វិភាគ៖ ព្រឹត្តិ​​ការណ៍​២០​កុម្ភៈ​​បន្ថែម​​បញ្ហា​​លើ​​សេដ្ឋកិច្ច​១​កម្រិត​​ទៀត​​

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ក្រសួងសុខាភិបាល​បាន​ចាត់ទុក​ព្រឹត្តិ​ការណ៍​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍«២០កុម្ភៈ​»ជា​ព្រឹត្តិ​ការណ៍​ដែ​លប្រ​ឈម​ធ្ងន់ធ្ងរ​ ដោយសារ​ចំនួន​អ្នក​ឆ្លង​មាន​ច្រើន និងមេរោគ​បាន​វិវត្ត​មួយ​កម្រិត​ទៀត​ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់​ជាង​មុន។

ក្រោយ​ព្រឹត្តិ​ការណ៍​នេះ រដ្ឋាភិបាល​បានសម្រេច​បិទ​ទីតាំង​មួយចំនួន​ជាបន្តបន្ទាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួន។ ជាមួយគ្នា​នេះ ​ពិធី​មង្គលការនិងការ​កម្សាន្តផ្សេងទៀត​ខ្លះ​ត្រូវ​បិទ និង​ខ្លះ​ត្រូវ​រឹត​បន្តឹង។ 

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​សហការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ ដោយ​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល ដោយ​លោក​ចាត់ទុកថា នេះ​ជាហេតុ​ការណ៍​អាក្រក់​សម្រាប់​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណ​ឌីន លើកឡើង​ថា​ ស្ថានភាព​ពេលនេះ​គ្រោះថ្នាក់​ ដោយសារតែ​ការ​ឆ្លង​មាន​ចំនួន​ច្រើន និង​មេរោគ​មានការ​វិវត្ត​​ថ្មី

លោកស្រី ឱ វណ្ណ​ឌីន៖ «ខ្ញុំ​ទើប​ជម្រាប​ជូន​ថា វីរុស​នេះអត់​ដឹង​នៅកន្លែង​ណា​ទេ ហើយ​ឥលូវ​ទើប​មាន​អា​បំប្លែង​ថ្មីទៀត​ហើយ។ អ៊ីចឹ​ងយើង​មិនដឹង​លទ្ធភាព​នៃ​ការ​ចម្លង​ហ្នឹង​មាន​លក្ខណៈ​ធំធេង​បែប​ណា។ ឥលូវនេះ​ស្ថានភាព​មិនជា​ល្អ​សម្រាប់​យើង​ទេ ខ្ញុំ​សូម​គោរព​អនុញ្ញាត​ជម្រាប​ជូន ស្ថានភាព​ជា​ការ​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​មួយ​ដ៏​លំបាក​ហើយ​មាន​ភាព​សាំ​ញ៉ាំ»។

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា មិន​មាន​គម្រោង​រឹត​បន្តឹង​ទេ ​បើ​មានការ​សហការ​ទប់ស្កាត់​ការ​ឆ្លង ប៉ុន្តែ​លោក​បញ្ជាក់​ថា បើមិន​មានការ​សហការ​ពីសា​ធារ​ណជន​នោះ​ទេ លោក​នឹង​អនុវត្តការ​រឹត​បន្តឹង។

លោក ហ៊ុន សែន៖ «បើសិនជា​មិន​អាច​ធ្វើ​បានទេ ខ្ញុំ​នៅសល់​ជម្រើស​សេសសល់​ណាមួយ ត្រូវ​រឹង​បន្តឹង​បន្ថែម​ ដូចជា​ ការ​ហាមឃាត់​មិន​ឱ្យ​មានការ​ជួបជុំ រៀបការ​កូនចៅ ដូចដែល​បាន​ធ្វើ​ក្នុងរយៈពេល​មុន»។

ទីតាំង​មួយ​កន្លែង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​របារ​ឃាំង​មិន​ឱ្យ​មានការ​ធ្វើដំណើរ​ក្រោយ​មានការ​ផ្ទុះឡើង​នូវ​ព្រឹត្តិ​ការណ៍២០កុម្ភៈ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

កាលពី​ឆ្នាំ២០២០ ក្រៅពី​ការ​បិទ​កន្លែង​កម្សាន្តនិង​អាជីវកម្ម​មួយចំនួន​ទៀត​នោះ ក៏​មានការ​បិទ​ការ​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី​ខេត្ត​នៅក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​ផង​ដែរ។ ក្រោយពី​ប្រកាស​ពី​ថ្នាក់ដឹកនាំ​អំពី​ព្រឹត្តិ​ការណ៍​ឆ្លង​រាលដាល​សហគមន៍២០កុម្ភៈ​នោះ ទីតាំង​កម្សាន្តមួយចំនួនហាក់​ស្ងប់ស្ងាត់​ជាង​មុន ទន្ទឹម​នឹង​នេះ អ្នកលក់​ដូរនិង​អ្នក​ផ្តល់​សេ​វា​ផ្សេង​ៗក៏​បង្ហាញ​ក្តី​បារម្ភ​ពី​បញ្ហា​ជីវភាព។

អ្នកលក់​ដូរ​ឬម្ចាស់​អាជីវកម្ម​ខ្លះ​បាន​ត្អូញត្អែរ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក អ្នកខ្លះ​បាន​បង្ហាញ​ពី​ការ​ខឹង​សម្បារ​ចំពោះ​សន្តិសុខ​សណ្ឋាគារ២នាក់​ដែល​បាន​អនុញ្ញាត​ជនជាតិ​ចិន​ដែល​សង្ស័យ​មាន​មេរោគ​កូ​វីដ១៩ ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ នាំ​ឱ្យ​មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដនៅក្នុង​សហគមន៍​ ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​សុំ​ការយោគយល់​ពី​ម្ចាស់​អាជីវកម្ម ដែល​ត្រូវ​បិទ​ទាំងស្រុងនិង​ដោយ​ផ្នែក​ ដោយលោក​ថា មិន​មាន​ជម្រើស​អ្វី​ល្អ​ជាង​នេះក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នោះ​ទេ។

របាយការណ៍​ធនាគារពិភពលោក​បង្ហាញថា នៅ​ឆ្នាំ២០២០ សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់​ចំណុច​ក្រោមសូន្យ​ គឺ​ដក២ភាគរយ។

របាយការណ៍​នេះ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​នឹង​កើនឡើង៤ភាគរយ​នៅ​ឆ្នាំ២០២១ ប្រសិនបើ​ស្ថានភាព​ធូរស្រាល​ពី​មេរោគ​កូ​វីដ១៩ ប៉ុន្តែ​ក្នុង​កុម្ភៈ​នេះ ​បែរជា​មានការ​ផ្ទុះ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​ជាថ្មី​ម្តង​ទៀត​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ពេល​មុន​ៗ។

នៅក្នុង​ឆ្នាំ២០២០ រដ្ឋាភិបាល​ត្រូវ​ទទួលបន្ទុក​ផ្គត់ផ្គង់​លើ​បុគ្គលិកឬកម្មករដែល​បាត់បង់​ការងារ រួម​ទាំង​កម្មករ​រោងចក្រ អ្នកធ្វើការ​ងារ​លើ​វិស័យ​ទេសចរណ៍ ​ជាដើម។ ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ស្រាប់​ ក៏​ត្រូវ​ឧត្ថ​ម្ភ​ពី​រដ្ឋាភិបាល​បន្ថែម​ដែរ​ ដោយសារតែ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩នេះ។

ចំពោះ​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​រាប់​សែន​នាក់​ ក៏​វិលត្រឡប់​មក​ប្រទេសកំណើត​វិញ​ដោយសារតែ​មិន​មានការ​ងារ​ធ្វើ​នៅ​ទីនោះ ហើយ​ពួក​គេ​មក​ស្រុកខ្មែរ​វិញ​មិន​មានការ​ងារធ្វើ​ជាក់លាក់ ​ដើម្បី​បាន​ចំណូល​ចិញ្ចឹមជីវិតនិង​បង់​សង​ធនាគារ​នោះ​ទេ។

កាលពី​ខែកក្កដា ​ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​ពី​មោទកភាព​ដែល​កម្ពុជា​អាច​ពង្រឹង​វិស័យ​កសិកម្ម​ក្នុងការដើរ​តួ​យ៉ាងសំខាន់​ជួយ​សេដ្ឋកិច្ច​អំឡុង​ពេល​កូ​វីដ១៩ អាច​ដោះស្រាយ​បញ្ហា​ពល​ដ្ឋ​មិន​មានការ​ងារ​ធ្វើ។

លោក ហ៊ុន សែន៖ «ប្រទេស​ផលិត​ស្បៀង​ជា​ប្រទេស​ត្រូវប៉ាន់ គឺ​ឱកាស​វា​បាន​មកដល់។ យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នេះ​ឱ្យទៅ​ជា​ឱកាស​សម្រាប់​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​នូវ​ប្រភេទ​ស្បៀង​ទាំងឡាយ មិនមែន​តែ​អង្ករ​ទេ។ យើង​នាំចេញ​ទាំង​ម្សៅមី ទាំង​ដំឡូងមី យើង​នាំចេញ​ទាំង​ស្វាយ នាំចេញ​ទាំង​ចេក នាំចេញ​ទាំង​អ្វី​ៗដែល​ជា​ប្រភេទ​ស្បៀង»។

ទោះ​យ៉ាងណា ​គម្រោង​នានា​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម រួម​ទាំង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​អធិរាជ​ត្រី​អណ្តែង ដែល​លោក​ថា​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​នោះ ក៏​មិនបាន​ឃើញ​លទ្ធផល​លេចធ្លោ​ដែរ។

ការ​ប្រឈម​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ ក៏​ត្រូវ​រង​សម្ពាធ​ថែម​មួយ​កម្រិត​ទៀត​នៅក្នុង​ឆ្នាំ២០២០ ដែល​សហភាព​អឺរ៉ុប​សម្រេច​ដក «​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​» ចំនួន២០ភាគរយ ដោយសារតែ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង​ធ្វើ​ឱ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដើរថយក្រោយ​វិញ។

ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ និង ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ ហាក់ដូចជា ជញ្ជីង​ដាក់​ថ្លឹង​ដែល​ត្រូវការ​លំនឹង​មួយ​ស្មើគ្នា។ បើ​រឹតត្បិត​គ្រប់​វិស័យ​ដើម្បី​ធានា​ដល់​ការទប់ស្កាត់​មេរោគ​កូ​វីដ១៩ ឱ្យបាន១០០ភាគរយ​នោះ បញ្ហា​សេដ្ឋកិច្ច​នឹង​ផ្ទុះឡើង​ ជា​ពិសេស​អ្នក​ដែល​រកចំណូល​បាន​តិចតួច ​ដែល​ហៅថា រក​មួយថ្ងៃ​រស់​មួយថ្ងៃ ហើយ​បញ្ហា​បង់​សងបំណុល​ក៏​ចោទឡើង​ជាថ្មី​ទៀត​ដែរ។

ប៉ុន្តែ​បើ​បើកទូលាយ​ មិនបាន​ថ្លឹងថ្លែង​ពី​បញ្ហា​មេរោគ​កូ​វីដ១៩ នោះ​បញ្ហា​វិបត្តិ​សុខភាព​នឹង​កើតឡើង​ធំ ដោយ​មិន​អាច​មាន​គ្រូពេទ្យឬថ្នាំ​គ្រប់គ្រាន់​សម្រាប់​ការ​ព្យាបាល។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​សារ​ជាបន្តបន្ទាប់​ ដោយ​ដោះស្រាយ​ទាំង​បញ្ហា​សេដ្ឋកិច្ច និង​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។ លោក​ណែនាំ​ឱ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ​ឡើងវិញចំពោះ​វិធានការ​បិទ​ព្រំដែន​ក្រោយ​ព្រឹត្តិ​ការណ៍២០កុម្ភៈ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច។

លោក ហ៊ុន សែន៖ «កូ​វីដ​វា​បាន​បំផ្លាញ​យើង​ហើយ មិន​អាច​ឱ្យ​មានការ​បំផ្លាញ​សេដ្ឋកិច្ច​បន្ថែម​ទៀត​ទេ។ ខ្ញុំ​ស្នើសុំ​ឱ្យ​សម្តេច​ក្រឡាហោម បញ្ជាក់​ឱ្យ​ខ្ញុំ តើ​អគ្គ​នាយ​កដ្ឋា​នអន្តោប្រវេសន៍​បាន​ចេញ​បញ្ជា​បែបនេះទៅកាន់​កន្លែងណា​ខ្លះ សូម​ឱ្យ​ដកថយ​នូវ​បទបញ្ជា​នោះ​វិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ