចឹង គ្រាន់តែយើងការពារទាំងអស់គ្នា។ យើងមិន​ដឹកម៉េចកើត បើយើងរកស៊ី បើយើងគិតតែពីអាហ្នឹង [ខ្លាចឆ្លងកូវីដ] វាអាចកាន់តែបាត់ថវិការបស់យើង ទោះបីចង់មិនចង់ក៏ត្រូវតែដឹកដែរ»

កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន​ឱ្យដឹងថា ក្នុ​ងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ក៏មាន​បុរស​ជាអ្នកប្រកបរបររត់​ Pass App ម្នាក់ រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏មានផ្ទុកជំងឺកូវីដ១៩ផងដែរ ហើយ​​បុរសរូបនេះបាន​ធ្វើដំណើរទៅចូលរួមកម្មវិធីឡើងគេហ​ដ្ឋាននៅខេត្តត្បូងឃ្មុំ។

បុគ្គលិកបច្ចេកទេសនៅក្រុមហ៊ុន Li & Fung លោក Jason Zhang ប្រាប់ VOD ថា មុនផ្ទុះព្រឹត្តការណ៍សហគមន៍២០កុម្ភៈ លោកតែងតែធ្វើដំណើរទៅកន្លែងធ្វើការឬទៅទីតាំងផ្សេងៗទៀតតាមរយៈម៉ូតូកង់បី ប៉ុន្តែក្រោយ​ពីផ្ទុះហេតុការណ៍នេះ លោក​បានសម្រេចចិត្តផ្អាក​​ជិះម៉ូតូកង់បី និងផ្អាកធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ​មួយរយៈ។ លោកបន្តថា បច្ចុប្បន្ន លោក​ធ្វើដំណើរតែពីអគារស្នាក់នៅទៅកន្លែងធ្វើការប៉ុណ្ណោះ ដោយ​ស្នើ​​សុំឱ្យ​មិត្ត​ភក្តិរបស់​គាត់ជួយ​ជូនទៅមក។​​

លោក Jason Zhang ប្រាប់ជាភាសាអង់គ្លេសក្នុងខ្លឹមសារថា៖ «ក្រោយផ្ទុះការចម្លងក្នុងសហគមន៍ជាថ្មី យើងត្រូវតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់យើង ដើម្បីរក្សាសុខភាពល្អរបស់យើង។ នេះគឺជាភាពទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង»

អ្នកនាង ណាណា អូន ដែលទើបតែចុះពីលើម៉ូតូកង់បី ឈប់នៅពីមុខផ្សារបឹងកេងកង បានប្រាប់ថា នាងហៅកង់បីនេះជិះពី​ផ្ទះ​នៅតាមបណ្តោយផ្លូវ២៧១ ដើម្បីមកផ្សារទិញអីវ៉ាន់មួយចំនួន។ ស្រ្តីវ័យ២៨ឆ្នាំរូបនេះ ប្រាប់ថា ចាប់ពីផ្ទុះការឆ្លងក្នុងសហគ​មន៍ជា​ថ្មីមក គាត់ហ៊ានចេញក្រៅផ្ទះតែនៅពេលណាចាំបាច់ប៉ុណ្ណោះ។

ដោយមានពាក់ម៉ាស់មុខគ្របពីលើក្តោងច្រមុះចុះដល់ក្រោមចង្ការ ស្រ្តីរូបនេះបន្តថា គាត់ហៅកង់បីជិះតែពេលណាមិនអាចធ្វើដំណើរតាមម៉ូតូនិងបន្ទាន់ប៉ុណ្ណោះ ហើយការជ្រើសរើសកង់បីទៀតសោត គឺគាត់រកអ្នករត់ណាដែលធ្លាប់ដឹក និ​ងត្រូវដាក់ដបអាល់កុលទុកបាញ់សម្លាប់មេរោគតាមខ្លួន​។

អ្នកនាង ណាណា អូន ប្រាប់ថា៖ «យើងអត់ហ៊ានចេញមកក្រៅដែរ ប៉ុន្តែទាល់ វាទាល់ពេកយើងត្រូវតែជិះមក។ បើយើងជិះម៉ូតូ ដូចខ្ញុំហ្នឹង មកយកអីវ៉ាន់ វារាងច្រើន វាដឹកអត់អស់ អ៊ីចឹងទាល់តែរាងប្រថុយខ្លះដែរ»

កំពុង​យក​ថង់ផ្លែឈើ មានចេកនិងប៉ោម ដាក់ព្យួរនៅលើ​ម៉ូតូរាងសំពីងសំពោងបន្តិច នៅមុខច្រកចេញចូលផ្សារ​បឹងកេងកេង អ្នកនាង ប៊ុន សុខា និយាយថា ចាប់ពីកើតមានជំងឺកូវីដ១៩មក គាត់បានប្តូរពីការធ្វើដំណើរតាមម៉ូតូកង់បី មកប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួនវិញ។

ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ បញ្ជាក់ថា ការប្តូរមកប្រើយានជំនិះផ្ទាល់ខ្លួន​ គឺមិនមែនគាត់បារម្ភខ្លាចឆ្លងជំងឺនោះទេ ប៉ុន្តែដោយសារគាត់ត្រូវកា​ត់បន្ថយចំណាយ ខណៈចំណូលធ្លាក់ចុះ ដោ​​យសារបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឱ្យមនុស្សម្នានៅ​តាមដងផ្លូវនិងទីផ្សារមានការធ្លាក់ចុះខ្លាំង។

អ្នកនាង ប៊ុន សុខា ប្រាប់ថា៖ «ពួកគាត់អត់មានបញ្ហាអីទេ យើងខ្លាចតែចោរឆក់ ឬចោរតាមផ្លូវទេ។ យើងកាន់ទូរសព្ទមិនស្រួលៗ វាឆក់យើងហើយ ព្រោះអីនេះគឺសម័យកូវីដ»

នាយកប្រតិបត្តិក្រុមហ៊ុន PassApp Technologies លោក តុប និមល ប្រាប់ VOD ឱ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ថាចំនួនអ្នកដំ​ណើរកក់កង់បីជិះតាមកម្មវិធីក្រុមហ៊ុនរបស់លោក ក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ពី៤០ទៅ៤៥ភាគរយ ចាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកថា កម្រិតនៃផលប៉ះពាល់គឺប្រហាក់ប្រហែលនឹងអំឡុងផ្ទុះព្រឹត្តិការណ៍សហគម​ន៍ឆ្នាំមុន ប៉ុន្តែការឆ្លងរីករាល​ដាលគឺមានអត្រាលឿនរហ័សនិងខ្ពស់ជាង ដែលលោកថា អាចនឹងពិបាកបិទបញ្ចប់ក្នុងរយៈពេលខ្លី។

លោក តុប និមល និយាយថា៖ «ប្រសិនបើវាបន្តរីករាលដាលរឹតតែយូរ ហើយកាន់តែធំ ហើយបើក្នុងករណីវាឆ្លងដល់បណ្តាខេត្តផ្សេ​ងៗទៀត អាហ្នឹងវាពិបាកក្នុងការដែលទប់ស្កាត់ហើយ អ៊ីចឹងវាប៉ះពាល់យូរ​ ហើយប៉ះពាល់ធំ»

លោកបន្ថែមថា ប្រសិនបើស្ថានការណ៍មិនឆាប់វិលត្រឡប់ទៅរកភាពល្អប្រសើរក្នុងរយៈពេលខ្លីទេនោះ អ្នករត់កង់បីមួយចំនួននឹងបង្ខំចិត្តត្រឡប់ទៅស្រុកកំណើតវិញ ដោយសារពួកគេមិនអាចរកប្រាក់សម្រាប់បង់ថ្លៃឈ្នួលផ្ទះបាន។

ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លើកឡើងថា ការវិលត្រឡប់នៃព្រឹត្តិការណ៍ស​ហ​គមន៍២០កុម្ភៈ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋដែលប្រកបរបរតូចតាចតាមដងផ្លូវ ពិសេស​​អ្នកនៅក្បែរទីតាំងកើតជំងឺដែ​លអាជ្ញាធរបានបិទទ្វារ។

លោកថា​ បញ្ហានេះគឺជាទំនួលខុសត្រូវរបស់អាជ្ញាធររដ្ឋាភិ​បាលដែលមិនបានរឹតបន្ដឹងជនបរទេសដែលចូលមកប្រទេសកម្ពុជា និងវិធានការធ្វើចត្តាឡីស័ករបស់ពួកគេទាំងនោះឱ្យបានម៉ឺងម៉ាត់ ដែលបណ្តាលឱ្យផលវិបាកធ្លាក់មកលើពលរដ្ឋក្រីក្រនិងសង្គមជាតិ។

លោក វន់ ពៅ មានប្រសាសន៍ថា៖ «រដ្ឋគួរតែត្រៀមកញ្ចប់ថវិកាណាមួយសម្រាប់នៅពេលដែលមានហានិភ័យកើតឡើង ជួយទៅដល់អ្នកក្រីក្រ អ្នកដែលក្រៅប្រព័ន្ធ កំពុងតែបាត់បង់មុខរបរ បាត់ប្រាក់ចំណូល។ គួរតែមានកញ្ចប់ថវិកាសម្រាប់អាហារហូបចុកប្រចាំថ្ងៃផង កុំទុកគាត់ចោលអី»

សន្តិសុខត្រួតពិនិត្យកញ្ចប់បញ្ញើផ្ញើអ្នកស្នាក់នៅក្នុងអគារពាណិជ្ជកម្មនិងលំនៅដា្ឋនរួមមួយកន្លែងក្នុងខណ្ឌចំការមន ដែលអាជ្ញាធរបិទទ្វារបណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងអគារ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ត្រឡប់មកអ្នករត់ម៉ូតូកង់បីនៅម្តុំអគារភ្លោះក្នុងខណ្ឌចំការមនវិញ លោក សេង សុជាតិ លើកឡើងថា បើស្ថានភាពរីករាលដាលនៃជំងឺមិនវិលត្រឡប់ទៅរកភាពល្អប្រសើរឆាប់រហ័សទេ លោកនឹងបោះបង់មុខរបរដឹកភ្ញៀវ ហើយនាំក្រុមគ្រួសារត្រឡប់ទៅស្រុកកំណើតវិញ។

លោកថា​៖ «ខ្ញុំគិតថាប្រហែលជាទៅនៅស្រុកគ្រប់គ្នាហើយយ៉ាង ប្រសិនបើនៅបន្តអ៊ីចឹង២[ទៅ]៣ខែទៀត មិនទាន់ដំណើរការដូចដើម។ ព្រោះមានអីរកទៀត បើបិទគ្រប់ច្រកអស់ហើយ អគារ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ